adverise with khmeread Untitled 1

ប្រេ​ស៊ី​លបើក​អូឡាំពិក​ជា​ផ្លូវការ​យប់មិញ តែ​ខ្សត់​មនុស្ស​ចូល​មើល​

    ​យោងតាម​វេ​ប​សាយ Daily Mail ពិធី​បើក​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦ បានចាប់ផ្តើម​ក្នុង​ទីក្រុង​រី​យ៉ូ​កាលពី​យប់​ថ្ងៃ​សុក្រ​ជាមួយ​ការអបអរ​ខាង​វប្បធម៌​ប្រេ​ស៊ី​ល​ដ៏​គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែ​កៅអី​នៅ​ពហុ​កីឡដ្ឋាន​រាប់ពាន់​គ្មាន​អ្នក​អង្គុយ​នោះឡើយ ខណៈដែល​ពលរដ្ឋ​ប្រេ​ស៊ី​ល ដែល​ខឹង​រឿង​វិវាទ​សេដ្ឋកិច្ច បានសម្រេច​ចិត្ត​នៅ​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​កីឡា​នេះ​។​

​    ​ពហុ​កីឡដ្ឋាន​ចំណុះ ៨០.០០០ កៅអី​មាន​អ្នក​អង្គុយ​ពេញ​មិន​ដល់ ២​ភាគ​៣​នោះឡើយ នៅពេល​ភ្លើង​ចាប់ផ្តើម​បើក​បំភ្លឺ​ក្នុង​ស្តា​ត​។ ពិធីករ​ទូរទស្សន៍​ប្រេ​ស៊ី​ល​មួយរូប​បាន​ប្រាប់​ទស្សនិកជន​ថា "​គ្នា​យើង ៦០.០០០ នាក់​បន្តិចទៀតនេះ​នឹងត្រូវ​បាន​ចូលរួម​ជាមួយ​មនុស្ស ៣ ពាន់​លាន​នាក់​" នៅលើ​កញ្ចក់​ទូរទស្សន៍​។ 

​    ​២០ នាទី​មុនពេល​ពិភពលោក​ចាប់ផ្តើម​បើក​ទូរទស្សន៍​មើល​ពិធី​បើក​កីឡា​អូឡាំពិក កៅអី​ជាច្រើន​នៅក្នុង​ព្រឹត្តិការណ៍​ដែល​លក់​សំបុត "​ដាច់​អស់រលីង​" នេះ សឹងតែ​គ្មាន​មនុស្ស​អង្គុយ​។ 

​     ភាគច្រើន​នៃ​កញ្ចប់​ថវិកា​ដ៏​ត្បិតត្បៀត​សម្រាប់​ពិធី​បើក​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​ត្រូវបាន​ចំណាយ​លើ​ការ​សំញែង​បច្ចេកវិជ្ជា​ខ្ពស់​ដ៏​ខ្ជះខ្ជាយ​សម្រាប់​ការ​បញ្ចាំង​ស្លាយ​វីដេអូ​នៃ​ព្រឹត្តិការណ៍​បើក​កីឡា​នេះ​។ 

​    ​ត្រឡប់​មើល​ការបង្ហាញ​វិញ កីឡដ្ឋាន​ទាំងមូល​បានប្រែក្លាយ​ទៅជា​ទស្សនីយភាព​ដ៏​អស្ចារ្យ ខណៈដែល​រូបចម្លាក់​មីក្រុប​ដ៏​ធំ​បានធ្វើ​បំលាស់​ទី​ពេញ​ពហុ​កីឡដ្ឋាន​។​

​    ​ពហុ​កីឡដ្ឋាន​ទាំងមូល​បានក្លាយ​ទៅជា​ព្រៃឈើ ហើយ​មនុស្ស​មកពី​កុលសម្ព័ន្ធ​ជនជាតិដើម​ភាគតិច​របស់​ប្រេ​ស៊ី​ល​ក្នុង​ឈុត​ប្រពៃណី​បាន​សម្តែង​របាំ​ស្រុះៗ​គ្នា​ជាមួយ​ពន្លឺភ្លើង​អុ​ប​ទិ​ក​ជួយ​បង្កើត​សិល្បៈ​កុលសម្ព័ន្ធ​ដ៏​អស្ចារ្យ​។ 

​    ​ដោយឡែក ប៉ូលិស​និង​ទាហាន​ប្រេ​ស៊ី​ល​ជាច្រើន​បាន​ពង្រឹង​សុវត្ថិភាព​នៅ​ជុំវិញ​ពហុ​កីឡដ្ឋាន Maracana Stadium សម្រាប់​ពិធី​បើក​ការប្រកួត​។ 

​    ​គេ​សង្កេតឃើញ​មន្ត្រីប៉ូលិស​និង​ទាហាន​ជាច្រើន​ដើរល្បាត​តាម​ដងផ្លូវ​នានា​ដើម្បី​ទប់ស្កាត់​អ​សណ្តាប់ធ្នាប់ ឬ អំពើ​ភេ​វក​ម្ម​។ ហើយ​ថ្ងៃ​ចុងក្រោយ​នៃ​ការរត់​កាន់​គប់​ភ្លើង​អូឡាំពិក​ក៏ត្រូវ​បាន​បង្វែរ​ទិសដៅ​ផងដែរ ដោយសារ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នាំគ្នា​ប្រមូលផ្តុំ​ស្ទះផ្លូវ​ដែល​ត្រូវ​រត់​កាន់​គប់​ភ្លើង​នោះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់