adverise with khmeread 996cb428 ca36 454e 8784 e16442d24474

ចោរ​ព្រហើន​! ​ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​ពី​នារី​ម្នាក់​បានសម្រេច​ដល់​ខាងមុខផ្ទះ​

    ភ្នំពេញ ៖ នារី​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​មកដល់​ខាងមុខ​ផ្ទះជួល​ទៅហើយនោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ បាន​ប្រើ​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី និង​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​បានសម្រេច និង​គេចខ្លួនបាត់​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន។

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​កាលបី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​ជួល​លេខ​៣៧ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប្រភព​បានឱ្យដឹងថា នារី​ជនរងគ្រោះ​ឈ្មោះ ​ស្រី​នី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ធ្វើការ​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ស្នាក់​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ។ ចំណែក​ម៉ូតូ​ដែល​បាត់បង់​ម៉ាក​ស្តុ​ប​ពី មិន​ចាំ​ស្លាក​លេខ។​

    បើតាម​សម្តី​រៀបរាប់​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបនាង​បាន​ចេញពី​កន្លែងធ្វើការ​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ដោយបាន​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មិន​ចាំ​ស្លាក​លេខ​តែម្នាក់ឯង​ ខណៈ​ជិះ​មកដល់​ខាងមុខផ្ទះ​កំពុង​ឈប់​ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ​។​

    ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ម៉ូតូ​ក្បែរ​ដោយបាន​ដក​កាំភ្លើងខ្លី​មួយ​ដើម ភ្ជង់​ប្លន់​និង​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ និង​កាបូប​ដែល​នៅ​ក្នុងនោះ​មានទ្រព្យ​សម្បត្តិ​មាន​តំលៃ​ប្រមាណ​ជាង​៥០០​ដុល្លារ ហើយ​ក្រុម​ជនសង្ស័យ​បាន​យកទៅ​បាត់​តែម្តង។

    ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ នារី​រងគ្រោះ​បានត្រឹមតែ​ឱ្យ​ក្រុមគ្រួសារ​ដឹក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បាល​ស្ទឹងមានជ័យ​ប៉ុណ្ណោះ។​

    គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ តែងតែ​កើតមាន​ករណី​ប្លន់​ជា​ញឹកញាប់ ប៉ុន្តែ​មិនសូវ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បង្ក្រាប​បាន​ម្តងណា​នោះទេ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច៕

adverise with khmeread

មតិយោបល់