ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែស្ត្រីជនជាតិចិនម្នាក់ត្រូវជនជាតិគ្នាឯងចាប់គំរាមទារប្រាក់បាន៤ម៉ឺនយន់ហើយគេចខ្លួនបាត់តែម្តង។
អំពើចាប់ជំរិតនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុច អាផាតមិន នគរឡាក់គី នៅជិតបេនឡានតាក់ស៊ីផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
បើតាមសំដីជនរងគ្រោះដែលជាជនជាតិចិន ភេទស្រី មានមុខរបអ្នកលក់សម្លៀកបំពាក់កូនក្មេងនៅក្នុងផ្សារអូរឡាំពិក តូបលេខ ៣៧០ បានឱ្យដឹងថា រូបគាត់ និងជនសង្ស័យមិនដែលស្គាល់គ្នាទេ ហើយនៅមុនពេលកើតហេតុមួយថ្ងៃជនសង្ស័យបានទូរស័ព្ទមកទាក់ទងរូបគាត់ (មិនដឹងបានលេខទូរស័ព្ទមកពីណា) ថាចង់រកស៊ីជាមួយគាត់ព្រោះគេ (ជនសង្ស័យ) ស្គាល់រោងចក្រផលិតសម្លៀកបំពាក់។ ពេលឮដូចនេះរូបគាត់ក៏បានណាត់ជាមួយជនសង្ស័យដើម្បីរកស៊ី។
ជនរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងត្រូវនឹងថ្ងៃកើតហេតុ នៅវេលាព្រឹកម៉ោងប្រហែល៨ ជនរងគ្រោះបានប្រាប់ប្តីថានៅលក់មួយព្រឹកទៅ ព្រោះគាត់ត្រូវទៅក្រៅជួបម៉ូយដែលជាអ្នកនាំសម្លៀកបំពាក់ពីក្រៅបរទេស។
បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូកង់បីពីផ្សារអូឡាំពិកសំដៅទៅផ្លូវលេខ៣១០ ដើម្បីទៅយកមិត្តភក្តិម្នាក់ទៀតគ្រាន់បានជាគ្នា។ តែគ្រាន់តែជិះកង់បីចេញផុតពីផ្សារអូឡាំពិកបានបន្តិចក៏មានរថយន្តទូរីសមួយគ្រឿងមិនចាំស្លាកលេខមកកាក់មុខម៉ូតូកង់បី ហើយមានបុរស២នាក់ចុះមកគំរាមបាញ់សម្លាប់។ ហើយក៏ចាប់ជនរងគ្រោះបិតភ្នែកហើយរុញបញ្ចូលក្នុងរថយន្តដឹកយកមកដល់ផ្សារថ្មីទើបបើកភ្នែកវិញ និងបាននាំជនរងគ្រោះឡើងទៅ អាផាតមិន នគរឡាក់គី បន្ទប់លេខ៣០៥ ដោយមានកាំភ្លើងភ្ជុង់ជាប់ពីក្រោយរហូត។
ពេលទៅដល់ក្នុងបន្ទប់ជនសង្ស័យ បានប្រាប់ទៅជនរងគ្រោះឱ្យទូរស័ព្ទទៅក្រុមគ្រួសារនៅឯស្រុកចិនផ្ញើប្រាក់ចំនួន១០ម៉ឺនយន់មកឱ្យពួកវាជាថ្នូរនិងការដោះលែង។ តែដោយសារខាងគ្រួសារនៅឯស្រុកចិនរកលុយមិនទាន់ទើបសុំនៅត្រឹម៤ម៉ឺនយន់វិញ ។
ក្រោយពីបានទទួលប្រាក់ហើយជនសង្ស័យបានគេចខ្លួនបាត់អស់។
តែបើតាមសំដីអ្នកគ្រប់គ្រង់ អាផាតមិនវិញបានឱ្យដឹងថា មុនថ្ងៃកើតហតុមួយថ្ងៃមានមនុស្សមួយក្រុមមកជួលអាផាតមិនស្នាក់នៅមួយថ្ងៃ គឺបន្ទប់លេខ៣០៥ និង២០៦ ។ ហើយនៅយប់កើតហេតុគាត់បានឃើញជនរងគ្រោះដើរចូលក្នុងអាផាតមិនជាមួយបុរស២នាក់ តែមើលតាមកាយវិការហាក់ដូចជាអត់មានការគំរាមកំហែងអ្វីទេ គឺបុរសទាំង២នាក់ដើរមុខ ជនរងគ្រោះដើរក្រោយ ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើក៏ផ្អើលថាមានគេចាប់ជំរិតទៅវិញ។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងបានចូលទៅក្នុងបន្ទប់លេខ៣០៥ ដែលគេឃុំជនរងគ្រោះ និងបានរងឃើញខ្សែចំណងចងដៃចំនួន៣ខ្សែ កូនកាំបិតចំនួនមួយ។
នៅជំហានដំបូងខាងសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថាជាករណីអ្វីឱ្យពិតប្រាកដទេ ព្រោះថាតាមសំដីជនរងគ្រោះ និងសំដីអ្នកគ្រប់គ្រង់ អាផាតមិន ហាក់ដូចជាមិនស៊ីសង្វាក់គ្នាសោះ មានតែនាំជងរងគ្រោះ និងអ្នកគ្រប់គ្រង់អាផាតមិន ព្រមទាំងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពមកធ្វើការវិភាគ និងសួរនាំឱ្យបានច្បាស់លាស់ជាមុនទើបអាចសន្និដ្ឋានបានថាជាករណីអ្វី៕
