adverise with khmeread 748c5e38 5491 421d a162 d36a82a58992

ទ្រព្យ​សំណាង​! កង់​ដែល​បាត់​បាន​ប្រគល់ឱ្យ​អ្នក​ទេសចរណ៍​ជនជាតិ​ជប៉ុន​វិញ

    ភ្នំពេញ ៖ អ្នក​ទេសចរណ៍ ជនជាតិ​ជប៉ុន​ដែលជា​ម្ចាស់​កង់​បាន​បាត់​កាលពី​កន្លងទៅ បានមក​ដល់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែសីហា​ ឆ្នាំ​២០១៦​នេះ ​ដើម្បី​ធ្វើ​កំណត់ហេតុ​ទទួលយក​ក​ង់​របស់ខ្លួន​វិញ​រួចហើយ ក្រោយពី​សមត្ថកិច្ច បាន​រកឃើញ​កាលពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ។​

    ប៉ូលិស​និយាយថា ជនជាតិ​ជប៉ុន​ជា​ម្ចាស់​កង់​មានឈ្មោះ Shun Yanagisawa​ ជា​ភ្ញៀវ​ទេសចរណ៍ និង​មានមុខងារ​ជាម​ន្ត្រី​ពន្លត់អគ្គីភ័យ​នៃ​ប្រទេស​ជប៉ុន។ កង់​នេះ​បាន​រកឃើញ​មកវិញ​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​យកមក​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍ ស្ទឹងមានជ័យ។​

    បុរស​ដែលជា​អ្នកទទួល​ទិញ​កង់​មានឈ្មោះ លី ងួន អាយុ៥០ឆ្នាំ មុខរបរ​ជា​ចុងភៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​៤ ភូមិ​ទ្ទ្រា៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ គាត់​បាន​ប្រាប់ សមត្ថកិច្ច​ថា មាន​គេ​យក​កង់​នេះ​មក​លក់​ឱ្យ​គាត់ ប៉ុន្តែ​គាត់​មិនបាន​ដឹងថា ជា​កង់​លួច​ពី គេ​នោះទេ។ លុះ​បានឃើញ​តាមរយៈ​ប្រព័ន្ធ​ហ្វេ​ស​បុក ទើប​គាត់​សម្រេចចិត្ត​ប្រគល់​កង់​នេះ មកកាន់​សមត្ថកិច្ច​តែម្តង។

    ក្រោយពី​ទទួលបាន​កង់​របស់ខ្លួន​មកវិញ បុរស​ជនជាតិ​ជប៉ុន​នោះ បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​ប៉ូលិស​កម្ពុជា ហើយ​លោក​បាន​បញ្ជាក់ថា លោក​នឹងបន្ត​ទិដ្ឋាការ​ដើម្បី​ស្នាក់នៅ​ទេសចរណ៍​កម្សាន្ត​ដោយ​ជិះ​កង់​នៅ​កម្ពុជា​រយៈពេល​១​ខែ​បន្តទៀត។

    គួរ​រំលឹក​ផងដែរ​ថា កង់​របស់​ជនជាតិ​ជប៉ុន​ម្នាក់នេះ​បាន​បាត់អស់​រយៈពេល​ជាង​១០​ថ្ងៃ​ក្នុង​ទឹកដី​ក្រុងភ្នំពេញ​ពោលគឺ​កាលពី​ថ្ងៃទី​១៨ កក្កដា​ នៅពេល​លោក​មក​ស្នាក់នៅ សណ្ឋាគារ​មួយ​ស្ថិតនៅ​ផ្ទះ​លេខ​២០៥ ផ្លូវ​លេខ​១៩ ក្រោយ​ព្រះបរមរាជវាំង​កង់រ​បស់​គាត់​ក៏ត្រូវ​ចោរលួច​បាត់។

    លោក Shun Yanagisawa បាន​ជិះ​កង់​ចាក​ចេញពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ជាច្រើន​ប្រទេស ដូចជា កោះ​តៃ​វាន់​, ហ្វីលីពីន​, សិង្ហ​បុរី ម៉ាឡេស៊ី​, ថៃ តាមរយៈ​ជើងហោះហើរ​ខ្លះ ដោយ​កប៉ាល់​ខ្លះ និង​ជិះ​កង់​ខ្លះ​ទើប​មកដល់​កម្ពុជា ដែល​គិត​ចាប់ពី​ធ្វើដំណើរ​មកដល់ពេលនេះ​ជិត​១​ឆ្នាំ​ហើយ៕

adverise with khmeread

មតិយោបល់