ភ្នំពេញ ៖ រយៈពេល១យប់១ថ្ងៃ កម្លាំងអាវុធហត្ថចំណុះរាជធានីភ្នំពេញ បង្ក្រាបបានក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់មនុស្ស បាន១៨នាក់ជាបន្តបន្ទាប់ និងដកហូតថ្នាំញៀន៨៣កញ្ចប់ ហើយបានបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៦នេះ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា នៅយប់ម៉ោង៩ និង២០នាទី ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នៅចំណុចដីឡូត៍មួយកន្លែង, ភូមិឬស្សីមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកកនៅម៉ោង១១យប់ថ្ងៃដដែល កម្លាំងល្បាត អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១២ និង១៥នាទី កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយ អាវុធហត្ថខណ្ឌទួលគោក , ជ្រោយចង្វារ, សែនសុខ និងការិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀនអាវុធហត្ថរាជធានី បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ នៅចំណុចផ្ទះលេខB1 ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងប្រតិបត្តិការបង្ក្រាបនោះ ក៏មានការចូលរួមសហការពីកម្លាំងអាជ្ញាធរ ខណ្ឌដូនពេញ ដោយមានលោកអភិបាលរងខណ្ឌ សុខ ពេញវុធ ចុះផ្ទាល់ជាមួយផងដែរ។
ប្រតិបត្តិការនោះកម្លាំងអាវុធហត្ថដកហូតបានថ្នាំញៀនក្រាមសថ្លាចំនួន៧៣កញ្ចប់ (៦៩កញ្ចប់តូច និង៤កញ្ចប់ធំ) មិនត្រឹមតែប៉ុណ្ណោះនៅមានសោសំរាប់កាច់កម៉ូតូ, ទូរស័ព្ទ, ម៉ូតូ, កាបូបដាក់លុយ(ប្រុសនិងស្រី), កាតគ្រីម៉ូតូ, អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ជាច្រើនផងដែរ។
ក្នុងករណីនេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី នាព្រឹកថ្ងៃទី១ សីហានេះ៕
