adverise with khmeread Feature image100

លោកស្រី​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​ក​ទើប​ចូលកាន់​តំណែង​មិន​ដល់​មួយថ្ងៃ​ផង​ត្រូវ​ឃាតករ​មួយ​ហ្វូង​ចូល​បាញ់សម្លាប់​ដល់ផ្ទះ​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​សម្រុកចូល​ផ្ទះ​របស់​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​ក​ទើប​កាន់តំណែង​មួយរូប រួច​បាញ់សម្លាប់​លោកស្រី បន្ទាប់ពី​ឡើងកាន់តំណែង​ទើបតែ​បាន​ប៉ុន្មាន​ម៉ោង​។ 

​លោកស្រី​អភិបាលក្រុង Gisela Mota អាយុ ៣៣ ឆ្នាំ​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ឆ្វេងនិយម​កណ្តាល ត្រូវបាន​បាញ់​ស្លាប់​ក្នុងពេល​មិន​ដល់ ២៤ ម៉ោង​ផង​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Temixco ស្ថិតនៅ​ឆ្ងាយ​ពី​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ​ប្រមាណ ៩០ គីឡូម៉ែត្រ​។ 

​ទីក្រុង Temixco បាន​ញ៉ាំ​ញី​ទៅដោយ​បទឧក្រិដ្ឋ និង​ការជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ជា​បញ្ហា​មួយ​ដែល​អភិបាលក្រុង​ទើប​ទទួលមរណភាព​ទៅនេះ​បាន​ប្តេជ្ញា​ជួយ​បោ​សម្អាត​ឲ្យ​ទាល់តែ​អស់​។ 

​លោក Graco Ramirez អភិបាលរដ្ឋ Morelos បាន​មានប្រសាសន៍ថា ខ្មាន់កាំភ្លើង​សង្ស័យ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការបាញ់សម្លាប់​នេះ ហើយ​លោក​បាន​សន្យាថា​នឹងមិន​ឲ្យ​ពួកវា​រួច​ពី​ការដាក់ទោស​នោះឡើយ​។  

​គួររម្លឹកថា រដ្ឋ Morelos គឺជា​រដ្ឋ​មួយ​ដែល​ជួប​នូវ​អំពើហិង្សា​គ្រឿងញៀន​ខ្លាំង​បំផុត ក្នុងនោះ​រួមមាន​ទាំង​ការចាប់​ជំរិត និង​ការធ្វើឃាត​ផងដែរ​។ មនុស្ស​ប្រហែល​ជាង ១០០.០០០ នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ​នៅក្នុង​អំពើហិង្សា​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់