1

លេចឮដំណឹងថា ប៉ូលិសមណ្ឌលភូមិព្រៃល្វា សង្កាត់ចោមចៅ ផ្តល់ឱកាសឱ្យជនជាតិចិន ធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ភ្នំពេញ ៖ តើ​រឿងនេះ​វា​យ៉ាង​មិច​ដែរ​? បើតាម​ការលើកឡើង​និង​ភ្ញាក់ផ្អើល​តៗ​គ្នា​មួយ ក្នុង​បណ្តាញ​សង្គម Facebook។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ​ "​ស្មោះស្ម័គ្រ​" ដែល​បាន​បង្ហោះ​ហើយ​គេ​អាច​មើលឃើញ​នៅថ្ងៃនេះ។​

    លោក​ ស្មោះ ស្ម័គ្រ បាន​លើកឡើងថា ពេល​ថ្មីៗ​នេះ​ឱ្យដឹងថា នគរបាល​មណ្ឌល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្តល់​សិទ្ធិ​ឱ្យ​ស្ត្រីជន​ជាតិចិន និយាយ​ភាសា​ខ្មែរ អត់​ទាំង​ច្បាស់​ផង សូម្បីអាស័យដ្ឋាន​ខ្លួនឯងអត់​ដឹងអត់​ស្គាល់ តែមាន​ឱកាសធ្វើ​ប័ណ្ណគ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត សញ្ជាតិ​ខ្មែរ បាន​ដោយ​ងាយស្រួល គ្រាន់តែបំភ័ន្ត​ឈ្មោះ ប្តូរ​មក ឈ្មោះ​ជា​លំនាំ​ខ្មែរ និង​មានការ​ទទួលស្គាល់ ព្រមទាំងចុះហត្ថលេខាតាម​ឋានានុក្រម យ៉ាង​ស្រស់ស្អាត​បំផុត។​

    លោក​ ស្មោះស្ម័គ្រ បន្តថា ស្ត្រីជន​ជាតិចិន ត្រូវបាន​ប្តូរ​ឈ្មោះ លី រតនា ក្នុង​ឯកសារ កើត​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៨៤ ទីកន្លែង​កំណើត សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេស​កម្ពុជា។​

    ស្ត្រីជន​ជាតិចិន​ខាងលើ បាន​ចុះ​បញ្ចូល​ទៅក្នុង​សៀវភៅ​ស្នាក់នៅ ដែល​មេ​គ្រួសារ មានឈ្មោះ មាន ឡាក់​ឃាង ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ០៥- ០២- ១៩៧៩ ក្នុង​លេខ​រៀង​ទី​៥ បាន​បញ្ជាក់ថា ត្រូវជា​(​បងប្អូន​ជីដូនមួយ​)​ទៅវិញ។​

    លោក ​ស្មោះស្ម័គ្រ បន្តថា ការ​បែកធ្លាយ​រឿងរ៉ាវ​នេះ ខណៈ​ស្ត្រី​ជា​ជន​ជាតិចិន​បាន​យក​លិខិតបញ្ជាក់​អត្តសញ្ញាណ រួមមាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រ​បញ្ជាក់​កំណើត ទើប​បែកធ្លាយ រឿងរ៉ាវ​ទាំងអស់​នេះហើយ ទើប​រកឃើញថា ជា​ភាពមិនប្រក្រតី របស់​អ្នកផ្តល់សិទ្ធិ គឺ​ប៉ូលិស​មណ្ឌល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។​

    សូមបញ្ជាក់ថា ព្រោះតែ​នារី​ជា​ជន​ជាតិចិន​ខាងលើ​បាន​យក​លិខិត​ទាំងនេះ​ទៅធ្វើ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទើប​បែកធ្លាយ​និង​ហួសចិត្ត​ដោយសារ​និយាយ​ភាសា​ខ្មែរ​បាន​តិចៗ​ប៉ុណ្ណោះ។ (​ចុះ​រឿង​វៀតណាម​វិញ​មាន​ឬ​អត់​..?)​។​

    ជុំវិញ​ការលើកឡើង​ខាងលើ ខ្មែរ​រីដ រង់ចាំ​ទទួល​ការបំភ្លឺ​ពី​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​និង​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គ្រប់ពេលវេលា៕​

មតិយោបល់