adverise with khmeread 1

សម្រាំង​បាន​ម្ចាស់​ជ័យលាភី​កីឡា​កា​រ៉ា​តេ​ដូ​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៦

​    ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំ​២០១៦ បានប្រកាស​បិទ​ជា​ផ្លូវ​ហើយ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ម្សិលមិញ នៅក្នុង​វិមាន​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​សម្រាំង​បាន​ម្ចាស់​ជ័យលាភី​លើ​វិញ្ញាសា សរុប​ទាំងអស់​ចំនួន​២០​ជា​បន្តបន្ទាប់​រួចរាល់​ហើយ​នោះ​។​

​    ​លោក ឡា​ច ចន្ទ​ដា​រ៉ា អគ្គ​លេខ​ធិ​ការ ខេមរៈ​សហព័ន្ធ​កា​រ៉ា​តេ​ដូ​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ឆ្នាំនេះ មាន​កីឡាករ កីឡាការិនី​ចូលរួម​សរុប​ចំនួន​១៨៧​នាក់ មកពី​បណ្តា​ក្លឹប និង​សមាគម​នានា ទូទាំងប្រទេស​ចំនួន ១៧ ហើយ​មាន​វិញ្ញាសា​សរុប​ចំនួន​២០​។​អគ្គលេខាធិការ​រូបនេះ​បានបង្ហាញ​លទ្ធផល​ជ័យលាភី​ថា វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន​បុរស​៦៥​គីឡូក្រាម ចំណាត់ថ្នាក់​លេខ​១ មេដាយមាស កីឡាករ តក់ ពិចិត្រ​។ ៧០​គីឡូក្រាម មេដាយមាស កីឡាករ តាំង យូ​។ ទម្ងន់​៧១​គីឡូក្រាម មេដាយមាស កីឡាករ កាក់ សីលា​បញ្ញា​។ វិញ្ញាសា​ប្រយុទ្ធ​ជា​ក្រុម​នារី មេដាយមាស សមាគម​សូ​តូ​កង់​កម្ពុជា​។ ប្រយុទ្ធ​ជា​ក្រុម​បុរស មេដាយមាស បាន​ទៅលើ​កីឡាករ​៥​នាក់​មកពី​សាលា​គុន​សុរិយា​កា​រ៉ា​តេ​ដូ សូ​តូ​កង់​។ ក្រៅពីនេះ​ក៏មាន​ចំណាត់ ថ្នាក់​លេខ​២ ដល់​លេខ​៣ និង​លេខ​៣​ស្ទួន លើ​គ្រប់​វិញ្ញាសា​សរុប​ទាំង​២០​ផងដែរ​។​

​    ​ថ្លែង​នៅក្នុង​ឱកាស​បិទ​, លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​៥​ថ្ងៃ កន្លងមកនេះ​ក្រសួង​អប់រំ​មើលឃើញថា មូល​ហេតុដែល​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះ​ប្រកបដោយ​ភាពរលូន គឺ​អាស្រ័យ​ដោយមាន​ចូលរួម គោរព​វិន័យ បទ​បញ្ចា​បច្ចេកទេស​របស់​ក្លឹប និង​សមាគម និង​ខេមរៈ​សហព័ន្ធ​កា​រ៉ា​តេ​ដូ ដែលជា​អ្នកគ្រប់គ្រង បច្ចេកទេស​នោះបាន​ខិតខំ​រួមគ្នា​ផងដែរ​។ ការប្រកួត​កីឡា​ថ្នាក់ជាតិ​នេះ ក៏​ជាការ​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោក​ស្នើសុំ​ដល់​សហព័ន្ធ​ប្រឹងប្រែង​អភិវឌ្ឍ កីឡា​ជំនាញ​មួយ​នេះ​ឲ្យ​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​បន្ថែមទៀត តាមរយៈ​ការពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង របស់ខ្លួន និង​បណ្តា​ក្លឹប​ជា​សមាជិក​របស់ខ្លួន​។ ក្រៅពីនេះ​ត្រូវ​បណ្តុះបណ្តាល​ចៅ​ក្រប​អាជ្ញាកណ្តាល គ្រូ​ង​បង្វឹក មន្ត្រី​រៀបចំ​ការប្រកួត ជាពិសេស​គឺ​កីឡាករ កីឡាការិនី​ថ្នាល​តែម្តង​៕​

adverise with khmeread

មតិយោបល់