adverise with khmeread 0d0e7fa5 88ab 44c4 85b4 744ad076897e

ស្ត្រី​ម្នាក់​ចេញពី​កម្មវិធី​ជប់លៀង​ផ្ទះ​មិត្តភក្តិ ចោរប្លន់​បាញ់​២​គ្រាប់​របួសធ្ងន់​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ដោយសារតែ​ត្រូវ​ចោរ​ប្រដាប់អាវុធ​ប្លន់​យក​កាបូប​លុយ និង​បាញ់​ចំនួន​២​គ្រាប់ ចំក​និង​ស្មា ដេក​ដួល​ទៅនឹង​ថ្នល់ ខណៈពេល​ចេញពី​កម្មវិធី​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ ហើយ​បំណង​ឡើង​រថយន្ត​បើក​ត្រឡប់ទៅផ្ទះ​វិញ​។​

    អំពើ​បាញ់​ប្លន់​ដ៏​ឃោរឃៅ​ខាងលើនេះ ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៥០​នាទី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​១២៥​អា តាម​បណ្តោយ​ផ្លូវ​លេខ​១៤៦ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គឺ​ស្ត្រី​រងគ្រោះ​បានមក​ចូលរួម​កម្មវិធី​ផ្ទះ​មិត្តភក្តិ​នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​រូបគាត់​បានចេញ​មក​ក្រៅ​បំណង​ដើរចូល​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ​ពណ៌​ស ​ស្លាក​លេខ ​2AD-7483​ ត្រឡប់ទៅផ្ទះ​វិញ។

    ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​មិន​ចាំ​ស្លាក​លេខ ជិះ​មក​ក្បែរ​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​កាបូប ដោយមាន​ការ​ភ័យ​ខ្លាំងពេក​ស្ត្រី​រងគ្រោះ​ក៏បាន​ប្រគល់​កាបូប​ឱ្យ​ពួកចោរ។​

    បន្ទាប់ពី​ព្រមឱ្យ​កាបូប​ទៅ​ក្រុម​ជនសង្ស័យ​នារី​រងគ្រោះ​បាន​រត់ចេញ​សំដៅទៅ​ផ្ទះ​កម្មវិធី​វិញ​ដោយបាន​ស្រែកថា​ឡើង​ថា​ចោរៗ​បំណង​ឱ្យ​គេឯង​ជួយ។ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​បាញ់​២​គ្រាប់ បណ្តាលឱ្យ​ត្រូវ​ស្មា និង​បញ្ឆិត​ក រងរបួស​ដេក​ដួល​លើ​ថ្នល់ រួច​ពួកចោរ​គេចខ្លួនបាត់​តែម្តង​។​

    ប្រភព​បន្តថា ពេលនោះ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយក៏​មិនមាន​នរណាម្នាក់​ហ៊ាន​ចូល​ជួយ​នោះទេ ដោយ​ខ្លាច​ក្រុម​ជនសង្ស័យ​បាញ់​បន្ថែមទៀត​។ ភ្លាមនោះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​វិញ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បាន​មកដល់​កន្លែង​កើតហេតុ និង​ធ្វើការ​សួរនាំ​ពី​ដំណើររឿង​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ៕


 

adverise with khmeread

មតិយោបល់