adverise with khmeread 11

ថ្ងៃទី២រកឃើញយានយន្តជិត ៨ពាន់គ្រឿងល្មើសច្បាប់ចរាចរណ៍ផាកពិន័យបានជាង៧៦លានរៀល

    ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២​ត្រូវ​នឹង​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក៏ដូចជា​ប្រតិ ប​ត្តិ​ការ​រឹតបន្តឹង​ខ្លាំង​ទៅលើ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​លើ​ដង​វិថី​នោះ កម្លាំង​ប៉ូលិស បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ប្រមាណ ៧.៩៦៣​គ្រឿង កើនឡើង​លើស​ថ្ងៃ​ម្សិលមិញ ៤៤៤​គ្រឿង​។​
    លោក ហ៊ឹម យ៉ាន បាន​ឲ្យ​ដឹងថា យានយន្ត​ល្មើសច្បាប់​ភាគច្រើន​លើសលុប​ជា​ម៉ូតូ​គ្មាន​ស្លាក​លេខ​។ ក្នុងនោះ​យានយន្ត ៤២៦០​គ្រឿង ក្រោយ​ពិន័យ និង អប់រំ ក៏​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ ដោយឡែក​យានយន្ត ១៤៩​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​។​
     លោក ហឹម យ៉ាន បាន​កោតសរសើរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង និង​គោរព​ច្បាប់​ចរាចរណ៍​បានល្អ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០-៩០ ភាគរយ បាន​យល់​ពី​ច្បាប់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ នៅសល់​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ មិនទាន់បាន​យល់ដឹង និង​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​។​
   លោក​ឧ​ត្ត​ម​សេនីយ៍ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ការ​អធ្យាស្រ័យ​គ្នា កុំ​ធ្វេសប្រហែស​និង​គោរព​ច្បាប់​គ្រប់ពេល និង​ទីកន្លែង​។ លោក​បាន​លើក​ជា​ពាក្យស្លោក​ថា​" បើកបរ​ដោយ​គោរ​ច្បាប់ ដូច​គោរព​អាយុជីវិត​ខ្លួនឯង និង អ្នកដទៃ​"​។​
  តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ប៉ូលិស​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០២ ខែមករា​នេះ ការផាកពិន័យ​លើ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ បាន​ចំនួន​រហូតដល់​ជាង​៧៦​លាន​រៀល​។​
   នៅ​ថ្ងៃទី​០១ ខែមករា ដែលជា​ថ្ងៃ​ដំបូង​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កម្លាំង​ប៉ូលិស​ចរាចរណ៍​ឃាត់​យានយន្ត​ល្មើសច្បាប់​ចំនួន ៧.៥១៩​គ្រឿង​។ ក្នុងនោះ​ធ្វើការ​អប់រំ​ចំនួន ៤.៥៤៣​គ្រឿង ផាកពិន័យ ២៩២៥​គ្រឿង និង ឃាត់​យានយន្ត​ទុក​ចំនួន​១១០​គ្រឿង​៕​

adverise with khmeread

មតិយោបល់