adverise with khmeread Featured china1

បុរស​ជន​ជាតិចិន​ម្នាក់នេះ​ប្រែ​ពី​មនុស្ស​គ្មាន​គោលដៅ​ច្បាស់លាស់​មកជា​មនុស្ស​ជោគជ័យ ដោយសារ​នារី​អ៊ុយ​ក្រែ​ន​ម្នាក់នេះ​

    ​បុរស​ជនជាតិ​ចិន​ម្នាក់​មកពី​ខេត្ត Chengdu ថ្មីៗ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​មួយ​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​លោក Mei Aicai ដែល​សរសេរ​អត្ថបទ​ប្លុក​នៅលើ​វេ​ប​សាយ Sina Weibo របស់​ចិន បានធ្វើឱ្យ​អ្នកអាន​ជនជាតិ​ចិន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់ពី​ចែកចាយ​សាច់រឿង​របស់គាត់​នៅលើ Weibo ដែល​ក្រោយមក​ត្រូវបាន​វេ​ប​សាយ​ជាច្រើន​សុំ​យកទៅ​ចុះផ្សាយ​បន្ត​នៅលើ​អន​ឡាញ​។​

​    ​លោក Mei បាន​ប្រាប់​រឿងរ៉ាវ​របស់គាត់​ថា គាត់​បាន​ចាក​ចេញពីផ្ទះ​សម្បែង​ក្នុង​ឆ្នាំ ២០០២ ដើម្បី​ទៅ​ទីក្រុង Kharkov ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ជាន់ខ្ពស់ ពីព្រោះ​តម្លៃ​សិក្សា​នៅ​ទីនោះ​មិនសូវ​ថ្លៃ​ទេ​។​

​    ​លោក​និយាយថា "​ទាល់តែ​បាន​ចាក​ចេញទៅ​ក្រៅប្រទេស​មើលឃើញ​ពិភពលោក​ទើប​ខ្ញុំ​ដឹងថា​ឪពុកម្តាយ​ខ្ញុំ​ជួប​ការលំបាក​បែបណា​។​សម្រាប់​ពីរ​ឆ្នាំ​ដំបូង របស់​ដែល​ខ្ញុំ​ទទួលទាន​ភាគច្រើន​គឺ​ដំឡូងបារាំង​និង​ស្ពៃក្ដោប ដែល​របស់​ទាំងពីរ​នេះ​គឺ​ថោក​ជាងគេ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ សម្រាប់​ឆ្នាំ​ដំបូង​ចេញ​ក្រៅប្រទេស អារម្មណ៍​ដែលមាន​គឺ​ភាព​ឯកា​និង​គ្មាន​អ្នក​ជ្រោមជ្រែង ហើយ​រៀងរាល់ថ្ងៃ​ខ្ញុំ​ចង់​ត្រឡប់ទៅផ្ទះ​វិញ​ខ្លាំងណាស់​។ នៅពេលនោះ ខ្ញុំ​មិនមាន​ទូរស័ព្ទ ឬក៏​កុំព្យូទ័រ​នោះទេ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​រហូតដល់​ចុង​សប្ដាហ៍​ដើម្បី​ទៅ​ហាង​អ៊ី​ន​ធឺ​ណេ​ត​សន្ទនា​ជាមួយ​គ្រួសារ​"​។​

​    ​លោក Mei ពិបាក​នឹង​រើស​ថ្នាក់​មហាវិទ្យាល័យ​ណាស់ ដោយសារ​គាត់​មិនចេះ​ភាសា​រុស្ស៊ី (​អ៊ុយ​ក្រែ​ន​និយាយ​រុស្ស៊ី​)​។ បន្ទាប់ពី​ចប់​ឆ្នាំ​មូលដ្ឋាន គាត់​បាន​ចូលរៀន​នៅ​សាលា​សិល្បៈ Kharkov of Fine Arts ។ លោក Mei បានត្រឹមតែ​ជា​និស្សិត ដែល​មិនអាច​គូរ​អ្វី​បាន​ទាំងអស់​។ គាត់​ក៏បាន​គេច​ថ្នាក់​នេះ​ជាច្រើន​ដង អំឡុងពេល​ឆមាស​ទី ១ ហើយ​បាន​នៅផ្ទះ​ជួល​លេង​វីដេអូ​ហ្គេម ឬក៏​ចេញទៅ​ហាត់ប្រាណ​ដើម្បី​លេង​ប៉េង​ប៉ុង​។​

​    ​តាមរយៈ​ការលេង​ប៉េង​ប៉ង គាត់​បាន​ជួប​នារី​ស្រស់ស្អាត​ម្នាក់​វ័យ ១៧ ឆ្នាំ​ជា​សិស្ស​វិទ្យាល័យ​ឈ្មោះ Dasha ដែល​ឥឡូវ​បាន​ក្លាយជា​ប្រពន្ធ​របស់គាត់​ហើយ​។​

​    ​លោក​បាន​និយាយថា "​នាង​ប្រហែលជា​ក្មេង​ពេក ប៉ុន្ដែ​សម្រស់​របស់​នាង​គឺ​ស្អាត​ពី​ធម្មជាតិ​ពិតៗ​។ នៅ​សាលា​នាង​គឺជា​សិស្ស​គំរូ​ជាមួយនឹង​ការសិក្សា​ពិន្ទុ​ល្អ ហើយ​នៅផ្ទះ​នាង​គឺជា​ប្រពន្ធ​ដ៏​ល្អ​មួយរូប រក្សា​ផ្ទះ​មាន​សណ្ដាប់ធ្នាប់ និង​ពូកែ​ធ្វើ​ម្ហូប​"​។​

​    ​ពេល​កំពុង​ទាក់ទង​គ្នា អនាគត​ប្រពន្ធ​របស់គាត់​បាន​លើកទឹកចិត្ត​គាត់​ឱ្យ​ចាក​ចេញពី​ការងារ​ជា​អ្នកបង្កើត​រូប​ចលនា ហើយ​មក​បើក​ជំនួញ​ដោយ​ខ្លួនឯង​វិញ​។ ហើយ​គាត់​ក៏បាន​ធ្វើតាម​នាង​ដោយ​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ដែល​នាំចេញ​នាំចូល​ទំនិញ​។​

​    ​Mei ឥឡូវ​ទទួលបាន​ជោគជ័យ និង​មាន​លុយ​ទិញ​ដី ៣០.០០០ ម៉ែត្រការ៉េ​សម្រាប់ធ្វើ​វីឡា​រស់នៅ​ទៀតផង​។​

​    ​លោក​បាន​និយាយថា "​មនុស្ស​ខ្លះ​គិតថា​ខ្ញុំ​ជា​អ្នក​ជោគជ័យ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុភមង្គល​បំផុត​ពី​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​បានមក​ផ្ទះ​រៀងរាល់ថ្ងៃ​ដើម្បី​បរិភោគ​អាហារ​ជុំគ្នា ហើយ​បន្ទាប់មក​ដើរលេង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​មួយ​នេះ​មាន​សុភមង្គល​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់