adverise with khmeread 8e7de03e a81a 41d6 904f 46c2850d6c8c

ប្លន់​នុះ​ប្លន់​! ភ្ជង់​ប្លន់​គំរាម​បាញ់​អតីត​តារា​សម្តែង​ម្នាក់​ដល់​មុខផ្ទះ​តែម្តង​...យក​កាបូប​លុយ​សរុប​អស់​ជិត​១​ពាន់​ដុល្លារ​

    ភ្នំពេញ ៖ បន្ទាប់ពី​មាន​ករណី​ចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ តាំងពី​ក្បាល​ព្រលប់​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ឥឡូវនេះ​នៅវេលា​ម៉ោង​១ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ដំបូង​ឡើយ គឺមាន​ករណី​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ជិត​១​ពាន់​ដុល្លារ​ពី​ស្ត្រី​ម្នាក់​ដែលជា​អតីត​តារា​សម្តែង​ម្នាក់ ខណៈ​ជិះ​រថយន្ត​ដល់​ខាងមុខផ្ទះ​ទៅហើយនោះ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ស្ត្រី​រងគ្រោះ​មានឈ្មោះ​ ជុំ សុផាន់​នី អាយុ​៣១​ឆ្នាំ ជា​អតីត​តារា​សម្តែង ហើយ​សព្វថ្ងៃ​ធ្វើការ​នៅ​ខារ៉ាអូខេ​ទីក្រុង​មាស បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

    តាម​ការរៀប​ពី​ស្ត្រី​រងគ្រោះ​ទាំង​សភាព​ភ័យ​តក់ស្លុត​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​ចេញពី​ធ្វើការ​នៅក្នុង​ខារ៉ាអូខេ​ទីក្រុង​មាស ដោយបាន​ជិះ​រថយន្ត​កាមរី ពណ៌ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9430 ជិះ​បំណង​ត្រឡប់មកផ្ទះ​វិញ​។​

    ខណៈ​មកដល់​ខាងមុខផ្ទះ​ទៅហើយនោះ និង​កំពុង​រង់ចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ​ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​កាបូបស្ពាយ និង​បាន​អា​ម៉េ​បញ្ចូល​គ្រាប់​រកបាញ់​មកលើ​រូបគាត់​ថែមទៀត​ផង ដោយ​ឱ្យ​ដោះ​គ្រឿងអលង្ការ​តែ​សំណាង ល្អ​បាញ់​មិន​ចេញ ហើយក៏​ជិះ​គេចខ្លួនបាត់​តែម្តង​។​

    ក្រោយ​កើតហេតុ​បាន​ជិត​១​ម៉ោង​ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​មក​នាំ​ស្ត្រី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប។ ចំណែក​របស់​ដែល​បាត់បង់​មាន​ទូរស័ព្ទដៃ​៣​គ្រឿង គ្រឿងអលង្ការ ថវិកា​មួយចំនួន ដែល​សរុប​ជិត​១​ពាន់​ដុល្លារ​។​

    សូមបញ្ជាក់ថា ក្នុង​រយៈពេល​១​យប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​២​ករណី តែ​មិន​បង្កឱ្យមាន​ជនរងគ្រោះ​ណា​ម្នាក់​រងរបួស​នោះទេ។ ប៉ុន្តែ​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​អសកម្ម​របស់​សមត្ថកិច្ច​មូលដ្ឋាន មានការ​ធ្វេសប្រហែស​ឱ្យ​កើតមាន​ករណី​ប្លន់​ជា​ញឹកញាប់​នៅ​កន្លែង​ដដែលៗ ប្រហែលជា​ចោរ​មុខ​ដដែលៗ៕


adverise with khmeread

មតិយោបល់