យោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារនេះបានឱ្យដឹងថា ទីក្រុងហុងកុងបានបិទនៅថ្ងៃអង្គារនេះ ខណៈដែលខ្យល់ព្យុះទីហ្វុងឈ្មោះ នីដា (Nida) បាននាំមកនូវខ្យល់ដ៏សាហាវ និងភ្លៀងខ្លាំង ជាមួយជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយផ្សារហ៊ុន សាលារៀន និងក្រុមហ៊ុនអាជីវកម្មទាំងអស់ត្រូវបិទទ្វារ ខណៈខ្យល់ព្យុះនេះកំពុងបោកបក់ឆ្លងកាត់ទីក្រុងហុងកុងពីចិនខាងត្បូង។
ខ្យល់ព្យុះល្បឿន ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោងនេះបានបោកបក់លើទីក្រុងហុងកុង និងបង្អុរភ្លៀងយ៉ាងខ្លាំងកាលពីយប់មិញនេះ ហើយក្រុមអាជ្ញាធរបានព្រមានពីទឹកជំនន់ និងបំណាក់ដី។
ផ្លូវនានាគ្មានយានយន្តបើកបរឆ្លងកាត់នោះឡើយនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលសាលារៀនជាច្រើនបានផ្អាក ហើយបុគ្គលិកធ្វើការគ្រប់ប្រភេទវិស័យបានបន្តស្នាក់នៅក្នុងផ្ទះ ជាមួយរថយន្តក្រុង និងរថភ្លើងបន្តប្រតិបត្តិការក្នុងដែនកំណត់តូចមួយប៉ុណ្ណោះ៕
