adverise with khmeread Untitled 1

ISIS បែរ​ទិសដៅ​វាយប្រហារ​មក​អាស៊ីអាគ្នេយ៍​ចំ​ពេលដែល​ការគាំទ្រ​នៅ​មជ្ឈិមបូព៌ា​ធ្លាក់ចុះ​

    ​យោងតាម​វេ​ប​សាយ channelnewsasia ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា លោក Ahmad El-Muhammady អ្នកជំនាញ​ផ្នែក​ភេរវកម្ម​ម៉ាឡេស៊ី ដែល​ធ្លាប់ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកទោស​ជាង ៥០ នាក់​បាន​និយាយថា គ្រោះថ្នាក់​ពិតប្រាកដ គឺ​ក្រុម​យុទ្ធជន ដែល​វិល​ត្រឡប់មក​ប្រទេស​របស់​ពួកគេ​វិញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយនឹង​ជំនាញ​និង​បទពិសោធន៍​ធ្វើសង្គ្រាម​ស្រាប់​។​

​    ​លោក El-Muhammady ទីប្រឹក្សា​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី បាន​និយាយថា ក្រុម ISIS​កំពុងមាន​វត្តមាន​ច្រើនឡើង​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ជំនួស​ការបាត់​បង់ការ​តស៊ូ​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​។​

​    ​កាលពី​ខែឧសភា ក្រុមមន្ត្រី​មកពី​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយថា ISIS បាន​បាត់បង់​ទឹកដី​ដែល​ខ្លួន​កាន់កាប់​នៅ​អ៊ីរ៉ាក់​ចំនួន ៤៥ ភាគរយ និង​នៅ​ស៊ី​រី​ចំនួន ១០ ភាគរយ​។​

​    ​លោក El-Muhammady បាន​និយាយថា “​តំបន់​ដែល​គ្រប់គ្រង​ដោយ ISIS កំពុងតែ​រួម​តូច​។ បញ្ហា​នេះ​បានធ្វើ​ប៉ះពាល់​ផ្នែក​ចិត្តសាស្ត្រ​ដល់​ពួកវា​។ ក្នុងចំណោម​ទាហាន​ផ្នែក​ព័ត៌មានវិទ្យា ពួកវា​បាន​ចោទ​ជា​សំណួរ​ថា​តើ​អ្វី​កំពុង​កើតឡើង​ចំពោះ​ពួកវា នៅពេលនេះ​?”​។​

 
​    ​លោក​បាន​និយាយថា “​តើ ISIS អាច​រក្សា​ការគាំទ្រ​យ៉ាងដូចម្តេច​? ហេតុនេះហើយ ពួកវា​ត្រូវតែ​បន្ត​ការតស៊ូ​ប្រយុទ្ធ​ជា​លើក​ទី ២ នៅ​បណ្តា​ប្រទេសជិតខាង​របស់​ពួកវា ឬ​តស៊ូ​ប្រយុទ្ធ​ជា​លើក​ទី​៣ នៅ​អាស៊ីអាគ្នេយ៍​”​។​

​    ​មានការ​វាយប្រហារ​ជាច្រើន​ដោយ​ក្រុម ISIS កាលពីពេល​ថ្មី​នេះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ កាលពី​ខែមករា​មនុស្ស​ចំនួន​៧​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ទីក្រុង​ហ្សា​រកា​តា ប្រទេស​ឥណ្ឌូនេស៊ី ហើយ ISIS បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។ កាលពី​ខែមិថុនា ក្រុម ISIS បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្លិប​កម្សាន្ត​មួយ​នៅ​ម៉ាឡេស៊ី ដោយ​បណ្តាលឱ្យ​មនុស្ស ៨ នាក់​រងរបួស​។  

​    ​នៅក្នុង​វីដេអូ​មួយ​របស់ ISIS កាលពីពេល​ថ្មី​នេះ ក្រុម​នេះ​បាន​អំពាវ​នាវា​ឱ្យ​យុទ្ធជន​របស់​ពួកគេ​ផ្តោត​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ហ្វីលីពីន​៕

ប្រភព៖ Channelnewasia

adverise with khmeread

មតិយោបល់