adverise with khmeread Untitled 1

កូរ៉េខាងជើង​ចោទ​អាមេរិក​ថា​ចង់​វាយប្រហា​រ​ដោយ​អាវុធ​នុយក្លេអ៊ែរ​មកលើ​ខ្លួន​ជាមុន​

    ​យោងតាម​វេ​ប​សាយ Channelnewsasia ចុះផ្សាយ​ថ្ងៃអាទិត្យ​នេះ​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​ចោទ​អាមេរិក​ថា​មាន​ផែនការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជាមុន​មកលើ​ខ្លួន បន្ទាប់ពី​អាមេរិក​ប្រកាសថា​ខ្លួន​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 មក​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ជា​លើកទីមួយ​ក្នុង​រយៈពេល ១ ទសវត្សរ៍​មកនេះ​។ 

​    ​យោធា​អាមេរិក​បាន​និយាយ​កាលពី​ខែ​មុន​ថា យន្តហោះ​យុទ្ធសាស្ត្រ​នេះ​គ្រោង​បញ្ជូនមក​ថ្ងៃ​សៅរ៍​ម្សិលមិញ​មកកាន់​កោះ Guam ដោយ​ចាត់ទុក​វា​ជា​ប្រតិបត្តិការ​ជា​ទម្លាប់​ប៉ុណ្ណោះ​។ 

​    ​ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​កូរ៉េខាងជើង​អនុវត្ត​ការសាកល្បង​នុយក្លេអ៊ែរ​ទី​បួន​របស់ខ្លួន​កាលពី​ខែមករា ជាមួយ​ការបាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​ជា​បន្តបន្ទាប់​តាំងពី​ខែ​នោះមក ដោយ​គ្រាប់​ចុងក្រោយ​បាន​ធ្លាក់ចូល​ដែនទឹក​ជប៉ុន​ជា​លើកទីមួយ​ក្នុង​រយៈពេល ២០ ឆ្នាំ​។ 

​    ​ព្យុងយ៉ាង​បាន​ចោទ​វ៉ាស៊ីនតោន​ថា "​កាន់តែ​បង្ហាញ​ចំណាត់ការ​ច្បាស់​ឡើង​ដើម្បី​ផ្តួលរំលំ​កូរ៉េខាងជើង (DPRK) តាមរយៈ​ការប្រមូលផ្តុំ​នូវ​អាវុធ​នុយក្លេអ៊ែរ​"​។ 

​    ​សេចក្តីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​នៅលើ​បណ្តាញ​ព័ត៌មាន​រដ្ឋ​កូរ៉េ​បាន​លើកឡើងថា "​ពួក​សត្រូវ​កំពុង​អួតអាង​ថា ពួកគេ​អាច​វាយប្រហារ​នុយក្លេអ៊ែរ​ជាមុន​មកលើ DPRK ដោយ​ទុកឱ្យ​យន្តហោះ B-1B ហោះ​រំលង​លើ​ឧបទ្វីប​កូរ៉េ​ក្នុង​រយៈពេល ២ ទៅ ៣ ម៉ោង​ក្នុងពេល​មាន​គ្រាអាសន្ន​។ ចំណាត់ការ​បង្អួត​កម្លាំង​នុយក្លេអ៊ែរ​របៀបនេះ​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា  ចក្រពត្តិនិយម​អាមេរិក​កំពុងមាន​ផែនការ​វាយប្រហារ​នុយក្លេអ៊ែរ​ជាមុន​មកលើ DPRK យ៉ាងច្បាស់​ក្រឡែត​"​។ 

​    ​កូរ៉េខាងជើង​បាន​គំរាម "​ធ្វើ​សកម្មភាព​ជាក់ស្តែង​" ជុំវិញ​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​អាមេរិក​ដ៏​ទំនើប​ក្នុង​កូរ៉េខាងត្បូង ដែល​គេ​ស្គាល់​ថា​ប្រព័ន្ធ THAAD​។​

​    ​ភាព​តានតឹង​រវាង​កូរ៉េ​ទាំងពីរ​ក៏​កំពុង​កើនឡើង​ផងដែរ​នៅមុន​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​កូរ៉េខាងត្បូង និង អាមេរិក​នៅ​ចុងខែ​នេះ​៕

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់