adverise with khmeread Untitled 1

លោកស្នងការ​នាំ​អំណោយ​ជូន​មន្ត្រីប៉ូលិស​ដែល​បុរស​ចិន​យក​អំបែង​ដប​ចាក់​ធ្លាយ​ទ្រូង

    ព្រះសីហនុ ៖ បន្ទាប់ពី​ទទួលដំណឹង​ថា មន្ត្រីប៉ូលិស​ម្នាក់​ត្រូវ​ជនជាតិ​ចិន យក​ដប​ចាក់​បណ្តាល​ឱ្យរងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មក នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​នេះ លោ​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​គណៈ​ស្នងការ​ទៅសួរសុខទុក្ខ និង​នាំយក​ថវិកា​ចំនួន ៣០០​ដុល្លារ​ និង​១.៣៥០.០០០​រៀល ទៅ​ជួយឧបត្ថម្ភ​។​

    លោក​អនុសេនីយ៍ត្រី សៅ សំណាង មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣ ដោយសារ​ជនជាតិ​ចិន ចាក់​បណ្តាលឱ្យ​របួសធ្ងន់ ក្នុងពេល​ជាមួយគ្នា​នោះ​លោក ​អ៊ី​ សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ក៏បាន​នាំយក​ថវិកា​ ចំនួន​៧០០.០០០​រៀល ​ទៅ​ជួយឧបត្ថម្ភ​ផងដែរ​។​

    មានមតិ​នាពេលនោះ​លោកស្នងការ​បានបញ្ជាក់​ថា គណៈ​ស្នងការ​មានការ​គិតគូរ​យកចិត្ត​ទុកដាក់​ចំពោះ​បងប្អូន​មន្ត្រី​ថ្នាក់ក្រោម មិន​ទុក​ឱ្យ​ឯកា​ម្នាក់ឯង​ឡើយ ហើយ​ខិតខំ​ថែរក្សា​ព្យាបាល​ខ្លួន។

    គួររំលឹកថា​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៦​​ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទាក់ទង ជាមួយនឹង​ជនរងគ្រោះ​ កើតឡើង​នៅ​ចំណុច​ហាង ស្ប៉ា​ដឺ​បា ស្ថិតក្នុង​ក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    នៅវេលា​ម៉ោង​០៥ និង​៤០​នាទី មាន​ម្ចាស់​ហាង​យីហោ ស្បា​ដឺ​បា ឈ្មោះ ង្វៀង ធី​ឡង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ បាន​ទូរស័ព្ទ​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​លេខ​៣ថា​ ​"​មាន​ជនជាតិ​ចិន​ម្នាក់ បានមក​ផឹកស៊ី​ក្នុង​ហាង​របស់គាត់់​តាំងពី​ម៉ោង​២៣ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ រហូតដល់​ព្រឹក​នេះ ហើយ​បានធ្វើ​ការអុកឡុក​ក្នុង​ហាង​របស់គាត់​"​។​

    ក្រោយពេល​ទទួលបាន​ប​ណ្តឹ​ង​រាយការណ៍ លោក​មេ​ប៉ុស្តិ៍​បាន​ចាត់តាំង​លោក សៅ សំណាង ជា​មន្ត្រី​ប៉ុស្តិ៍​អោយទៅជួយ​អន្តរាគមន៍​។ នៅវេលា​ម៉ោង​០៦ ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ លោក សៅ សំណាង បាន​ទៅដល់​កន្លែងកើតហេតុ ភ្លាមនោះ​ជនជាតិ​ចិន ឃើញ​សមត្ថកិច្ច​ទៅដល់ ក៏ទាញយក​ដប​ស្រា​វាយ​បំបែក​មាត់​ដប ហើយ​គាត់​លាក់​នៅក្រោយ​ខ្នង រួច​ដើ​សំដៅ​មក​សមត្ថកិច្ច ហើយ​បាន​យកដៃ​ម្ខាង​រុញ និង​ដៃ​ម្ខាង​ទៀត​កាន់​ដប​យកមក​ចាក់​ចំ​ដើមទ្រូង​សមត្ថកិច្ច​បណ្តាលអោយ​ត្រូវរបួស​បី​កន្លែង​(​ធ្ងន់​)។​

    ក្នុង​ពេលធ្វើ​សកម្មភាព​នោះ បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​ទីនោះ​ជួយ​ចាប់​ជនជាតិ​ចិន​នោះ​ចេញ រួច​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ រីឯ​ជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​បាយ័ន​។​

    ជនរងគ្រោះ​ឈ្មោះ សៅ សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣ (​រងរបួស​ធ្ងន់​ដេរ​ចំនួន ១៨​ថ្នេរ​)​។

    ជនសង្ស័យ​ឈ្មោះ HUANG JINAN ភេទ​ប្រុស  អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ និង​កាស៊ីណូ ដាយ​មិន​ស៊ី ស្នាក់នៅ​កាស៊ីណូ​ដាយ​មិន​ស៊ី​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


adverise with khmeread

មតិយោបល់