adverise with khmeread Unnamed %281%29

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​២៤​នាក់​ជាមួយ​គ្រឿងញៀន​ជាង​៣០០​កញ្ចប់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដ៏សកម្ម​ចំនួន​២៤​នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៨​ សីហា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​សហការ​ចាប់ខ្លួន​ជា​បន្តបន្ទាប​នា​ល្ងាច​ថ្ងៃទី​០៤ និង​ទី​៦​ ​ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​B1 ផ្លូវ​រថ​ភ្លើ​ង និង​ក្រោយ​ស្ថានទូត​បារាំង​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាង​៣០០​កញ្ចប់​តូចធំ​រួចមក។

    មន្ត្រី​អាវុធហត្ថ​រាជធានី​បានឱ្យដឹង​នៅវេលា​ម៉ោង​៨​ និង​១០​នាទី​ថ្ងៃទី​៨​ សីហា​ថា កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​លោក​អភិបាល គួច ចំ​រើន​ និង លោក​វរៈសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​បាន​ចំនួន​៨​នាក់ (​ស្រី​៣​នាក់​)​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ប្រតិបត្តិការ​ខាងលើនេះ​ សមត្ថកិច្ច​ដកហូតយក​បាន វត្ថុតាង​រួមមាន ថ្នាំញៀន ក្រាម​ព​ណ៌​ស​ថ្លា ចំនួន៨២​កញ្ចប់​តូច, ​ជញ្ជីង​សម្រាប់​ថ្លឹង ចំនួន​មួយ​, ម៉ូតូ ចំនួន​០២​គ្រឿង​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ កែវ​ជក់​ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន។

    នៅ​ថ្ងៃទី​៥​ សីហា​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​ និង​ថ្នាំ​១​កញ្ចប់​តូច​រួម​និង​សម្ភារៈ​ជក់​មួយចំនួនទៀត​។​

    នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ផ្ទះ​លេខ​១៩​អា និង​ផ្ទះ​លេខ​២៥ ផ្លូវ​រថភ្លើង (​រោងចក្រ​ឆ្នាំង​) កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ធានី​ភ្នំពេញ និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​អភិបាលខណ្ឌ គួច ចំរើន បានធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន​៥​នាក់ (​ស្រី​២) ដោយ​ដកហូត​បាន​វត្ថុតាង​រួមមានៈ​ក្រាម​ស​ថ្លា ចំនួន ២៣១​កញ្ចប់​តូច​(​ធំ​១) ម្សៅ​ម៉ត់​ពណ៌​ស ០១​កញ្ចប់​តូច​-​ជញ្ជីង​សំរាប់​ថ្លឹង ចំនួន​០៤​គ្រឿង​-​ម៉ូតូ ចំនួន​០៥​គ្រឿង​-​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយចំនួន​។

    នៅ​ល្ងាច​ថ្ងៃទី​៧​ សីហា​ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៨​នាក់ ​និង​ថ្នាំញៀន​២៤​កញ្ចប់​នៅក្រោយ​ស្ថានទូត​បារាំង​រួមជាមួយ​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

    ដូច្នេះ​សរុបមក​រយៈពេល​ប៉ុន្មា​ន​ថ្ងៃនេះ​កម្លាំង​អាវុធហត្ថ​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​២៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១១​នាក់ និង​ករណី​លួច ប្លន់ ០៥​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​សរុប​៣៤០​កញ្ចប់ ព្រមទាំង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព​ជាច្រើន​ទៀត ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦​នេះ៕

adverise with khmeread

មតិយោបល់