adverise with khmeread 82758535 e987 45fb 92d6 76c752bddc13

ដកហូត​ណែម​និង​ត្រី​ប្រហិត​គ្មាន​គុណភាព​នៅ​បាត់ដំបង​

    បាត់ដំបង ៖ កម្លាំង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ណែម​សាច់​ត្រី ដែល​ក្រុម អាជីវករ​បានដាក់​លក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​រង្វង់​មូល​ព្រាប​សន្តិភាព ក្រុង​បាត់ដំបង ដល់​ចំណុច ឃុំ​អន្លូង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​ក្រោយពី​ក្រុម​ជំនាញ​ខាងលើនេះ​ត្រួតពិនិត្យ​រួចហើយ ឃើញថា​ណែម​ទាំងនេះ​មាន​សារធាតុ​ដែល​ហាមឃាត់​គឺ​បូរ៉ា​ក់​។​

    លោក​ ហាក់ សុខ​វិ​ន​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ បាន​និយាយ​នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ណែម​ដែល​ត្រូវបាន​ដាក់តាំង​លក់​យ៉ាងច្រើន​ស្កេះ​ស្កះ បន្តកន្ទុយ​គ្នា​នេះ ភាគច្រើន​អ្នកធ្វើដំណើរ ឬក៏​ភ្លៀវ​ទេសចរណ៍ ចូល​ទិញ​ដើម្បី​ទុក​បរិភោគ ហើយ​ក្រុមអាជីវករ​ទាំងអស់ ដែលជា​អ្នកលក់​នេះ មិនមែន​ពួកគាត់​ជា​អ្នក​ធ្វើខ្លួន​នោះទេ គឺ​នាំចូល​ពី​ថៅកែ​ធំៗ​ដែលជា​ផលិត​។​

    លោក​បន្តថា នៅពេលដែល​ញ៉ាំ​អ្វីមួយ ដែលមាន​សារធាតុ​បូរ៉ា​ក់​នេះ​នឹង​បង្កឱ្យ​ទៅជា​មាន​ជំងឺ ហើយ​អាច​បណ្តាល​ឱ្យស្លាប់​ផងដែរ​។​ ក្នុង​បេសកកម្ម​ចុះ​ដកហូត​ណែម​ដែលមាន​សារធាតុ​ហាមឃាត់​នេះ បានធ្វើ​ឡើង​ពេញ​មួយថ្ងៃ​តែម្តង​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​។​ ក្រោយពី​ប្រតិបត្តិ​ការចុះ​ដកហូត​ណែម​របស់​ក្រុមអាជីវករ​រួចមក មន្ត្រី​ជំនាញ​ក៏បាន​បន្តដំណើរ​ទៅ​កន្លែង ដែលជា​អ្នក​ផលិត​ធំ​តែម្តង​។​

    មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា ពេលមកដល់​កន្លែង​ផលិត​ហើយ ក៏បាន​ពិនិត្យឃើញ នៅក្នុង​ប្រហិត​ត្រី ដែល​ត្រូវ​យកមក​ផលិត​ជា​ណែម​នោះ មាន​ជាតិ​បូរ៉ា​ក់ ដូច្នេះ​សមត្ថកិច្ច​ក៏បាន​ដកហូត​យកទៅ​កម្ទេចចោល។

    មន្ត្រី​បន្តថា សិប្បកម្ម​ដែល​ផលិត​ណែម​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ គឺ​ពួកគេ​ចេះតែ​លួច​ធ្វើ​តៗ​គ្នា​។ ក្រោយ​បញ្ចប់​ពិនិត្យ​សិប្បកម្ម​ផលិត​ណែម​ហើយ ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​កន្លែង​យឿ​ត្រី នៅ​ឃុំ​ក្តូ​ល​កូន​ទាវ ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​កន្លែង​ផលិត​ប្រហិត​ត្រី ហើយក៏​ពិនិត្យឃើញ​មាន​ជាតិ​បូរ៉ា​ក់ នៅក្នុង​ប្រហិត​ត្រី​ជាង​១​ពាន់​គីឡូក្រាម ហើយក៏​ត្រូវ​រឹបអូស​យកមក​តម្កល់​ទុក​នៅ អធិការដ្ឋាន​នគរបាល ស្រុក​សង្កែ ដើម្បី​ដុតចោល​នាពេលខាងមុខ និង​ម្ចាស់​សិប្បកម្ម​ផលិត​ណែម ដែលមាន​ជាតិ​បូរ៉ា​ក់ ក៏បាន​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ​។​

    ក្រុមមន្ត្រី​ជំនាញ​កាំកុងត្រូល​ខាងលើ បាន​អះអាង​ទៀតថា ដោយមាន​ការណែនាំ​ពី​អគ្គនាយក​កាំកុងត្រូល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ នឹង​បន្ត​ចុះ​ត្រូតពិនិត្យ​កន្លែង ផលិត​ណែម ដែល​ដាក់​សារធាតុ​ហាមឃាត់ ដើម្បី​ធ្វើយ៉ាងណា ជួយ​លើកកម្ពស់​សុខភាព របស់​ប្រជាពលរដ្ឋ​ឱ្យ​ជៀស​ឆ្ងាយ ពី​ជំងឺ​តម្កាត់ ផ្សេងៗ ដែល​បង្កឡើង​ពី​ការហូប​ណែម​ដែលមាន​ជាតិ​ហាមឃាត់​៕

adverise with khmeread

មតិយោបល់