Untitled 1

រួចខ្លួន​ពីបទ​រំលោភ ដោយសារ​ប្តូរ​ចិត្ត​មក​រៀបការ​ជាមួយ​ជនរងគ្រោះ​អាយុ ១៤ ឆ្នាំ​

    ​យោងតាម​វេ​ប​សាយ Independent ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ សីហា​បានឱ្យដឹងថា បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នា​ក់បាន​រួច​ផុតពី​ការជាប់គុក បន្ទាប់ពី​បាន​រៀបការ​ជាមួយ​ជនរងគ្រោះ ដោយ​បង្កឱ្យមាន​កំហឹង​ពី​ក្រុម​សិទ្ធិមនុស្ស និង មានការ​អំពាវនាវ​ឱ្យធ្វើ​ការហាមឃាត់​ការ​រៀបការ​ជាមួយ​កុមារ​។ 

​    ​លោក Ahmad Syukri Yusuf អាយុ ២២ ឆ្នាំ ត្រូវ​ប្រឈមមុខ​ជាប់គុក ៣០ ឆ្នាំ និង​ត្រូវ​ពិន័យ​ឱ្យ​ស៊ី​ច្រើន​រំពាត់ បន្ទាប់ពី​ជននេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​ម្នាក់​។​

​    ​ប៉ុន្ដែ​គាត់​បាន​ចៀស​ផុតពី​ការផ្ដន្ទាទោស បន្ទាប់ពី​បាន​រៀបការ​ជាមួយ​ក្មេងស្រី​ជនរងគ្រោះ ក្រោម​ច្បាប់​អ៊ីស្លាម​។​

​    ​រដ្ឋអាជ្ញា​លោក Ahmad Fariz Abdul Hamid បាន​និយាយ​ក្នុង​តុលាការ​ក្នុង​ទីក្រុង Kuching នៅ​ភាគ​ខាងកើត​រដ្ឋ​សា​រ៉ា​វ៉ា​ក់​ប្រទេស​ម៉ាឡេស៊ី​ថា ករណីនេះ​មិន​ត្រូវបាន​បន្តទៀត​ទេ បន្ទាប់ពី​សំបុត្រអាពាហ៍ពិពាហ៍​បានចេញ ហើយ​ក្មេងស្រី​នោះបាន​ដក​ពាក្យបណ្ដឹង​វិញ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​

​    ​ក្រោម​ច្បាប់រដ្ឋប្បវេណី​របស់​ម៉ាឡេស៊ី អាយុ​ទាប​បំផុត​តម្រូវឱ្យ​រៀបការ​បាន​គឺ​ចាប់ពី ១៨ ឆ្នាំ​ឡើង ប៉ុន្ដែ​ក្រោម​ច្បាប់ Sharia តុលាការ​អាច​អនុញ្ញាតឱ្យ​ជន​មូស្លីម​រៀបការ​នៅ​អាយុ​ក្រោម ១៦ ឆ្នាំ​បាន ដូច្នេះ​មានន័យថា​ពួកគេ​អាច​រៀបការ​ជាមួយ​កុមារ​បាន​៕

នេះ​ជា​រូបតំណាង របស់​ក្រុម​យុទ្ធនា​ការប្រឆាំង​អាពាហ៍ពិពាហ៍​កុមារ

ប្រភព៖ independent

មតិយោបល់