adverise with khmeread 1

បុរស​ម្នាក់នេះ​ត្រូវ ៥ គ្រាប់​អត់​ស្លាប់ ខណៈ​ការបាញ់សម្លាប់​កណ្តាលថ្ងៃត្រង់​កំពុង​បង្ក​ការព្រួយបារម្ភ​ក្នុងប្រទេស​ម៉ាឡេស៊ី​

     ករណី​ឃាតករ​បាញ់សម្លាប់​ជនរងគ្រោះ​នៅ​ទីសាធារណៈ​នាពេល​ថ្មីៗ​នេះ​កំពុង​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ក្នុងប្រទេស​ម៉ាឡេស៊ី​។ 

​    ​តាំងពី​ខែមករា​មក មាន​ករណី​បាញ់សម្លាប់ ១១ លើក​ទូទាំងប្រទេស ជាមួយ​មនុស្ស ៨ នាក់​ត្រូវបាន​សម្លាប់​។ ការធ្វើឃាត​បែប​អន្ធពាល​នេះ​ធ្វើឡើង​ផ្តោតលើ​បុគ្គល​ទាំងអស់ ជាមួយ​ករណី​ភាគច្រើន​គឺធ្វើឡើង​កណ្តាលថ្ងៃត្រង់​តែម្តង​។ 

​    ​កាលពី​ខែ​មុន ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​បាន​បាញ់ ៥ គ្រាប់​ចូល​រថយន្ត​ភ្នាក់ងារ​អចលនទ្រព្យ គឺ​លោកស្រី Datin Renyce Wong Siew Ling អាយុ ៣២ ឆ្នាំ ដោយបាន​ផ្តាច់ជីវិត​លោកស្រី​។ កូនស្រី​អាយុ ៨ ឆ្នាំ ដែល​រងគ្រោះ ២ គ្រាប់​ដែរនោះ នៅរស់​។ 

​    ​ក្នុងករណី​បាញ់ប្រហារ​មួយទៀត​កាលពី​ចុងខែ​កក្កដា​ដែល​គេ​ថត​បាន​ក្នុង​វីដេអូ​សុវត្ថិភាព បុរស​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​តាម​ពីក្រោយ​អ្នករកស៊ី​ចងការ​ម្នាក់​ឈ្មោះ V. Kandasamy អាយុ ៤៣ ឆ្នាំ ខណៈដែល​លោក​កំពុងបើក​រថយន្ត​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​    ​នៅពេល​លោក​ឈប់​នៅ​ស្តុ​ប​ដ៏​មមាញឹក​នៅ​ផ្លូវ​ប្រសព្វ​មួយ​ដែល​ព័ទ្ធ​ជុំជិត​ដោយ​ម៉ូតូ​និង​ឡាន បុរស​ពីរ​នាក់​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ឈរ​សងខាង​រថយន្ត មុនពេល​បាញ់ ១៦ គ្រាប់​សម្លាប់​លោក Kandasamy តែម្តង​។ 

​    ​អ្នកលេង Facebook ឈ្មោះ Azmi Hassan បាន​និយាយថា "​នេះ​ពិតជា​គួរឱ្យខ្លាច​ណាស់​។ បុរស​ទាំងពីរ​នេះ​ឈរ​ឆ្វេង​ស្តាំ​បាញ់​ចូល​ឡាន​តែម្តង​"​។ 

​    ​ហើយ​កាលពី​ខែមិថុនា បុរស​ម្ចាស់​ក្រុមហ៊ុន​ម៉ាស្សា​អាយុ ៤០ ឆ្នាំ​មួយរូប​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់រះ ៥ គ្រាប់​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ តែ​សំណាងល្អ លោក​គ្រាន់តែ​រងរបួស មិន​ដល់​ថ្នាក់​ស្លាប់​ទេ​។ 

​    ​ប៉ូលិស​បាន​និយាយថា ពួកគេ​កំពុង​យកចិត្តទុកដាក់​ខ្លាំងណាស់​អំពី​ករណី​ធ្វើឃាត​នេះ និង​កំពុង​ព្យាយាម​ធានា​សុវត្ថិភាព​តាម​ព្រំដែន​ម៉ាឡេស៊ី​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​អាវុធ​ខុសច្បាប់​៕

​ប្រភព​៖  straitstimes

adverise with khmeread

មតិយោបល់