ភ្នំពេញ ៖ យុវជនប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែម៉ូតូ២គ្រឿងជិះក្នុងល្បឿនលឿនដូចគ្នា បុកនៅចំណុចផ្លូវបែកជា៤ពេញទំហឹង។
គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លវលេខ៣៦០ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញម៉ូតូទាំង២គ្រឿងជិះក្នុងល្បឿនលឿនដូចគ្នា ដោយម៉ូតូម៉ាក ZOOMER X ពណ៌ផ្កាឈូក-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-7976 ជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិច។
ចំណែកភាគីម្ខាងទៀត ម៉ូតូហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8412 ជិះឌុបគ្នា២នាក់ តាមបណ្តោយផ្លូវលេខ១៤៣ ទិសដៅពីជើងទៅត្បូង។
ពេលមកដល់ចំណុច កើតហេតុបានបុកគ្នាពេញទំហឹង បណ្តាលឱ្យភាគីទាំងសងខាង(៥នាក់) រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ យ៉ាងណាក៏ដោយប៉ូលិសមិនទានបញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញ ធ្វើការវាស់វែងយកម៉ូតូដែលខូចខាតទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន រង់ចាំដោះស្រាយនាពេលក្រោយ៕
