adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

គ្រូពេទ្យជនជាតិកូរ៉េខាងជើង២នាក់បានស្លាប់បន្ទាប់ពីផឹកស្រា២ថ្ងៃជាប់គ្នា

    ភ្នំពេញ ៖ គ្រូពេទ្យ​ជនជាតិ​កូរ៉េខាងជើង​នៃ​រដ្ឋ​កុំម្មុយនីស្ត​២​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​នាំគ្នា​ផឹក​គ្រឿង ស្រវឹង​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​សកល​២​ថ្ងៃ​ជាប់ៗ​គ្នា ។​
     ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២ មករា ២០១៦ នៅ​ចំណុច​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មួយកន្លែង​ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​២២​ផ្លូវ​លេខ​៥៩៤ ក្រុម​១៣ ភូមិ​៣ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក ។​
    របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​មាន ១-​ឈ្មោះ Anhwon Chanj ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​កូរ៉េខាងជើង មុខរបរ​គ្រូពេទ្យ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ កាន់​លិខិតឆ្លងដែន​លេខ 745230180​ចុះ​ថ្ងៃទី​០៣​មេសា​ឆ្នាំ​២០១៥ និង ២-​ឈ្មោះ​Rimun Chol ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​កូរ៉េខាងជើង មុខរបរ​គ្រូពេទ្យ​ស្នាក់នៅ​កន្លែងកើតហេតុ កាន់​លិខិត​ឆ្លង​745135005 ចុះ​ថ្ងៃទី​០៣​មីនាឆ្នាំ​២០១៥ ។ ចំណែក​ជនរងគ្រោះ​២​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​
    ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ជនរងគ្រោះ​ទាំង​៤​នាក់ រួមជាមួយ​មិត្តភក្តិ​ជា​ជនជាតិ​កូរ៉េខាងជើង​ដូចគ្នា​ប្រមាណ​ជា​១០​នាក់​បាននាំគ្នា​ផឹក​គ្រឿង​ស្រវឹង​ជប់លៀង​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ជាប់ៗ​គ្នា​២​យប់ គឺ​យប់​ថ្ងៃទី​៣១​ធ្នូ​២០១៥ រហូតដល់​ម៉ោង​៩​យប់​ថ្ងៃទី​០១​មករា​២០១៦ ទើប​ត្រឡប់មកផ្ទះ​វិញ ។​
    នៅពេល​ទៅដល់​ផ្ទះ​ពួកគេ​ផឹក​បន្តទៀត​ស្រាប់តែ​ម៉ោង​ប្រមាណ​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ មករា ២០១៦ ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន​។​ម្យ៉ាង​គាត់​មាន​ជំងឺ​គាំងបេះដូង​ផង ក៏​ឲ្យ​ប្រពន្ធ​ដែលជា​គ្រូពេទ្យ​ដូចគ្នា​ផ្សំ​ថ្នាំលេប និង​ចាក់​ថ្នាំ​ឲ្យ ។​រហូតដល់​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ​ក៏មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​រហូត​ស្លាប់​តែម្តង ។ ចំណែក​២​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​
    សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ​សព​ជនរងគ្រោះ​ទាំង​២​នាក់ ហើយ​បានធ្វើការ​អះអាងថា ជនរងគ្រោះ​ទាំង​២​នាក់​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​សព​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​តែម្តង ៕​

adverise with khmeread

មតិយោបល់