ពិនិត្យមើលបាតដៃរបស់លោកអ្នកទៅមើល៎ ថាតើមានខ្សែបាតដៃរូបត្បូងពេជ្រ ផ្កាយ និងត្រីកោណ ដែរទេ? តែត្រូវចាំ ខ្សែទាំងនោះត្រូវតែដិត ច្បាស់ល្អ មិនមែនព្រាលៗនោះទេ។
មនុស្សភាគច្រើនមានបាតដៃប្រភេទរូបទាំងអស់នេះ ហើយវាមានអត្ថន័យពិសេសរបស់វា។
១. ត្រីកោណក្នុងបាតដៃ
មនុស្សដែលមានបាតដៃដូច្នេះគឺមានទេពកោសល្យពិសេសមួយចំនួន។ ប្រសិនបើអ្នកមានរូបត្រីកោណច្រើន មិនថាតូចឬធំទេ វាមានន័យថា អ្នកមានទេពកោសល្យច្រើន ប៉ុន្តែប្រសិនបើខ្សែត្រីកោណនោះច្បាស់ល្អមិនព្រាល មានន័យថា លោកអ្នកមានឱកាសច្រើនណាស់ក្នុងការក្លាយជាមនុស្សល្បី និងមានគេគោរពក្នុងសង្គម។
ប្រសិនបើខ្សែវាសនា (Destiny line) លើបាតដៃរបស់អ្នកបង្កើតចេញជារាងត្រីកោណវិញនោះ វាមាន័យថា លោកអ្នកនឹងធានាទទួលបានជោគជ័យក្នុងជីវិតជាក់ជាមិនខាន។
២. ផ្កាយក្នុងបាតដៃ
ផ្កាយលើបាតដៃភាគច្រើនស្ថិតនៅចុងខ្សែបាតដៃធំៗ និងមានខ្សែតូចៗចម្រុះជុំវិញវា (ប្រៀបបីដូចជាផ្កាយ) ដែលប្រសព្វនឹងខ្សែផ្សេងទៀត។ រូបផ្កាយបង្ហាញថា អ្នកជាមនុស្សមានសមត្ថភាពពិសេស និងមានអំណាច។ ប្រសិនបើខ្សែនេះស្ថិតក្រោមខ្សែបេះដូង (Heart Line) មានន័យថា អ្នកជាមនុស្សមានអំណាចឬជំនាញអស្ចារ្យបំផុត។ ហើយប្រសិនបើរូបផ្កាយនេះស្ថិតនៅលើខ្សែជីវិត (Life Line) ក្រោមដៃចង្អុល មានន័យថា អ្នកជាមនុស្សមានសមត្ថភាពប្រាជ្ញាអស្ចារ្យ ដែលមានការតាំងចិត្តខ្ពស់លើផ្នែកវិទ្យាសាស្ត្រ ទស្សនវិទ្យា ឬសាសនា។
៣. ពេជ្រក្នុងបាតដៃ
ប្រសិនបើអ្នកមានរូបពេជ្រលើបាតដៃ មានន័យថា លោកអ្នកជាមនុស្សដែលមានស្មារតីផ្សងព្រេងខ្ពស់។ លោកអ្នកជាមនុស្សមិនអាចឃាត់ឈ្នះឡើយនៅពេលនិយាយដល់ការសម្រេចបំណងអ្វីមួយ ដែលពិបាកស្មាន។
លោកអ្នកជាមនុស្សពោរពេញដោយសេចក្តីក្លាហាន ប៉ុន្តែមិនចេះប្រុងប្រយ័ត្ននោះទេ ព្រោះតែលោកអ្នកចង់ស្វែងរកចម្លើយចំពោះអ្វីមួយដែលលោកអ្នកចង់ដឹងចង់ឮ។ លោកអ្នកស័ក្តិសមជាអ្នកស្រាវជ្រាវ ដែលហ៊ានប្រថុយប្រថានគ្រប់បែបយ៉ាង តែការប្រថុយនោះមិនអត់ប្រយោជន៍នោះឡើយ៕
