adverise with khmeread 1

បើកម៉ូតូលឿនដួលបោកក្បាលនឹងខឿនផ្លូវធ្លាយខួរស្លាប់ភ្លាមៗ

   ភ្នំពេញ ៖ យុវជន​ម្នាក់​បែក​លលា​ដ៏​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារតែ​គាត់​បើក​ម៉ូតូ​លឿន​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត ជ្រុល​បុក​ខឿន​ផ្លូវស្លាប់​តែម្តង​។​
   គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឃុន វុ​ទ្ឋី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​
   សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ខាងលើ​បើក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៧ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-9447 ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិចទៅ​កើត​។​
     លុះ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ក៏​ជ្រុល​ទៅបុក​ខឿន​ទ្រូងផ្លូវ​ម៉ូតូ​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ ចំណែក​អ្នកបើក​ម៉ូតូ​បោក​ក្បាល​នឹង​ខឿន​ថ្នល់​បែក​លលា​ដ៏​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​តែម្តង​។​
    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​សម្រួល​ចរាចរណ៍ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​បុ​ស្តិ៍​ចោមចៅ និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ឯ​ស្រុកកំណើត ៕


adverise with khmeread

មតិយោបល់