4

សណ្ឋាគារ​លើ​កំពូលភ្នំ​នេះ មានតែ​គ្រែ​និង​មេឃ​ធ្វើ​ភួយ តែមួយ​យប់​ថ្លៃ​គួរសម​

​    ​មាន​ទីតាំងនៅ​ចំ​កណ្តាល​តំបន់​ជួរ​ភ្នំ​អាល់​នៃ​ប្រទេស​ស្វ៊ី​ស​និង​នៅលើ​នី​វូ​ទឹកសមុទ្រ​ដល់​ទៅ ១៩៧០ ម៉ែត្រ សណ្ឋាគារ​គំរូ Null Stern បាន​ច្នៃ​ឱ្យ​គំនិត​ដ៏​តូច​មួយ​ទៅជា​រឿង​ដ៏​អស្ចារ្យ​មួយ​បាន ដោយបាន​ដកចេញ​អស់​នូវ​ដំបូល ជញ្ជាំង​និង​បង្គន់​ជាដើម​ដោយ​ទុក​ត្រឹមតែ​គ្រែ​ដ៏​ធំ​មួយ​ឱ្យ​ភ្ញៀវ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត​ពេញភ្នែក ៣៦០ ដឺ​ក្រេ​ប៉ុណ្ណោះ​។​

​    ​វា​មើលទៅ​ដូចជា​សាមញ្ញ ប៉ុន្តែ​ទម្រាំ​សាងសង់​បន្ទប់​សណ្ឋាគារ​មួយ​នេះ​នៅលើ​ភ្នំ​បាន​គឺ​ត្រូវការ​កម្លាំង​ច្រើន​គួរសម​។ ក្រុម​សាងសង់​ដោយ​រួមបញ្ចូល​ទាំង​អេស្កាវ៉ាទ័​មួយគ្រឿង ដំបូង​ត្រូវតែ​ជីក​កាយ​ដី​លើ​ភ្នំ​ឱ្យ​រាបស្មើ​មុន​សិន មុននឹង​អាច​តម្លើង​គ្រែ តុ និង​អំពូល​ភ្លើង​បាន​។​

​    ​សហ​ស្ថាបនិក​នៃ​សណ្ឋាគារ​នេះ គឺ​លោក Daniel Charbonnier បាន​និយាយថា គោលដៅ​របស់លោក​គឺ "​ដាក់​ភ្ញៀវ​ឱ្យ​ក្រេប​យក​បទពិសោធន៍​ធម្មជាតិ និង​ផ្តោតអារម្មណ៍​លើ​របស់​អរូបី​តាមរយៈ​ការបន្ថយ​អ្វីៗ​ទាំងអស់​ទុក​ត្រឹម​គ្រែ​មួយ​ដូច្នេះ​"​។ 

​    ​ដូច្នេះហើយ​ទើប​ពួកគេ​សង់​សណ្ឋាគារ​នេះ​ឡើង​ដោយ​មិន​ដាក់​ជញ្ជាំង​និង​ដំបូល​ក៏ដូចជា​បន្ទប់ទឹក​នោះឡើយ​។ ភ្ញៀវ​ប្រហែល​មាន​បញ្ហា​ធំ​ដោយសារ​គ្មាន​បន្ទប់ទឹក ប៉ុន្តែ​សណ្ឋាគារ Null Stern បាន​បញ្ជាក់ថា មាន​បន្ទប់ទឹក​សាធារណៈ​នៅ​ចម្ងាយ ១៦ គីឡូម៉ែត្រ​ចុះ​ពី​ភ្នំ​។​

​    ​សណ្ឋាគារ​គ្មាន​ជញ្ជាំង​និង​ដំបូង​នេះ​មាន​សេវាកម្ម​បម្រើ​ដូច​សណ្ឋាគារ​ផ្សេងៗ​ដូច្នោះ​ដែរ​។ ភ្ញៀវ​នៅទីនេះ​ត្រូវបាន​ស្វាគមន៍​ជាមួយ​ភេសជ្ជៈ និង​អាហារ​ពេលព្រឹក​មួយឈុត​។ អំឡុង​ការ​ស្នាក់នៅ លោក Daniel Charbonnier នឹង​រស់នៅ​ផ្ទះ​ឈើ​នៅក្បែរនោះ ជា​កន្លែង​ដែល​គាត់​នឹង​រៀបចំ​អាហារ​ដោយ​រួមបញ្ចូល​ទាំង​អាហារ​ពេលព្រឹក​ដល់​កន្លែង​ភ្ញៀវ​ស្នាក់នៅ​តែម្តង​។​

​    ​ការ​ស្នាក់នៅ​មួយ​យប់​នៅ​ទីនោះ​មានតម្លៃ ២៦០ ដុល្លារ ដែល​នេះ​ពិតជា​ថ្លៃ​ណាស់ ប៉ុន្តែ​សណ្ឋាគារ Null Stern មិនបាន​ហាមឃាត់​អតិថិជន​មិនឱ្យ​កក់​ពេញ​ខែសីហា​ឡើយ​។ សណ្ឋាគារ​នេះ​បើក​អំឡុង​និ​ទាយខ​រដូវ​និង​រដូវ​ស្លឹកឈើ​ជ្រុះ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​មាន​សិទ្ធិ​លុបចោល​ការ​កក់​គ្រប់ពេលវេលា​ដោយសារ​អាកាសធាតុ​នៅ​ប្រទេស​ស្វ៊ី​ស​មិនសូវ​អំណោយផល​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់