adverise with khmeread 1

ឃាត់ខ្លួន​សន្តិសុខ​រប​ស់​ក្រុមហ៊ុន​ឯកជន​មួយ​លួច​លុយ​ជាង​៤​ពាន់​ដុល្លារ​

    បាត់ដំបង ៖ សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​សង្ស័យថា បាន​លួច​លុយ​ជាង​៤​ពាន់​ដុល្លារ​ពី​ក្នុង​រថយន្ត​របស់​បុគ្គ​លិ​ក​ក្រុមហ៊ុន​បារី ​ហ្វី​ន ដែល​ចត​នៅ​កន្លែង​ក្រុមហ៊ុន ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​កាលពី​វេលា​ម៉ោង​៤ ​និង​៥២​នាទី ល្ងាច​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សេង គង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន ​GSS​។​ ជននេះ​ត្រូវបាន​ឃាត់ខ្លួន​នា​កន្លះ​ម៉ោង ក្រោយពី​ជនរងគ្រោះ​ឈ្មោះ ហ៊​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​បារី​ ហ្វី​ន ប្ដឹង​ចោទប្រកាន់ថា បាន​លួច​លុយ​ចំនួន ៤០០៩​ដុល្លារ​ពី​ក្នុង​កាប៊ីន​រថយន្ត​រប​ស់​ខ្លួន​ដែល​ចត​នៅ​កន្លែង​ក្រុមហ៊ុន​។​

    មន្ត្រី​អា​វុ​ធ​ហត្ថ​បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​យកទៅ​សួរនាំ ទើប​ជននេះ​សារភាព ហើយ​បានបង្ហាញ​កន្លែង​លាក់ទុក​លុយ​នោះ ថែមទាំង​បាន​ដកហូត​បានមក​វិញ​គ្រប់​ចំនួន​ផងដែរ​។​

    លោក ហ៊​ន សម្បត្តិ ជា​ម្ចាស់​លុយ​បាន​បំភ្លឺថា លុយ​ចំនួន​៤០០៩​ដុល្លារ​នេះ គឺ​ខ្លួន​ទើប​ប្រមូលបាន​ពី​ម៉ូយ​នានា​នៅតាម​បណ្ដា​ស្រុក បម្រុង​យកមក​ទូទាត់​ឱ្យ​ក្រុមហ៊ុន​។ លោក​បន្តថា លុយ​នោះ​ដាក់​ក្នុង​កាបូប រួច​ទុក​លើ​កៅអី​រថយន្ត​។​

    ពេល​ចូលដល់​ក្រុមហ៊ុន​ខ្លួន​បាន​ចត​រថយន្ត ហើយ​ចុះទៅ​រៀបចំ​អីវ៉ាន់​ខាងក្រោយ រួច​ដើរចូល​ទៅក្នុង​ក្រុមហ៊ុន ខណៈ​កញ្ចក់ទ្វារ​រថយន្ត​បើកចំហរ​។​ លុះ​ប៉ុន្មាន​នាទី​ក្រោយ ក៏​ចេញទៅ​យកលុយ​ពី​ក្នុង​រថយន្ត ដើម្បី​ទូទាត់​ឱ្យក្រុមហ៊ុន ក៏​បាត់​លុយ​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្ដង​។​

    លោក ហ៊​ន សម្បត្តិ បាន​បញ្ជាក់ថា បន្ទាប់ពី​បាត់​លុយ ខ្លួន​បានដាក់​ការសង្ស័យ​ទៅលើ​សន្តិសុខ​នោះ ព្រោះ​គ្មាន​មនុស្ស​ផ្សេង​ចេញចូល ឬ​នៅក្បែ​រថយន្ត​ក្រៅពី​សន្តិសុខ​នោះទេ តែ​ជននេះ​បាន​បដិសេធ​ចំពោះ​ការសង្ស័យ​នោះ​។ លោក​បាន​ឆែកឆេរ​លើ​ខ្លួន​សន្តិសុខ​នោះ តែ​រក​មិនឃើញ​លុយ​ឡើយ​។ លុះ​ពេល​ប្ដឹង​សមត្ថកិច្ច ទើប​ជននេះ​សារភាព​នៅពេល​ហៅ​ទៅ​សួរនាំ និង​ដកហូត​លុយ​បាន​គ្រប់​ចំនួន​វិញ​។​

    ជនសង្ស័យ​ឈ្មោះ សេត គង់ ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​ចំនួន​៤០០៩​ដុល្លារ នោះ​មែន ពេលដែល​ម្ចាស់​លុយ​នោះ​នាំគ្នា​ដើរចូល​ទៅក្នុង​ក្រុមហ៊ុន​។​ ក្រោយពី​លួចបាន ខ្លួន​យកលុយ​នោះ​ទៅ​លាក់​ក្រោម​ស្មៅ​នៅ​ខាង​ក្រៅរបង​ក្រុមហ៊ុន​ភ្លាមៗ​ដែរ តែ​ខ្លួន​បាន​នាំ​សមត្ថកិច្ច​ទៅយក​លុយ​នោះ​វិញ​គ្រប់​ចំនួន​ហើយ​។​

    សកម្មភាព​សន្តិសុខ​កំ​ហូ​ច​រូបនេះ បាន​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន ពេល​លូក​តាម​ប្រឡោះ​កញ្ចក់ យកលុយ​ពី​ក្នុង​កាប៊ីន​រថយន្ដ​ជា​ភស្ដុតាង​យ៉ាងច្បាស់​ក្រឡែត ទើប​ជននេះ​មិនអាច​ប្រកែក​បាន​។​

    ក្រោយពី​សារភាព​ជននេះ ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​បង្ហាញ​កន្លែង​លាក់​លុយ​ក្រោម​ស្មៅ ខាង​ក្រៅរបង​ក្រុមហ៊ុន​ភ្លាមៗ​ដែរ​។ លុយ​នោះ​រកឃើញ​វិញ​គ្រប់​ចំនួន ហើយ​លោក​មេបញ្ជាការ​ខេត្ត ក៏បាន​សម្រេច​ប្រគល់​ជួន​ជនរងគ្រោះ​វិញ​ភ្លាមៗ​ដែរ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សេត គង់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់