adverise with khmeread Superfoods

កំពូលអាហារទាំង ៨ ដែលបង្កើនថាមពលខ្លាំងក្លាដល់ខួរក្បាលពេលបំពេញការងារ

សកម្មភាពគួរឲ្យធុញប្រចាំថ្ងៃនៃការងារពេញម៉ោងតម្រូវឲ្យមានថាមពលដ៏ច្រើនសម្បើម។ ក្រោកឡើង។ ទៅធ្វើការ។ ហើយធ្វើការ ៨-១០ ម៉ោង។ ធ្វើបែបនេះ ៥ ថ្ងៃក្នុងមួយសប្តាហ៍ (ជួនកាលលើសពី ៥ថ្ងៃទៀត)។ នោះហើយគឺជាការងារ ៤០ទៅ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលគេរំពឹងឲ្យអ្នកបំពេញឲ្យបាននៅកម្រិតខ្ពស់បំផុត។ 

សំណួរគឺថា: តើអ្នកជម្រុញថាមពលខ្លួនឯងយ៉ាងដូចម្តេច? គួរឲ្យស្តាយ សកម្មភាពធ្វើការយូរម៉ោងរាល់ថ្ងៃបានបង្ខំឲ្យមនុស្សជាច្រើនជ្រើសយកផែនការអាហាររហ័ស។
នេះគឺស្មើនឹងទម្លាប់ទទួលទានចំណីអាហារដែលគ្មានសុខភាពល្អនៅកន្លែងធ្វើការដូច្នោះដែរ។ 

ការពិតគឺថា អាហារដែលអ្នកទទួលទានពិតជាមានផលប៉ះពាល់ដ៏សំខាន់លើថាមពលខួរក្បាល និងផលិតភាពការងាររបស់អ្នក។ ជាលទ្ធផល វាចាំបាច់ណាស់ដែលអ្នកត្រូវធ្វើការស្រាវជ្រាវមួយចំនួន និងអប់រំខ្លួនឯងលើការឲ្យតម្លៃនៃសារធាតុចិញ្ចឹមរបស់អាហារដែលអ្នកកំពុងទទួលទាន។ 

ចំណីអាហារច្រើនណាស់គឺមិនល្អដល់សុខភាពទេ។ តែចំណីអាហារជាច្រើនទៀតក៏ល្អដល់សុខភាពដែរ។ ហើយជាការពិតគឺមានកំពូលអាហារជាច្រើនដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍។
កំពូលអាហារទាំងនេះអាចបង្កើនថាមពលខួរក្បាល និងផលិតភាពការងាររបស់អ្នក។ តើការបង្កើនថាមពលខួរក្បាលនិងផលិតភាពការងារស្តាប់ទៅដូចជាអ្វីមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកនៅកន្លែងធ្វើការ មែនទេ? ប្រាកដណាស់វាត្រូវតែអ៊ីចឹងហេតុនេះហើយបានជាអ្នកគួរតែបញ្ចូលកំពូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។  

១- ទឹក
ទឹកគឺជាធាតុមួយនៃជីវិត។ គ្រប់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍នៃការផឹកទឹក ៨ កែវក្នុងមួយថ្ងៃ ក៏ប៉ុន្តែនៅតែគ្មាននរណាម្នាក់បានអនុវត្តវានៅឡើយទេ។ ជាការពិត ការសិក្សាជាច្រើនបានបង្ហាញថា ពលរដ្ឋអាមេរិកជិត ៧៥% បានខ្វះជាតិទឹកដ៏ធ្ងន់ធ្ងរ។ ហើយវារឹតតែធ្វើឲ្យភ្ញាក់ផ្អើលទៅទៀតនៅពេលដែលអ្នកដឹងថារាងកាយមនុស្សបង្កើតឡើងពីទឹករហូតដល់ទៅ ៧០%។
គ្រប់មុខងាររាងកាយរបស់មនុស្សម្នាក់ៗគឺពឹងផ្អែកលើទឹកដើម្បីបំពេញមុខងារឲ្យបានរលូន។ វាប្រៀបបីដូចជាប្រេងសម្រាប់ម៉ាស៊ីនដូច្នោះដែរ។ ប្រសិនបើអ្នកមិនបានផឹកទឹកគ្រប់គ្រាន់ដើម្បីបំពេញនូវការបាត់បង់អង្គធាតុរាវ ខួរក្បាលរបស់អ្នកនឹងរងផលប៉ះពាល់ជាច្រើន។ ការខកខានផឹកទឹកឲ្យបានគ្រប់គ្រាន់អាចនាំទៅរកការនឿយហត់ល្ហិតល្ហៃ និងការឈឺក្បាល។ នេះគឺជារឿងចុងក្រោយដែលអ្នកមិនចង់ឮទេនៅកន្លែងធ្វើការ។ ដូច្នេះ ត្រូវធ្វើឲ្យប្រាកដថាអ្នកផឹកទឹកបានគ្រប់គ្រាន់ដើម្បីអាចធ្វើការជាមួយនឹងគំនិតជ្រះថ្លា និងនៅតែរក្សាបាននូវផលិតភាព។  

២- ត្រីសាល់ម៉ុង (Salmon)
យោងតាមវិទ្យាស្ថាន US National Library of MedicineNational Institutes of Health ខួរក្បាលមានជាតិខ្លាញ់ ៦០% ហើយភាគច្រើនគឺជាប្រភេទអាស៊ីតខ្លាញ់អូមេហ្គា៣ DHA។ ជាលទ្ធផល ត្រីដែលមានជាតិខ្លាញ់គឺពិតជា "អាហារអស្ចារ្យណាស់សម្រាប់ខួរក្បាល" ហើយត្រីសាល់ម៉ុងប្រហែលជាស្តេចត្រីក្នុងចំណោមបណ្តាប្រភេទត្រីទាំងឡាយ។ ត្រីសាល់ម៉ុងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលវាមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យការចងចាំ និងការបំពេញមុខងាររបស់ខួរក្បាលបានល្អប្រសើរឡើង។

៣- ផ្លែបឺរី (Berry) 
អាហារសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាផ្លែបឺរីនេះ​គឺពិតជាអស្ចារ្យណាស់ក្នុងការបង្កើនការចងចាំ។ ជាការពិត ផ្លែនេះនឹងជួយធ្វើឲ្យមុខងារនៃការចងចាំល្អប្រសើរឡើងនៅកន្លែងធ្វើការ។ ផ្លែនេះក៏ជួយទប់ស្កាត់មិនឲ្យកើតជំងឺ Alzheimer’s (ជំងឺ​បាត់បង់​ការ​ចងចាំ) និងជំងឺ Parkinson’s (ជំងឺវង្វេង) ផងដែរ។ ជាទូទៅ ផ្លែបឺរីកាន់តែខ្មៅ គឺកាន់តែសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ នេះក៏មានន័យដែរថាវាសម្បូរគ្រឿងផ្សំជម្រុញផលិតភាពការងារកាន់តែខ្លាំងផងដែរ។

៤- ផ្លែបឺរ (Avocado)
ក្រៅពីរសជាតិដ៏អស្ចារ្យរបស់វា ផ្លែបឺរក៏អាចយកមកធ្វើជាអាហារដ៏សំខាន់សម្រាប់ខួរក្បាលផងដែរ។ ផ្លែបឺគឺជាប្រភពមិនគួរឲ្យជឿនៃជាតិខ្លាញ់ដែលមានសុខភាពល្អ និងជាសារធាតុចិញ្ចឹមមួយ ដែលជម្រុញដល់លំហូរឈាម ធ្វើឲ្យកោសិកាខួរក្បាលល្អប្រសើរ និងជម្រុញការផ្តោតអារម្មណ៍ទូទៅបានល្អផងដែរ។ ត្រូវចងចាំ ផលិតភាពការងារកើតឡើងបានទាល់តែរាងកាយអាចរក្សាលំហូរឈាមបានល្អទៅកាន់ខួរក្បាល។ 

៥- គ្រាប់ផ្លែឈើ
អ្នកច្បាស់ជាមនុស្សល្ងង់ដែលមិនបានបញ្ចូលគ្រាប់ផ្លែឈើទៅក្នុងរបបអាហាររបស់អ្នក។ គ្រាប់ផ្លែឈើគឺជាប្រភពដ៏អស្ចារ្យនៃជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ដែលមានសុខភាពល្អ ដែលរាងកាយរបស់អ្នកត្រូវការដាច់ខាត។ គ្រាប់ផ្លែឈើគឺសម្បូរទៅដោយអាមីណូអាស៊ីត សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E។ សារធាតុទាំងនេះជួយបង្កើនការបំពេញមុខងាររបស់ខួរក្បាល និងផលិតភាពការងារបានយ៉ាងល្អ។ ការសិក្សាជាច្រើនក៏បានបង្ហាញដែរថា គ្រាប់ផ្លែឈើគឺផ្ទុកនូវវីតាមីន B-12 ដែលគេល្បីថារួមចំណែកដល់ការបំពេញមុខងារខួរក្បាលយ៉ាងល្អបំផុត។ សូមញ៉ាំគ្រាប់ផ្លែឈើយ៉ាងតិចមួយក្តាប់រៀងរាល់ថ្ងៃ! 

៦- ចេក
ចេកគឺជាប្រភពដ៏ល្អបំផុតនៃជាតិគ្លុយកូស ដែលរាងកាយប្រើប្រាស់ដើម្បីបង្កើតថាមពល។ គ្រាន់តែចេកមួយផ្លែផ្ទុកនូវបរិមាណជាតិគ្លុយកូសគ្រប់គ្រាន់ល្មម ដែលរាងកាយត្រូវការ។
ចេកគឺជាជម្រើលដែលមានសុខភាពល្អជាង "អាហារខ្ចប់មកកន្លែងធ្វើការ" ដែលសម្បូរជាតិស្ករ។ អ្នកត្រូវការថាមពលដើម្បីរក្សាផលិតភាពការងារ ហើយវាគ្មានអ្វីជាអាថ៍កំបាំងទេ ដែលថាចេកតែងតែត្រូវគេសំអាងថាជាប្រភពថាមពលពីធម្មជាតិនោះ។ លើសពីនេះទៅទៀត យោងតាមអត្ថបទមួយនៅក្នុងវេបសាយ livestrong.com "ចេកតែប៉ុន្មានចំណិតប៉ុណ្ណោះគឺជាអាហារកំដរមាត់ដ៏អស្ចារ្យនៅមុនពេលចូលគេង" ដោយសារតែវាផ្ទុកនូវជាតិប្រូតេអ៊ីនឈ្មោះ Tryptophan ដែលជំនួយដល់ការគេងបានស្កប់ស្កល់។ ការគេងគឺមានសារៈសំខាន់ណាស់សម្រាប់ការបំពេញមុខងាររបស់ខួរក្បាល និងការបំពេញកិច្ចការនៅកន្លែងធ្វើការ។   

៧- សូកូឡាខ្មៅ
សូកូឡាខ្មៅគឺជាអាហារដ៏អស្ចារ្យមួយសម្រាប់ខួរក្បាល ព្រោះក្រៅពីជាកំពូលអាហារហើយនោះ វាក៏ធ្វើឲ្យយើងមានអារម្មណ៍រីករាយស្រស់ថ្លាផងដែរ។ ក្រៅពីធ្វើឲ្យផ្តោតអារម្មណ៍បានល្អ
ជាតិកាហ្វេអ៊ីនដែលផ្ទុកក្នុងសូកូឡាខ្មៅក៏ជួយបង្កើនថាមពលដ៏អស្ចារ្យផងដែរ។ វេបសាយ authoritynutrition.com បានលើកឡើងថា ការបំពេញមុខងារខួរក្បាលដ៏ល្អប្រសើរមួយគឺជាអត្ថប្រយោជន៍សុខភាពមួយដែលពាក់ព័ន្ធនឹងសូកូឡាខ្មៅ។ ការសិក្សាមួយបានបង្ហាញថា ការទទួលទានសូកូឡាខ្មៅនៃថ្ងៃធ្វើការទាំង ៥ថ្ងៃជួយធ្វើឲ្យលំហូរឈាមទៅកាន់ខួរក្បាលរឹតតែល្អប្រសើរឡើង។ 

៨- ស្ពៃស្ពីណាច់ (Spinach) 
ទោះបីជាតួប៉ុបអាយ (Popeye) ញ៉ាំស្ពៃស្ពីណាច់ដើម្បីឲ្យកាន់តែខ្លាំងក្លាក៏ដោយ ក៏វាប្រហែលជាអាចធ្វើឲ្យតួអង្គនេះរឹតតែឆ្លាតវៃផងដែរ។ យោងតាមអត្ថបទមួយនៅលើវេបសាយ The Huffington Post ការទទួលទានស្ពៃស្ពីណាច់ត្រឹមតែមួយពេលក្នុងមួយថ្ងៃអាចធ្វើឲ្យខួរក្បាលក្មេងជាងវ័យរហូតដល់ទៅ ១១ឆ្នាំ ដោយវាជួយពន្យឺតការធ្លាក់ចុះការគិតរបស់ខួរក្បាលដែលពាក់ព័ន្ធនឹងអាយុកាន់តែចាស់។ នេះគឺដោយសារតែការផ្ទុកនូវជាតិវីតាមីន K ដ៏ខ្ពស់របស់វា។អត្ថបទលើវេបសាយដដែលបានដកស្រង់ការសិក្សារយៈពេល ៥ឆ្នាំមួយ ដែលលើកឡើងថា អ្នកដែលទទួលទានស្ពៃស្ពីណាច់ ១ ឬ ២ ពេលក្នុងមួយថ្ងៃមានសមត្ថភាពក្នុងការគិតបានល្អប្រសើរជាងអ្នកដែលមិនទទួលទានទាល់តែសោះ។ ដូច្នេះ សូមចាប់ផ្តើមបន្ថែមស្ពៃនេះចូលក្នុងរបបអាហាររបស់អ្នកដើម្បីប្រែក្លាយខួរក្បាលរបស់អ្នកឲ្យកាន់តែមានថាមពល និងផលិតភាព៕

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់