adverise with khmeread 13867091 267219200325867 1750659051 n

ភាគី​សហជីព​រំពឹងថា​សម្រាប់​ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​ក្នុងឆ្នាំ​២០១៧​ អាច​ឡើង​ប្រហែល​ឆ្នាំ​២០១៦

    ភ្នំពេញ ៖ តំណាង​ភាគី​កម្មករ​រោងចក្រ​កាត់ដេរ​និង​ស្បែកជើង​បាន​រំពឹងថា ឆ្នាំ​២០១៧​ ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ​និង​ស្បែកជើង អាច​នឹង​ដំឡើង​ប្រហាក់ប្រហែល​ឆ្នាំ​២០១៦​នេះ​។​

    លោក​ ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ (CCTU) ​និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ​(LAC)​ តំណាងឱ្យ​ភាគី​កម្មករ​បានឱ្យដឹង​នា​ថ្ងៃទី​៣០ ​កក្កដា​នេះ​ថា​ «​ប្រាក់ខែ​គោល​របស់​កម្មករ​អាច​ដំឡើង​ប្រហាក់ប្រហែល​ឆ្នាំ​២០១៦​នេះ​» ទោះបី​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ត្រូវ​ដំឡើង​ក៏ដោយ តែ​គេ​បានដឹងថា​នៅ​ឆ្នាំ​២០១៦​នេះ ​ប្រាក់ខែ​អប្បបរមា​កម្មករ​ត្រូវបាន​ដំឡើង​១២​ដុល្លារ​។​

    លោក ​ជួន មុំ​ថុល​ បន្តថា ភាគី​សហជីព​នឹង​ចាប់ផ្តើម​ប្រជុំ​ចាប់ពីពេលនេះ​រហូតដល់​ខែសីហា ដើម្បី​សិក្សា​រក​ចំណុច​រួមមួយ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​និយោជក។ កិច្ចប្រជុំ​នេះ​មិន​ខុសពី​ឆ្នាំមុនៗ​នោះទេ ដំបូង​គឺ​ពិភាក្សា​ស្រាវជ្រាវ​រក​តួលេខ របៀប​គុណ​លេខ សិក្សា​ពី​អតិផរណា ស្ថានភាព​សង្គម ហើយ​យក​តួលេខ​មួយ​សម្រាប់​ដាក់​លើ​តុ​ចរចា។ សម្រាប់​ការដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឆ្នាំ​២០១៥​ ពី​១៣៨​ដុល្លារ​ទៅ​១៤០​ដុល្លារ ​នៅ​ឆ្នាំ​២០១៦ (​ឡើង​១២​ដុល្លារ​)​។ ដូច្នេះ​ឆ្នាំ​២០១៧​ លោក​រំពឹងថា អាច​ឡើង​ប្រហាក់ប្រហែល​ឆ្នាំទៅ។​

    លោក​ ជួន មុំ​ថុល បន្តថា ឆ្នាំនេះ​បើ​លោក​ពិនិត្យមើល​លើ​អតិផរណា​មាន​ត្រឹម​ ២.៥​ភាគរយ​ ដែល​កាលពី​ឆ្នាំ២០១៥ ​អតិផរណា​ឡើងដល់​៣.៥​ភាគរយ។ ហេតុនេះ​ការពិភាក្សា​អាច​នឹង​រលូន​ជាង​ឆ្នាំមុនៗ។​

    ចំណែក​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​ក​ម្ពុជា​ (CLC) ​បាន​និយាយ​នា​ព្រឹក​ថ្ងៃទី​៣០ ​កក្កដា​នេះដែរ​ថា CLC​ នៅពេលនេះ​មិនទាន់បាន​ពិភាក្សា​កំណត់​ចំនួន​ប្រាក់ខែ​គោល​ត្រូវ​ធ្វើសំណើ​ឡើង​សម្រាប់​ដាក់ជូន ​LAC ​នៅឡើយ។ នៅ​ល្ងាច​នេះ​លោក​នឹងចូលរួម​ប្រជុំពិភាក្សា​រឿងនេះ។ ប្រសិន​លទ្ធផល​មិនអាច​សម្រេច​យ៉ាងណា​លោក​នឹង​យក​តួលេខ​ចាស់ ១៨០​ដុល្លារ​ ក្នុង​មួយខែ​ទៅ​ពិ​ភា​ក្ស​នៅ​ LAC។​

    ក្រសួង​ការងារ កាលពី​រសៀល​ថ្ងៃទី​២៧ ​កក្កដា ​២០១៦ ​បាន​បើក​កិច្ចប្រជុំ ​LAC​ ក្រោម​អធិបតី​លោក ​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ដោយមាន​សមាសភាព​ម​ក​ពី​៣​ភាគីចូលរួម។​ ​កិច្ច​ពិភាក្សាបាន​លើកយក​នីតិវិធី​នៃ​ការពិភាក្សា​ប្រាក់​ឈ្នួល​កម្មករ​អាណត្តិ​ទី​៨​លើក​ទី​១៤​ ដោយបាន​សម្រេច​៤​ចំណុច។​

    ទី​១-​ទទួល​ដឹង​ឮជា​ផ្លូវការ​អំពី​ការចាប់ផ្តើម​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៧, ទី​២-​បង្កើត​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ដែលមាន​សមាសភាព​១៦​រូប​មកពី​ភាគី​នីមួយៗ​ ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អបប​បរមា, ទី​៣-​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម ស្ថានភាព​គ្រួសារ កម្រិត​ចំណេញ អតិផរណា​...​ធ្វើជា​មូលដ្ឋាន ហើយ​លើកសំណើ​ដាក់ជូន ​LAC ​ពិនិត្យ​សម្រេច និង​ទី​៤-​ប្រើប្រាស់​ប្រក្រតីទិន​ការងារ​ដែល​បានកំណត់​នាពេល​កន្លងមក។​

    គួររំលឹកថា នៅ​ឆ្នាំ​២០១៦​កន្លងទៅ ភាគី​សហជីព​បានធ្វើ​សំណើ​ដល់​ទៅ​១៨០​ដុល្លារ​ដើម្បីឱ្យ ​LAC​ ពិនិត្យ​និង​សម្រេច។ នៅ​ទីបំផុត​LAC​ បានសម្រេច​ដំឡើង​ពី​១៣៨​ដុល្លារ​ទៅ​១៤០​ដុល្លារ​ប៉ុណ្ណោះ។ ប្រសិន​ឆ្នាំ​២០១៧ ប្រាក់ខែ​គោល​ដំឡើង​បាន​១២​ដុល្លារ​ថែមទៀត កម្មករ​អាច​ទទួលបាន ១៥២​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៨​បើ​ដំឡើង​១២​ដុល្លារ​បន្ថែមទៀត​ប្រាក់​គោល​ឡើងដល់​១៦៤​ដុល្លារ  លើសពី​ការកំណត់​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថា នៅ​ឆ្នាំ​២០១៨​ប្រាក់ខែ​គោល​កម្មករ​កំណត់​ត្រឹម​១៦០​ដុល្លារ និង​មន្ត្រីរាជការ​ដំឡើង​ដល់​មួយ​លាន​រៀល​ក្នុង​មួយខែ៕
 

adverise with khmeread

មតិយោបល់