ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរកបាន៣ពិន្ទុបន្ថែមពីក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បន្ទាប់ពី បានយកឈ្នះដោយលទ្ធផល ១ទល់០ ខណៈខេមបូឌានថាយហ្គឺប្រកួតចាញ់បឹងកេតអង្គរ នៅក្នុងលទ្ធផល ១ទល់៥ ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូល សប្តាហ៍ទី១៤ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋានជាតិ។
នៅតង់ទី១ នគរបាលជាតិ និងស៊ីម៉ាក់ រក្សលទ្ធផលស្មើគ្នា ០ទល់០ ហើយលទ្ធផលជ័យជម្នះ១ទល់០ របស់នគរបាលជាតិនេះ ធ្វើសម្រេចនៅចុងតង់ទី២ទៅហើយ។ ១៤ប្រកួតរបស់នគរបាលជាតិ ឈ្នះ៣ប្រកួត ស្មើ៥ប្រកួត និងចាញ់៦ប្រកួត មាន១៤ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្ន ស្របពេលដែល ១៤ប្រកួតរបស់ស៊ីម៉ាក់ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១០ប្រកួត មានត្រឹម៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់ លេខ៨។
ចំណែកឯ១ប្រកួតផ្សេងទៀត ក្រុមឈរលើកំពូលតារាងបណ្តោះអាសន្ន បឹងកេងអង្គរអេហ្វ.ស៊ី រកបាន ៣ពិន្ទុបន្ថែម ពីខេមបូឌានថាយហ្គឺ បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ៥ទល់១ ដោយនៅតង់ទី១ បឹងកេត អង្គរ នាំមុខ ២ទល់០។ ១៤ប្រកួតរបស់បឹងកេតអង្គរ ឈ្នះ១២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៣៧ពិន្ទុ ខណៈ១៤ប្រកួតរបស់ខេមបូឌានថាយហ្គឺ ឈ្នះ៦ប្រកួត ស្មើ២ប្រកួត និងចាញ់៦ប្រកួត មាន២០ពិន្ទុ ឈរនៅ ចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃចន្ទទី១ សីហា នេះក៏មាន២ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ ក្រសួងការពារជាតិនៅកីឡដ្ឋាន RSN ហើយ១ប្រកួតទៀត គឺក្រុម ណាហ្គាវើល ត្រូវប្រកួតជាមួយអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ៕
