ភ្នំពេញ ៖ ក្នុងរយៈពេលតែមួយ កម្លាំងប៉ូលិសអន្តរាគមន៍ក្រុងចុះល្បាតក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុង២ករណីផ្សេងគ្នាគឺ ជនសង្ស័យទី១ រក្សាទុកនូវសារធាតុញៀនម៉ាទឹកកក១កញ្ចប់តូច និងជនសង្ស័យទី២ ជាមុខសញ្ញាឆ្កិះសោបន្ទប់លួចទ្រព្យសម្បត្តិ។
ករណីបង្ក្រាបជាក់ស្តែងខាលើនេះនៅវេលាម៉ោង១២ និង៣០នាទីយប់ឈានចូល ថ្ងៃទី២ សីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំចូលសាលាគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យ ទី១-រក្សាទុកសារធាតុញៀនឈ្មោះ តាក់ រតនៈសម្បត្តិ ហៅហឿន អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិគោកបញ្ជាន់ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និងជនសង្ស័យទី២ -ជាមុខសញ្ញាឆ្កឹះសោបន្ទប់ឈ្មោះ សែម សុខា អាយុ២៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិគោកបញ្ជាន់ដូចគ្នា។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ូលិសបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខាងលើ ក៏ប្រទះឃើញជនសង្ស័យទីមួយឆែករកថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច។
បន្ទាប់មកប៉ូលិសបាន ក៏ជួបនិងជនសង្ស័យទី២ ហៅឃាត់សួរនាំឆែករកឃើញដែកសរសៃតូច សំរាប់ឆ្កឹះសោបន្ទប់ ក្រោយពេលឆែករកឃើញវត្ថុតាងប៉ូលិសក៏បានទាក់ទងទៅប៉ូលិសមូលដ្ឋានមកយកជនសង្ស័យទៅប៉ុស្តិ៍។
ក្រោយពេលឃាត់ខ្លួនមកដល់ប៉ូលិសប៉ុស្តិ៍ចោមចៅ បានសាកសួរជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងហើយកសាងសំណុំរឿង បញ្ចូនទៅជំនាញខណ្ឌដើម្បីចាត់ការបន្ត៕
