1

គេ​ខំរៀន​ឯង​ខំ​ច្រណែន​! មិត្តទ្រុស្តមិត្ត​លួច​កែ​ពាក្យ​ដើម្បីឱ្យ​មិត្ត​ដែល​ពូកែ​ជាង​ខាន​រៀន​សាកលវិទ្យាល័យ​ជម្រើស​

    ​សិស្ស​វិទ្យាល័យ​មកពី​ចិន​ភាគ​ខាងកើត​ម្នាក់​ខកខាន​ចូលរៀន​សាកលវិទ្យាល័យ​ជម្រើស​របស់ខ្លួន ព្រោះ​មិត្ត​រួម​ថ្នាក់​ម្នាក់​បាន​លួច​កែ​ពាក្យ​ប្រឡង​ចូលរៀន​របស់ខ្លួន​ដោយ​មិនឱ្យ​សាមីខ្លួន​បានដឹង ហើយ​មិត្ត​រួម​ថ្នាក់​នោះ​បែរជា​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​នោះ​ជំនួស​វិញ​។ នេះ​បើតាម​វេ​ប​សាយ South China Morning Post ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៣ សីហា​។ 

​    ​សិស្ស​ឈ្មោះ Chang Sheng រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ឈី​ង​តាវ (Qingdao) ខេត្ត​សាន​ទុង ហើយ​ចង់​ចូលរៀន​នៅ​សាកលវិទ្យាល័យ Shaanxi Normal University​។ 

​    ​ក្រោយមក​រូបគេ​បានដឹងថា ខ្លួន​ត្រូវ​សាកលវិទ្យាល័យ​នេះ​បដិសេធ ប៉ុន្តែ​មិត្ត​រួម​ថ្នាក់ ដែលមាន​ពិន្ទុ​ទាប​ក្នុង​ការប្រឡង​ចូល​សាកលវិទ្យាល័យ​នោះ បែរជា​ត្រូវ​សាកលវិទ្យាល័យ​ទទួលយក​ទៅវិញ​។ 

​    ​Chang Sheng បាន​រកឃើញ​មូលហេតុ​គឺថា ជម្រើស​ទីមួយ​នៃ​សាកលវិទ្យាល័យ​របស់គាត់​នៅលើ​ពាក្យ​ប្រឡង​ត្រូវបាន​ប្តូរ​ទៅ​ដាក់​នៅ​សាកលវិទ្យាល័យ​ផ្សេង​នៅ​ខេត្ត​សាន​ទុង​។ 

​    ​Chang Sheng និយាយថា ខ្លួន​បាន​បំពេញ​ពាក្យ​នៅ​ការិយាល័យ​របស់​គ្រូ នៅ​ព្រឹក​មួយ ខណៈដែល​មិត្ត​រួម​ថ្នាក់​ឈ្មោះ Guo ឈរ​នៅក្បែរ​គាត់ រង់ចាំ​វេន​របស់ខ្លួន​។ 

​    ​ទិន្នន័យ​កុំព្យូទ័រ​បានបង្ហាញ​ថា ពាក្យ​របស់ Chang ត្រូវបាន​កែ​ឡើងវិញ​ពីរដង​នៅថ្ងៃនោះ​។ 

​    ​របាយការណ៍​ព័ត៌មាន​បាន​និយាយថា ឪពុក​របស់​សិស្ស​ដែល​លួច​កែ​ពាក្យ​របស់ Chang  បាន​សារភាព​ប្រាប់​ឪពុកម្តាយ​របស់​បេក្ខជន​ប្រឡង​ធ្លាក់ (Chang) ថា កូនប្រុស​របស់គាត់​បា​ន​លួច​ចូលទៅ​កែ​ពាក្យ​ប្រឡង​នោះ​ក្នុង​កុំព្យូទ័រ​។​

​    ​អាជ្ញាធរ​ត្រួតពិនិត្យ​ការដាក់​ពាក្យ​ចូលរៀន​សាកលវិទ្យាល័យ​របស់​ខេត្ត​សាន​ទុង​និយាយ​នៅលើ​គណនី​បណ្តាញ​សង្គម​របស់ខ្លួន​ថា ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​នេះ​ផ្អែកលើ​ការស៊ើបអង្កេត​របស់​ប៉ូលិស​ក្នុងករណីនេះ​៕  

ប្រភព៖ scmp

មតិយោបល់