adverise with khmeread 2

បាត់ឈ្មោះ Messi ពី​បេក្ខជន​ទាំង ៣ ដើម្បី​ដណ្តើម​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីបអឺរ៉ុប​

    ​តារាបាល់ទាត់​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន​មិនមាន​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំងបី​សម្រាប់​ទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​តំបន់​អឺរ៉ុប​ទេ ដែល​ការជ្រើសរើស​ចុងក្រោយ​គឺ​បាន​ទៅលើ​ដៃគូ​ដ៏​គ្រោះថ្នាក់​របស់​អធិរាជ​ស Real Madrid និង​ខ្សែប្រយុទ្ធ​ឆ្នើម​មកពី​ក្រុម Atletico Madrid ទៅវិញ​។​

​    ​Lionel Messi ត្រូវបាន​ដកចេញ​ពី​បញ្ជី​នៃ​ការ​ជ្រើស​បេក្ខជន​បីនាក់​ចុងក្រោយ​សម្រាប់​ការ​ប្រជែង​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​តំបន់​អឺរ៉ុប UEFA Best Player in Europe Award ខណៈដែល Cristiano Ronaldo, Gareth Bale និង Antoine Griezmann ស្ថិតក្នុង​ដំណើរ​ប្រជែង​មួយ​នេះ​។​

​    ​Messi មិនបាន​ស្ថិត​សូម្បីតែ​នៅក្នុង​ចំណាត់ថ្នាក់​ទី​បួន​នៅក្នុង​បញ្ជី​បេក្ខជន​ទាំង​១០ ខណៈដែល​មិត្ត​រួម​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Luis Suarez បាន​រុញ​គាត់​ទៅកាន់​ចំណាត់ថ្នាក់​ទី​ប្រាំ​។​

​     Ronaldo អាចជា​កីឡាករ​ដែលមាន​លទ្ធភាព​ខ្ពស់​ជាងគេ​សម្រាប់​ពានរង្វាន់​មួយ​នេះ ដោយបាន​ដឹកនាំ Real Madrid ឆ្ពោះទៅកាន់​ការលើក​ពាន Champions League ទី​១១ របស់​ពួកគេ​ក្នុង​រដូវ​កាល ២០១៥-១៦ មុនពេល​ដែល​គ្រង​តំណែង​ពាន​កំពូល​ទ្វីបអឺរ៉ុប​ជាមួយនឹង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​បារាំង​ដែលជា​ម្ចាស់ផ្ទះ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍ Euro 2016 ។​

​    ​ទន្ទឹមនឹង​នេះដែរ Bale ក៏បាន​ឈ្នះ​ពាន Champions League ជាមួយនឹង​អធិរាជ​ស​ផងដែរ រួម​ជាមួយនឹង​ការដឹក​ដៃ​ក្រុម​ជម្រើសជាតិ​វែ​ល​ដោយ​ភាព​មុះ​មត់​ឆ្លង​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅឯ​ដំណើរ​ប្រជែង​ពាន​កំពូល​ទ្វីបអឺរ៉ុប​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Griezmann បាន​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជាមួយ Atletico ហើយ​គាត់​ក៏បាន​បន្ត​បរាជ័យ​បន្តទៀត​ផងដែរ​ក្រោម​ដៃ​ក្រុម​របស់ Ronaldo នៅឯ​ពាន​ទ្វីបអឺរ៉ុប ទោះបីជា​គាត់​បាន​គ្រង​តំណែង​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ជាមួយនឹង​គ្រាប់​បាល់​ចំនួន ៦​គ្រាប់​ក៏ដោយ​។​

​     ពានរង្វាន់​មួយ​នេះ ដែល Messi បានឈ្នះ​កាលពី​ឆ្នាំមុន គឺ​ត្រូវបាន​បោះឆ្នោត​គាំទ្រ​ដោយ​អ្នកកាសែត​ពី​ប្រទេស​ជា​សមាជិក​របស់ UEFA ។ Gianluigi Buffon, Toni Kroos, Thomas Muller, Manuel Neuer និង Pepe គឺជា​កីឡាករ​ដទៃទៀត​ដែល​ស្ថិតនៅក្នុង​បញ្ជី​បេក្ខជន​ទាំង​១០​ក្នុង​បញ្ជី​មួយ​នេះ​។​

​    ​អ្នក​គ្រង​តំណែង​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី​២៥ ខែសីហា​ខាងមុខនេះ ដែលជា​ថ្ងៃ​នៃ​ការ​ផ្គូរ​ផ្គង​សម្រាប់​វគ្គ​ចាប់​ពូ​ល Champions League៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់