adverise with khmeread 678f427e 2148 45b2 bafb 5d9b985e0a6b

នាំ​បុរស​ជនជាតិ​ថៃ​ឆែកឆេរ​ផ្ទះ​រកឃើញ​ថ្នាំញៀន​២៣​ដុំ​ថែមទៀត

    ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន នាំខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់​ទៅ ឆែកឆេរ​ផ្ទះជួល​បន្តទៀត បាន​រកឃើញ​គ្រឿងញៀន​៣​ប្រភេទ​មាន​ចំនួន​២៣​ដុំ កាលពី​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២​ សីហា ​២០១៦​នៅផ្ទះ​ល្វែង​លេខ​០៥​ ផ្លូវ​NW០៦ ​ក្នុង​បូរី​ពិភពថ្មី​ ក្រុម​៧ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បន្ទាប់ពី​បាន​ឃាត់ខ្លួន​បឋម​បាន​ថ្នាំញៀន​៣​គីឡូក្រាម​កាលពី​ល្ងាច​ថ្ងៃទី​១ ​សីហា។ 

    ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ដ៍​ធំ​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម សេនីយ៍​ឯក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​, ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី​នាយករង​មន្ទីរ​, ​លោក វរៈសេនីយ៍ទោ ឈូក គា នាយរង​ការិយាល័យ​និង​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្រប សម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី ភ្នំពេញ ​និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផាន់ ហៅ​ក្រៅ​ឈ្មោះ​ហង្ស សុភាព​ អាយុ​៥២​ឆ្នាំ ជនជាតិ​ថៃ​ស្នាក់នៅ​ផ្ទះជួល​ល្វែង លេខ​០៥​ ផ្លូវ​NW០៦​ ក្នុង​បូរី​ពិភពថ្មី ក្រុម​៧ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បន្តថា មុន​ដល់​ឈាន​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​កម្លាំង​ប៉ូលិស​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​នេះ​ជា​យូ​មកហើយ​ទើប​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃទី​១​សីហា ។ 

    ប៉ូលិស​បន្តទៀតថា បុរស​ជនជាតិ​ថៃ​ម្នាក់​ខាងលើនេះ​ ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​បាន​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ​(ICE)​ ទឹកកក​ទម្ងន់​៣​គីឡូក្រាម​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។ 

    ក្រោយពី​ឃាត់​ហើយ​ត្រូវបាន​នាំខ្លួន​យក ទៅធ្វើ​ការសាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​លុះដល់​ល្ងាច​ខាងលើ​បាន​ឈានទៅ​ធ្វើការ​ឆែកឆេរ​ដល់​អាស្រ័យ​ដ្ឋា​ន​ខាងលើ​បន្ត​ទៀត។​

    ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​លំនៅ​ដ្ឋា​ន​ខាងលើ​សមត្ថកិច្ច​បាន​រកឃើញ​វ៉ា​លី​ពណ៌​ខ្មៅ​ចំនួន​មួយ​ ហើយ​បើក​មើលឃើញ​មាន​គ្រឿងញៀន​ក្នុង​កាបូប​ខាងលើ​មាន​ចំនួន​២៣​ដុំ ​(​មាន​៣​ប្រភេទ​) ​នៅក្នុង​នោះ​ និង​បាន​ដកហូត រថយន្ត​ចំនួន​២​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ស្ករ ​១​គ្រឿង​ស្លាក​លេខ​ភ្នំពេញ​ 2C-8599 ​និង​រថយន្ត​ម៉ាក​សឺ​ដេ​ស ​ពណ៌​ទឹកប្រាក់ ​ស្លាក​លេខ​ភ្នំពេញ 2H-6266។​

    បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ខាងលើ​បាន​នាំយកទៅ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ចាត់ការ​តាម​នីតិ​វិ​ធី៕

adverise with khmeread

មតិយោបល់