1

លោក David Moyes និយាយថា​គាត់​អាច​នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ម្តងទៀត​

​អតីត​គ្រូបង្វឹក Man Utd លោក Moyes បាន​សារភាពថា គាត់​នឹង​អាច​ចូលមក​ដឹក​នាំនៅ Old Trafford ម្តងទៀត ប្រសិនបើ​ក្លឹប​ផ្តល់ឱកាស​ឲ្យ​រូបលោក​។ គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​ត្រូវបាន​ក្រុម​បិសាច​ក្រហម​បណ្តេញ​ចេញពី​តំណែង​មិន​ដល់​មួយ​រដូវ​កាល​ផង បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អ្នក​ជំនួស​តំណែង​លោក Sir Alex Ferguson ដោយសារ​រូបលោក​បាន​ដឹកនាំ​ក្រុម​ឲ្យ​ខកខាន​មិនបាន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​ចាប់តាំងពី​រដូវ​កាល ១៩៩៥/៩៦​។​

​លោក Moyes ជឿថា លោក Louis van Gaal គួរតែ​ទទួលបាន​ពេលវេលា​បន្ថែមទៀត ប៉ុន្តែ​លោក​បាន​សារភាពថា លោក​អាច​នឹង​ចូលមក​ដឹកនាំ​ក្រុម​នេះ​ម្តងទៀត​ប្រសិនបើ​ឱកាស​ត្រូវ​បានផ្តល់​។ គាត់​បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា "​តើ​ខ្ញុំ​អាចនឹងទទួល​ការងារ​នេះ​ម្តងទៀត​ទេ​? ពិតណាស់ ខ្ញុំ​នឹង​អាច​ទទួល​ការងារ​នេះ​។ មាន​គ្រូបង្វឹក​តិចតួច​ណាស់​ដែល​មិន​ចង់​ដឹកនាំ​ក្រុម  Manchester United"​។

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ទម្រង់​លេង​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Chelsea កន្លងទៅ ហាក់​បាន​សង្គ្រោះ​ការងារ​របស់លោក​គ្រូបង្វឹក Van Gaal ប៉ុន្តែ​សម្ពាធ​អាច​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Swansea ថ្ងៃ​សៅរ៍​នេះ​៕

ប្រភព៖ មេត្រូ​

មតិយោបល់