2

ចាប់បានឃាតករម្នាក់សម្លាប់ក្មេង៣នាក់

    សៀមរាប ៖ រយ​:​ពេល​តែ​១៣​ម៉ោង​ប៉ុណ្ណោះ​ប៉ូលិស​ស្រុក​អង្គរជុំ​ឃាត់​បាន​ឃាតករ​ម្នាក់ បន្ទាប់ពី​សម្លាប់​កុមារ​៣​នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​តែ​រត់​មិន​រួច​ពី​កណ្តាប់ដៃ​សមត្ថកិច្ច​។​
   លោក​វរសេនីយ៍ត្រី ម៉ាន់ សុខា​ត់ អធិការ​ប៉ូលិស​ស្រុក​អង្គរជុំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែ មករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១២​ថ្ងៃត្រង់ មាន​ករណី ឃាតកម្ម​គិតទុក​មុន កើតឡើង​នៅ​ចំណុច ក្នុងព្រៃ​ផ្លូវ​ទៅ​ចំការ ខាងកើត​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ចម្ងាយ​ប្រមាណ ១៥​គី​ឡួ​ម៉ែត្រ បណ្តាល​ឲ្យ ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​មានឈ្មោះ ទី​១-​អ៊ាង សួយ ភេទ​ប្រុស អាយុ ៨​ឆ្នាំ នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង​ទី​២-​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ និង​ទី​៣- ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទ​ប្រុស នៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​
   អំពើ​ឃាត​កម្មនេះ​គឺ ដោយសារ​ជនដៃដល់​បាន​ស្ទា​ក់កាប់​ទៅលើ​ជនរងគ្រោះ ចំនួន ០៣​នាក់ ហើយ​យក​ម៉ូតូ​១​គ្រឿង​របស់​ជនរងគ្រោះ​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ប៉ៃលិន 1A -6878 ជិះ​គេចខ្លួន ។​
     លោក​វរសេនីយ៍ត្រី ម៉ាន់ សុខា​ត់ បន្តថា បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម លោក​បាន​ចាត់តាំង​កម្លាំង​ប៉ូលិស​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រហូត​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនដៃដល់ ឈ្មោះ ឈន់ ឆេន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ដកហូត​វត្ថុតាង​បាន ម៉ូតូ​ចំនួន​០១​គ្រឿង​ជា​របស់​ជនរងគ្រោះ និង​កាំបិត​ខ្វែវ​ចំនួន​០១​របស់​ជនសង្ស័យ នៅ​ចំនុច​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។​
     បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក អង្គរជុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

មតិយោបល់