adverise with khmeread Traveling abroad

វិធីឆ្លាតទាំង ១០ ដើម្បីសន្សំលុយពេលធ្វើដំណើរក្រៅប្រទេស

សម្រាប់អ្នកមានចំណូលធូរធារគេអាចនឹងមិនសូវបារម្ភពីការចំណាយពេលដើរលេងក្រៅប្រទេសនោះទេ ប៉ុន្តែសម្រាប់អ្នកដំណើរដែលមានចំណូលមធ្យមឬក្រោមធម្យម ពួកគេប្រហែលជាមានលទ្ធភាពបានដើរក្រៅប្រទេសត្រឹមតែម្តងទេក្នុងមួយជីវិតរបស់ពួកគេ ដូច្នេះពួកគេត្រូវតែចំណាយពេលវិភាគមើលគ្រប់ជម្រើស និងត្រៀមលុយនិងរៀបគម្រោងដើរលេងយ៉ាងល្អិតល្អន់បំផុតដើម្បីសន្សំសំចៃលុយ។ សូមក្រឡេកមើលទាំងអស់គ្នានូវវិធីសន្សំសំចៃទាំង ១០ ជម្រើសពេលធ្វើដំណើរក្រៅប្រទេសដូចខាងក្រោម៖ 

១- ជ្រើសរើសតម្លៃសំបុត្រយន្តហោះឲ្យឆ្លាតវៃ
តម្លៃសំបុត្រយន្តហោះមិនត្រឹមតែប្រែប្រួលតាមពេលវេលានៃឆ្នាំប៉ុណ្ណោះទេ តែថែមទាំងតាមថ្ងៃនៃសប្តាហ៍ ដែលការធ្វើដំណើររបស់អ្នកចាប់ផ្តើមទៀតផង។ អ្នកជំនាញការធ្វើដំណើរណែនាំឲ្យទិញសំបុត្រនៅចន្លោះ ៥០-១០០ ថ្ងៃមុនអ្នកចេញដំណើរ។ អ្នកអាចកាត់បន្ថយចំណាយបាន ២០% ដោយជ្រើសរើសជើងហោះហើរដែលចេញដំណើរនៅថ្ងៃព្រហស្បតិ៍ និងត្រឡប់មកវិញនៅថ្ងៃចន្ទ។ លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនបានបញ្ចុះតម្លៃសំបុត្រអំឡុងខែកញ្ញា ហើយវិធីមួយទៀតដើម្បីកាត់បន្ថយចំណាយគឺតាមរយៈការធ្វើដំណើរទៅគោលដៅក្រៅប្រទេសរបស់អ្នកអំឡុងរដូវពុំសូវមានមនុស្សចេញដើរ។ 

២- ត្រូវធ្វើខ្លួនជាអ្នកដើរញ៉ាំអាហារណាដែលមានតម្លៃធូរថ្លៃ
អ្នកងាយនឹងត្រូវបានទាក់ទាញឲ្យចូលភោជនីយដ្ឋានសឹងគ្រប់កន្លែងនៅគោលដៅទេសចរណ៍របស់អ្នក ជាពិសេសនៅពេលអ្នកជួបនូវមុខម្ហូបដែលអ្នកចូលចិត្ត។ ទោះយ៉ាងណា ទីកន្លែងទាំងអស់នោះក៏សម្បូរណាស់ដែរនូវកន្លែងទទួលទានអាហារតម្លៃថោកសមរម្យ ហើយបើអ្នកចង់សន្សំលុយ អ៊ីចឹងចូលកន្លែងទាំងអស់នោះគឺពិតជាជម្រើសល្អណាស់។

៣- ជួលរថយន្តគេជិះ
សំណួរដំបូងដែលអ្នកចាំបាច់ត្រូវសួរខ្លួនឯងគឺថាតើអ្នកត្រូវការជួលរថយន្តដែរឬទេ? ប្រសិនបើត្រូវការ អ្នកគួរតែឆែកមើលរាល់វេបសាយកក់ការជួលឡានដែលបញ្ចុះតម្លៃ ដើម្បីជួលឡានដែលមានតម្លៃថោកបំផុត។ អ្នកក៏ត្រូវដឹងខ្លះៗដែរអំពីច្បាប់ក្នុងស្រុក និង ត្រូវសួរក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកថានឹងជួយអ្នករបៀបណានៅពេលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍។

៤- ប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលថោកបំផុត
បើសិនអ្នកមិនចង់ជួលឡានទេ អ៊ីចឹងអ្នកគួរតែស្វែងរកជម្រើសធ្វើដំណើរដែលថោកជាងនេះ។ មធ្យោបាយល្អបំផុតគឺការថ្មើរជើង។ ធ្វើបែបនេះអ្នកអាចដើរមើលសព្វទីកន្លែងក្នុងទីក្រុង និងមិនចំណាយអ្វីនោះទេ។ ប៉ុន្តែនៅពេលការថ្មើរជើងមិនមែនជាជម្រើសសក្តិសមទេនោះ អ្នកអាចរកមើលសំបុត្ររថភ្លើង ឬរថយន្តក្រុងបញ្ចុះតម្លៃ។  

៥- ត្រូវដឹងពីរូបិយប័ណ្ណរបស់អ្នក
អត្រាប្តូរប្រាក់មានការប្រែប្រួលគ្រប់ពេលវេលា ដូច្នេះវាជាគំនិតល្អមួយដែលត្រូវស្រាវជ្រាវមើលអត្រាប្តូរប្រាក់មុនពេលអ្នកធ្វើដំណើរក្រៅប្រទេស។ អ្នកអាចដូរលុយទុកមុនបាន ហើយប្រសិនបើអត្រាប្តូរលុយធ្លាក់ចុះ អ្នកអាចចំណេញក្បាលកាក់ច្រើនផងដែរពីការប្តូរលុយទុកជាមុន។ ប៉ុន្តែប្រសិនបើអ្នកចាយដុល្លារ អ្នកនឹងមិនចាំបាច់ដូរលុយទេ ប្រសិនបើប្រទេសគោលដៅនោះជាប្រទេសដុល្លារូបិយកម្ម។ 

៦- ស្រាវជ្រាវមើលកន្លែងស្នាក់នៅ
មនុស្សភាគច្រើនបានជ្រើសរើសសណ្ឋាគារ ដែលគេបញ្ចុះតម្លៃតាមរយៈវេបសាយធ្វើដំណើរ។ នេះជាហេតុផលរឹមមាំមួយដែលធ្វើឲ្យអ្នកសម្រេចចិត្តត្រូវតែស្នាក់នៅសណ្ឋាគារនោះ ប៉ុន្តែមានជម្រើសផ្សេងច្រើនទៀតដែលថោកជាងនេះ។ ប្រសិនបើអ្នកគ្មានបញ្ហាក្នុងការដេកបន្ទប់រួមគ្នា និងពុំបាននាំកូនទៅជាមួយ អ៊ីចឹងជម្រើសផ្ទះសំណាក់គឺពិតជាល្អណាស់សម្រាប់អ្នក។  

៧- ត្រូវប្រើជំនាញតថ្លៃពេលធ្វើដំណើរក្រៅប្រទេស
ផ្សារប្រពៃណីនៃប្រទេសនីមួយៗតែងតែលក់របស់របរគួរឲ្យចាប់អារម្មណ៍ជាច្រើន ប៉ុន្តែរបស់ទាំងនោះមិនមែនដាក់លក់ក្នុងតម្លៃថេរនោះទេ អ៊ីចឹងអ្នកអាចតថ្លៃបាន ប្រសិនបើចង់។ ដូច្នេះបើអ្នកមានជំនាញតថ្លៃស្រាប់ អ៊ីចឹងអ្នកនឹងអាចកាត់បន្ថយចំណាយបានយ៉ាងច្រើនពីការធ្វើដំណើរក្រៅប្រទេសរបស់អ្នក។ 

៨- ដោនឡូតកម្មវិធីការរៀបចំថវិកាធ្វើដំណើរ
ទោះបីជាអ្នកបានកក់ទុកអ្វីៗជាច្រើនជាមុនរួចហើយក៏ដោយ ក៏អ្នកនៅតែត្រូវជ្រើសរើសសណ្ឋាគារ ឬជួលរថយន្ត ខណៈកំពុងធ្វើដំណើរតាមយន្តហោះផងដែរ។ ជំនួសឲ្យការធ្វើអ្វីៗដោយជួបមុខផ្ទាល់ អ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់រៀបចំថវិកាធ្វើដំណើរដើម្បីស្វែងរកមើលគ្រប់ជម្រើសផ្សេងៗ រហូតដល់អ្នករកឃើញជម្រើសដែលធូរថ្លៃបំផុត។ កម្មវិធីទាំងនោះអាចជួយអ្នកបានច្រើនណាស់ ព្រោះអ្នកអាចមើលតម្លៃសេវាផ្សេងៗដែលឡើងចុះបានគ្រប់ពេលនៅក្នុងដៃរបស់អ្នក។

៩- ត្រូវចេះគេងចំណេញពីការកម្សាន្តឥតគិតថ្លៃ
សឹងតែគ្រប់ទីក្រុងធំៗគឺមានកន្លែងកម្សាន្តដែលឥតគិតថ្លៃ។ ដូចករណីទីក្រុងឡុងដ៍ សារៈមន្ទីរភាគច្រើនគឺអនុញ្ញាតឲ្យចូលទស្សនាដោយមិនគិតប្រាក់នោះទេ ហើយក្នុងទីក្រុងប៉ារីស សារៈមន្ទីរ Louvre បើកឲ្យចូលទស្សនាឥតគិតថ្លៃរាល់ថ្ងៃសៅរ៍នៃសប្តាហ៍ទីមួយរៀងរាល់ខែ។ អ្នកក៏អាចស្វែងរកកន្លែងប្រគុំតន្ត្រីដែលមិនគិតថ្លៃសឹងគ្រប់ប្រទេសផងដែរ។ 

១០- ត្រូវប្រកាន់ខ្ជាប់ថាត្រូវលេងតែកន្លែងដែលបានកំណត់ប៉ុណ្ណោះ
ជួនកាលពេលអ្នកទៅដល់គោលដៅដែលអ្នកបានកំណត់ហើយ អ្នកអាចនឹងត្រូវបានទាក់ទាញឲ្យទៅគោលដៅផ្សេងទៀត ដែលរឹតតែមានភាពទាក់ទាញជាងគោលដៅដែលអ្នកបានកំណត់ទៅទៀត។ ប្រសិនបើអ្នកទៅតាមគេមែន អ៊ីចឹងការចំណាយរបស់អ្នកនឹងរឹតតែកើនឡើង។ ដូច្នេះការប្រកាន់ខ្ជាប់នឹងការទៅលេងតែកន្លែងដែលបានកំណត់នឹងមិនធ្វើឲ្យអ្នកចំណាយបន្ថែមទៀតនោះទេ៕

adverise with khmeread

មតិយោបល់