adverise with khmeread F80aa53e 6b04 46fc 9510 cc2c6ed6114f

រដ្ឋមន្ត្រី​ការងារ អំពាវនាវ​ដល់​សហជីព​កម្មករ​និយោជក​សូម​ធ្វើ​សុខដុម​និ​យ​កម្ម​ជាមួយគ្នា ដើម្បី​ផលប្រយោជន៍​ជាតិ​

    ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​អំពាវនាវ​ដល់​សហជីព​កម្មករ និយោជក​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមគ្នា​ធ្វើ​សុខដុម​និ​យក​ម្ម ទាំង​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ និង​គោលនយោបាយ​ការងារ ព្រោះ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មាន​គោលបំណង​តែមួយគត់​គឺ​គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​កម្មករ​និង​ផលប្រយោជន៍​ជាតិ។

    លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បាន​អំពាវនាវ​បែបនេះ​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​ទំនាក់ទំនង​វិជ្ជាជីវៈ និង​គោលនយោបាយ​ការងារ ដែល​បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​៣០ ​កក្កដា ឆ្នាំ​២០១៦​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (​ភ្នំពេញ​)​ ក្រោម​ការរៀបចំ​ឡើង​ដោយ​មូលនិធិ​ពលករ​អន្តរជាតិ (JILAF) ​របស់​ប្រទេស​ជប៉ុន និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​៦០​នាក់ ព្រមទាំង​តំណាង ​JILAF ​និង ​ITUC ​មកពី​ប្រទេស​ជប៉ុន។​

    លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា កម្ពុជា​ចង់ឱ្យមាន​សិទ្ធិសេរីភាព​សហជីព ប៉ុន្តែ​ការប្រើប្រាស់​សិទ្ធិសេរីភាព ត្រូវតែមាន​ការតម្រង់​ទិស ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល បង្កើតឱ្យមាន​ច្បាប់​ស្តីពី​សហជីព​ឡើង។ ក្រោយ​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​នេះ មាន​ការមិន​ពេញចិត្ត​ខ្លះ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ហើយ​លោក​នឹង​ការ​មាន​ពិភាក្សា​ថែមទៀត និង​រៀបចំ​នូវ​បទ​ប​ញ្ញ​តិ ដើម្បី​អនុវត្ត​ច្បាប់ឱ្យ​កាន់តែ​ប្រសើរ ហើយ​លោក​សង្ឃឹមថា នៅពេលដែល​គ្រប់ភាគី​ជាប់​ពាក់ព័ន្ធ​ទទួលយក នូវ​ច្បាប់​សហជីព​នេះ ភាព​សុខដុម​រម​នីយកម្ម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ នឹង​កាន់​តែមាន​ភាពប្រសើរឡើង​។​

    លោក​បាន​បញ្ជាក់ថា ដើម្បី​ធានា​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាការ​ណែនាំ​ដល់​មន្ត្រី នៃ​អង្គភាព​ទទួលបន្ទុក​ចុះបញ្ជី​ទាំងអស់ ក្រសួង​បានចេញ​ប្រកាស​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​នេះ ដោយ​ផ្តោត​សំខាន់​លើ​នីតិវិធី និង​ចំណាត់ការ​ចុះបញ្ជី​សហជីព និង​សមាគម​និយោជក ដែល​មន្ត្រី​នៃ​អង្គភាព​ទទួលបន្ទុក​ចុះបញ្ជី​ចាំបាច់​ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់ ដើម្បី​អនុវត្ត​តួនាទី​ភារៈកិច្ច ក្នុងការ​ចុះបញ្ជី​សហជីព និង​សមាគម​ឱ្យមាន​ភាពច្បាស់លាស់ និង​ល្អប្រសើរ​ជាង​មុន​។​

    សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ​ក្រសួង​ការងារ​បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​៣៥៩៨ ដែល​ក្នុងនោះ សហជីព​មូលដ្ឋានចំនួន​២៤៦៩​សហជីព​,​ សហព័ន្ធ​សហជីព​ចំនួន​១០៣​សហជីព​,​ សហភាព​សហជីព​ចំនួន​១៨ ​និង​សមាគម​និយោជក​ចំនួន​៨​សមាគម។

    លោក ​ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ​(CCTU)​ ដែលជា​ប្រធាន​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​កម្ពុជា​(ITUC-CC) ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៦​នេះ​ បាន​និយាយថា "​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​គោលនយោបាយ​ការងារ ជាពិសេស​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ដែ​ល​ចាប់ផ្តើម​ពិភាក្សា​នាពេលនេះ គឺ​យើង​យក​បទពិសោធន៍​មកពី​ប្រទេស​ជប៉ុន​មក​អនុវត្ត​។ ដូចនេះ ចំណុច​ណា​ដែល​ល្អ​យើង​គួរ​រៀនសូត្រ​និង​យកមកអនុវត្ត ហើយ​ចំណុច​ណា​ដែល​អនុត្ត​មិនទាន់បាន​ត្រូវ​រង់ចាំ​ពេលវេលា​បន្តទៀត"។​

    លោក​បន្តថា កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ប្រឹក្សា​ការងារ ​(LAC)​ ហើយ​ក្រុមការងារ​នេះ ​បាន​ដំណើរ​ការចរចា​ជា​បន្តបន្ទាប់​ក្រោម​គោលការណ៍​ក្រោម​បន្ទាត់​ភាពក្រីក្រ ហើយ​លក្ខខណ្ឌ​ដែល​ប្រសើរ​នាពេលនេះ គឺ​ការចរចា​ទ្វេភាគី​រវាង​សហជីព​កម្មករ​និង​និយោជក​ដើម្បី​បង្កើត​អនុសញ្ញា​រួម​(CBA) នៅតាម​បណ្តា​រោងចក្រ សហគ្រាស។

    លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​ក​ម្ពុជា ​(CLC) ​បាន​និយាយថា ពីមុនមក​កម្មករ​ពុំ​សូវ​មានការ​យល់ដឹង​អំពី​សិទ្ធិ ហើយ​ត្រូវបាន​ភាគី​និយោជក​បញ្ឈប់​កម្មករ​តាម​អំពើ​ចិត្ត​ដែល​បង្កឱ្យមាន​បាតុកម្ម កូដកម្ម​កើតឡើង។ បន្ទាប់ពី​មានការ​ជួយ​បណ្តុះបណ្តាល​ពី​អង្គការ​អាយ​ឡូ​ដល់​កម្មករ​យល់ដឹង​ពី​សិទ្ធិ ជម្លោះ​ត្រូវបាន​កាត់បន្ថយ។ ប៉ុន្តែ​នៅពេលនេះ​និ​យោ​ជក ខ្លះ​បាន​ប្រើល្បិច​ខ្ពស់​ក្នុងការ​បញ្ឈប់​កម្មករ​ដែល​គេ​មិន​ងាយ​នឹង​រក​កំហុស​ឃើញ។

    លោក​ អាត់ ធន់​ ក៏បាន​ស្នើ​ឱ្យមាន​ការចូល​រួមចំណែក​សហការ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ហើយ​បើតាម​ការសង្កេត​របស់​លោក​មើលឃើញថា ខាង​អា​ឡូ​បាន​ជួយ​ដល់​ភាគី​ទាំងអស់​ឱ្យបាន​យល់ដឹង​ពី​វិស័យ​ការងារ។ នៅពេល​ខាងមុខ​វិស័យនេះ​អាច​នឹងមាន​ភាព​រីកចម្រើន។​

    លោកស្រី​ យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហភាព​សហជីព​កម្ពុជា ​(CCU) ​ក៏បាន​និយាយ​ផងដែរ​ថា វិស័យ​ការងារ​នៅ​ថ្នាក់មូលដ្ឋាន​មិនទាន់មាន​លក្ខណៈ​ល្អប្រសើរ ដោយសារតែ​ភាគី​និយោជក​ចង់បាន​ចំណេញ​ច្រើនពេក​, ទំនាក់ទំនង​រវាង​សហជីព​និង​និយោជក​ក៏​មិនទាន់​បានល្អ មិន​ផ្តល់​សិទ្ធិ​ឱ្យបាន​ស្នើៗ​គ្នា រវាង​និយោជក​និង​សហជីព​មួយចំនួន និង ការកំណត់​សមាសភាព​នៅក្នុង ​LAC​ មិនទាន់​ស្មើភាព​គ្នា​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​គោល៕

adverise with khmeread

មតិយោបល់