adverise with khmeread 1

មាន​បញ្ហា​អ្វី​? ក្រោយ​ធ្វើតេស្ត​រួច ចិន​និយាយថា​រថយន្តក្រុង "​ជិះ​ច្រក​គៀវ​កណ្តាលផ្លូវ​" ទុក​សម្រាប់​វិស័យ​ទេសចរណ៍​ទេ​

    ​អាជ្ញាធរ​ក្នុង​ទីក្រុង Qinhuangdao បាន​និយាយថា រថយន្តក្រុង "​ជិះ​ច្រក​គៀវ​កណ្តាលផ្លូវ​" គឺ​ទុក​សម្រាប់​វិស័យ​ទេសចរណ៍​ជាជាង​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ការសង្ស័យ​ចំពោះ​សមត្ថភាព​របស់​រថយន្ត​អនាគត​មួយ​នេះ​។ 

​    ​រថយន្តក្រុង​ប្រវែង ២២ ម៉ែត្រ ដែល​ដងខ្លួន​របស់​វា​ចំកោង​លើផ្លូវ​ដើម្បី​ទុកឱ្យ​យានយន្ត​ផ្សេងទៀត​ធ្វើដំណើរ​កាត់​ពីក្រោម​វា បាន​សាកល្បង​បើក​លើ​ដងផ្លូវ​ជា​លើកដំបូង​នៅ​ទីក្រុង​ក្បែរ​ឆ្នេរសមុទ្រ​នេះ​។​

​    ​ប៉ុន្តែ​បណ្តាញ​ផ្សព្វផ្សាយ​ចិន និង​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន​បានចាប់ផ្តើម​ចោទ​ជា​សំណួរ​ជាច្រើន​ថា តើ​ឡានក្រុង​នេះ​នឹង​បត់​ចង្កូត​របៀប​ម៉េច​? រួច​ចុះ​អ្នកបើកបរ​ឡានតូចៗ​ជាច្រើន​នាក់​ទៀត​ដែល​ចុះ និង​ឡើង​ឡាន​នៅតាម​ផ្លូវ​វិញ​នោះ​យ៉ាងម៉េច​ទៅវិញ​? ហើយ​ចុះ​ឡានធំៗ​វិញ​ត្រូវ​បើកបរ​តាម​ច្រក​ណា​? 

​     របាយការណ៍​ព័ត៌មាន​ជាច្រើន​ថែមទាំង​បាន​អះអាងថា នេះ​គ្មានអ្វី​ក្រៅពី​ល្បិច​ដើម្បី​លក់​ផលិតផល​ដែល​បាន​ពី​ការ​រៃអង្គាស​លុយ​នោះឡើយ​។ 

​    ​ចំពេល​ដែលមាន​ការពិភាក្សា​ដ៏​ចម្រូងចម្រាស់ និង​ក្តៅគគុក​យ៉ាង​ផុសផុល​ពេញ​ប្រទេស​ចិន លោក Zhai Wen ប្រធាន​មន្ទីរ​សាធារណៈការ​នៃ​គណៈកម្មការ​អភិវឌ្ឍន៍ និង​កែទម្រង់​របស់​ទីក្រុង Qinhuangdao បាន​ប្រាប់​វិទ្យុ​ជាតិចិន (CNR) ថា ការធ្វើ​តេស្ត​សាកល្បង​រថយន្តក្រុង​ឈ្មោះ TEB-1 គ្រាន់តែ​អនុវត្ត​សម្រាប់ "​វិស័យ​ទេសចរណ៍​" ប៉ុណ្ណោះ​។ 

​    ​លោក Zhai Wen បាន​និយាយថា ការធ្វើ​តេស្ត​បានរៀបចំ​ឡើង​នៅលើ​ផ្លូវ​ហាយវ៉េ​ដែលមាន​ប្រវែង ៣០០ ម៉ែត្រ​នៅក្បែរ​ភូមិ Beidaihe​។ 

​    ​លោក Dong Xin ដែល​ជិះ​លើ​រថយន្តក្រុង​អំឡុង​ការធ្វើ​តេស្ត​នោះបាន​បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​វិទ្យុ CNR ដោយ​និយាយថា រថយន្តក្រុង TEB-1 បើកបរ​បានតែ​ប្រវែង ៥០ ម៉ែត្រ​ប៉ុណ្ណោះ និង​បើក​ក្នុង​ល្បឿន​យឺត​បំផុត​។ លោក​ថែមទាំង​រិះគន់​ទៀតថា ក្នុង​ឡាន​ក្តៅស្អុះ​ស្អាប់​ណាស់ ព្រោះ​គេ​មិន​បើក​ម៉ាស៊ីនត្រជាក់​ឱ្យ​។ 

​    ​យោងតាម​ក្រុមហ៊ុន TEB Tech ដែល​ផលិត​រថយន្ត​នេះ​បានឱ្យដឹងថា រថយន្តក្រុង "​ពេញលេញ​" មែនទែន​នឹងមាន​ប្រវែង ៦០ ម៉ែត្រ ទទឹង ៧,៨ ម៉ែត្រ និង​កម្ពស់ ៤,៨ ម៉ែត្រ​។ វា​អាច​ដឹក​អ្នកដំណើរ​បាន ១២០០ ទៅ ១៤០០ នាក់ និង​រត់​ក្នុង​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់