adverise with khmeread 1

ស្គាល់​មន្ត្រី​អាវុធហត្ថ​ ដែល​វាយដំ​នារី​ខារ៉ាអូខេ​អាយុ១៥ឆ្នាំ ដែល​មិន​ព្រមទៅ​ដេក​ជាមួយ​

    ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ខណ្ឌឫស្សីកែវ​ម្នាក់ ​ដែល​បាន​វាយដំ​មកលើ​នារី​ខារ៉ាអូខេ​២​នាក់​រងរបួស​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៥ ខែសីហា ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​នោះ ឥឡូវ​ពួកនាង​ស្គាល់ឈ្មោះ​ហើយ​។ ពួកនាង​សំណូមពរ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេត្តា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផង​។​

    បើតាម​សំដី​នារី​ជា​ជនរងគ្រោះ ដែល​ត្រូវ​មន្ត្រី​អា​វុ​ហត្ថ វាយ​២​ដៃ​ចំ​មុខ ឈ្មោះ មាន ស្រី​មាស ហៅ​ស្រី​មាស ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នក​បម្រើការ នៅក្នុង​ហាង​ខារ៉ាអូខេ រីករាយ​ស្ពាន​ខ្ពស់ ស្ថិតនៅ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ បានឱ្យដឹងថា មុនពេល​កើតហេតុ ជនបង្ក​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​អា​វុ​ហត្ថ ខណ្ឌ​ប្ញ​ស្សី​កែវ ឈ្មោះ សុក សុធា​រ៉ា អត្តលេខ 224779 បាន​ចូលមក ផឹកស៊ី​ក្នុង​ហាង​ខាងលើ មាន​គ្នា​៣​នាក់ ហើយ​បាន​ចូល​ផឹកស៊ី តាំងពី​ម៉ោង​៨​យប់ ថ្ងៃទី​៤ ខែសីហា រហូតទល់​ម៉ោង​១២ រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​៥ សីហា ដល់​ម៉ោង​បិទ​ហាង​ទើប​ឈប់​ផឹក។​

    នាង​បន្តថា ខណៈពេល ដែល​កំពុង​ផឹកស៊ី​ក្នុង​ហាងមន្ត្រី​អាវុធហត្ថ​នោះ បាន​បបួល​នារីជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់ទៀត ឈ្មោះ​ ថា បូ​ផាន់ ហៅ​ស្រី​នាង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទៅ​ដេក​ជាមួយពេល​ចប់​ម៉ោង។​

    នាង​បន្តទៀតថា ពេលដែល​ផឹកស៊ី រហូតដល់​ចប់​ម៉ោង​ធ្វើការ ហើយ​ជនបង្ក និង​មិត្ត​ភ​ក្កិ បាន​បែក​គ្នា​ទៅផ្ទះ​រៀងខ្លួន ដោយឡែក​ជនរងគ្រោះ ដើរ​ត្រឡប់ទៅផ្ទះ​វិញ ជាមួយ​អ្នកធ្វើការ​ជាមួយគ្នា ដែល​នៅផ្ទះ​ជិតគ្នា ចំនួន​៥​នាក់។​

    ពេល​ដើរ​ទៅជិត​ដល់ផ្ទះ​ហើយ ស្រាប់តែ​ជនបង្ក បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​តាម​ជនរងគ្រោះ ដោយ​ហៅ​ជនរងគ្រោះ​ឈ្មោះ ថា បូ​ផាន់ ឱ្យ​ទៅ​ដេក​ជាមួយ តែ​នាង​បានប្រកែក​ថា "​នាង​អត់​ទៅ​ទេ​"​។ ព្រោះ​នាង​មិនទាន់​គ្រប់​អាយុ​ផង ហើយ​នាង​នៅ​ក្រមុំ​ទៀត មិន​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ទេ​។​

    ប៉ុន្តែ​ជនបង្ក​នៅតែ​ជិះ​ម៉ូតូ​ដេញតាម ហៅ​និង​សួរ​ដដែល ធ្វើឱ្យ​ស្ត្រី ដែល​ដើរ​ជាមួយគ្នា​នោះ ធុញ​ពេក​ក៏​និយាយថា "​ម៉េច​ក៏​ពូ​ឯង នៅតែ​តាម​សួរ​គេ​ទៀត បើ​គេ​មិន​ព្រមទៅ​ជាមួយ​ហើយ"​។​

    ពេលនោះ​ស្រាប់តែ​ជនបង្ក កំពុងតែ​ស្រវឹង​ផងខឹង​ខ្លាំងពេក បាន​ចុះទៅ​វាយ ពួកនាង​ទាំង​៥​នាក់ បណ្តាល​ឱ្យជាំមុខ ជាំ​មាត់​២​នាក់ កុំ​តែ​ពួកនាង​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ ក៏ត្រូវ​អ្នកភូមិ​ជិត​១០០​នាក់ រត់ចេញ​ពីក្នុងផ្ទះ មកជួយ​អន្តរាគមន៍ បែរជា​ជនបង្ក​យក​លេស​ថា ក្រុម​ជនរងគ្រោះ លួច​លុយ​របស់គេ ទៅវិញ ព្រមទាំង​បាន​ហៅ​កម្លាំង​អាវុធហត្ថ ជាច្រើន​ម៉ូតូ មក​ដើម្បី​អន្តរាគមន៍ថែម​ទៀតផង និង​បាន​ឃាត់ខ្លួន សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ម្នាក់ ទៅ​សួរនាំ មួយសន្ទុះ​ទើប​ដោះលែងមកវិញ​។​

    ទង្វើ​ខាងលើនេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ខឹង​នឹង​ទង្វើ​របស់​មន្ត្រី​អាវុធហត្ថ ដែលជា​ជនបង្ក វាយដំ​លើ​ស្ត្រីភេទ ដោយសារតែ​ខឹង​គេ​អត់​ទៅ​ដេក​ជាមួយ ហើយ​បែរជា​បំភ្លៃ​សាច់រឿង​ថា ជា​រឿង​លួច​លុយ​របស់គេ ហើយ​ថែមទាំង​ចាប់ ជនរងគ្រោះ​ម្នាក់ទៀត ទើប​ប្រជាពលរដ្ឋ​រាយការណ៍ ទៅ​ប្រជា​ការពារ និង​ប៉ូលិស​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ចុះមក​ជួយ​អន្តរាគមន៍​។​

    ខណៈ​ប្រជា​ការពារ និង​សមត្ថកិច្ច​ចុះមក​ដល់ ឃើញ​ជនបង្កសុទ្ធតែជា​មន្ត្រី​អាវុធហត្ថ ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់ថា គាត់​ពុំមាន​លទ្ធភាព​ធ្វើ​ទេ ទុក​ឱ្យ​អាវុធហត្ថ​ជា​អ្នកដោះស្រាយ រួច​ហើយក៏​ត្រឡប់​ទៅវិញ​អស់។​

    ចំណែក​អាវុធហត្ថ មាន​មេបញ្ជាការ​អាវុធហត្ថ ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ គឺ​ដាក់​ចំពោះ​បុគ្គល​ដែលប្រព្រឹត្ត​ខុស មិនមែន​អង្គ​ភាពជា​អ្នកប្រព្រឹត្ត​ទេ​។​

    ដោយឡែក​ប្រជាពលរដ្ឋរឹតតែ​ខឹង ចំពោះ​សមត្ថកិច្ច ដែល​មិន​ជួយ​អន្តរាគមន៍ ពេល​ប្រជាពលរដ្ឋ មានរឿង​កើតឡើង តែបើ​ប្រជាពលរដ្ឋ​វាយ​សមត្ថកិច្ច​វិញ សូម្បីតែ​យប់​ម៉ោង​ប៉ុន្មាន ក៏​ចាប់​យកទៅ​ដោះស្រាយ​ទាំងយប់។ លុះ​ពេល​ប្រជាពលរដ្ឋ​មានរឿង​វិញ បែរជា​រង់ចាំ​ព្រឹកទើប​ដោះស្រាយ ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​ដោះស្រាយ​ទៀត ពេលដែល​ឃើញ​ជនបង្ក​ជា​អាវុធហត្ថ​ទៀត​នោះ។​

    ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​បានត្រឹមតែ​នាំគ្នា​ខឹង ចំពោះ​សមត្ថកិច្ច និង​អាវុធហត្ថ​ហត្ថ​គ្រប់គ្នា ចំណែក​ជនបង្ក បាន​ជិះ​ម៉ូតូ​ទៅជា​មួយ​អាវុធហត្ថ​បាត់ទៅ៕​

adverise with khmeread

មតិយោបល់