adverise with khmeread 7015c762 c5d0 42bf b03d 25bf91b41336

យុវជន​ម្នាក់​ស្លាប់ដោយសាររន្ទះបាញ់​​នៅ​ស្រុក​ស្អាង

    កណ្តាល ៖ មាន​ករណី​រន្ទះបាញ់​យុវជន​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ខណៈ​ដើរទៅ​ចង​គោ​នៅក្បែរ​អូរ​មួយ ខណៈ​មេឃ​ជិត​ភ្លៀង នា​ថ្ងៃទី០១​ សីហា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ ​និង​៤៥​នាទី នៅ​ចំណុច​អូរ​លលៃ ស្ថិតនៅ​ភូមិ​តា​ពេ​ជ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​រហូតដល់​ស្លាប់​ឈ្មោះ សុក ភក្ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​អង្គ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​បន្តថា នៅវេលា​មុនពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​ខាងលើ​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ​ប៉ោ​លី ទ្រី ដើម្បី​ទៅ​ដឹកគោ​នៅ​កន្លែងកើតហេតុ ដើម្បី​យកមក​ផ្ទះ។​

    ស្របពេលនោះ​មេឃ រកកលនឹង​ភ្លៀង ជនរងគ្រោះ​បាន​ចុះ​ពី​ម៉ូតូ​ដើរ​សំដៅ​កន្លែង​ចង​គោ ក៏មាន​សម្លេង​រន្ទះបាញ់​២​ដង ហើយក៏​ធ្លាក់ភ្លៀង​ចុះមក ខណៈនោះ​ឈ្មោះ​ប៉ោ​លី ទ្រី បានឃើញ​សត្វ​គោ​ផ្អើល។​

    ឯ​ជនរងគ្រោះ​មិនបាន​ដឹកគោ​មកវិញ​ទេ ខ្លួន​ក៏​សង្ស័យថា​ជនរងគ្រោះ អាច​ត្រូវ​រន្ទះបាញ់​ហើយ ប៉ុន្តែ​ដោយសារ​ភ្លៀង​ខ្លាំង ខ្លួន​នៅតែ​ម្នាក់ឯង ទើប​រង់ចាំ​ដល់​មេឃ​រាំងភ្លៀង​សិន ទើប​ដើរទៅ​មើល បានឃើញ​ជនរងគ្រោះ​ដួល​ស្ដូកស្ដឹង​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

    បន្ទាប់មក​ឈ្មោះ ប៉ោ​លី ទ្រី បានមក​ហៅ​សាច់ញាតិ​បងប្អូន និង​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ប៉ុស្ដិ៍​ក្រាំង​យ៉ូ​វ ក្រុមប្រឹក្សាឃុំ មេភូមិ ចុះ​ធ្វើការ​ពិនិត្យ​លើ​សាក​​សពឃើញថា ជនរងគ្រោះ​ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ប្រាកដ​មែន ហើយ​បានប្រគល់​សព​​ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

មតិយោបល់