Boxerassault

ឆ្លៀត​ស៊ី​ក្រៅ​! អ្នក​ប្រដាល់​ណា​មី​ប៊ី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​បៀតបៀន​ផ្លូវ​ភេទស្ត្រី​អ្នកបម្រើ​

    ​ប៉ូលិស​ប្រេ​ស៊ី​ល​បាន​ចាប់ខ្លួន​អ្នក​ប្រដាល់​អាយុ ២២ ឆ្នាំ​ម្នាក់​ជនជាតិ​ណា​មី​ប៊ី​ពីបទ​សង្ស័យ​ប៉ុនប៉ង​បៀតបៀន​ផ្លូវភេទ​អ្នកបម្រើ​ក្នុង​បន្ទប់​មួយ​នៅ​ភូមិ​អូឡាំពិក​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​ជា​អ្នក​ប្រដាល់​ទី​ពីរ​ហើយ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាក់ទិន​នឹង​បទចោទប្រកាន់​បែបនេះ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​។ 

​    ​កីឡាករ Jonas Junius ដែល​កំពុង​ប្រកួតប្រជែង​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល តាម​ការចោទប្រកាន់ បាន​ចាប់​ស្ត្រី​អ្នកបម្រើ ហើយ​ព្យាយាម​ថើប​នាង​។ 

​    ​ប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កីឡាករ​រូបនេះ​ក៏​សង្ស័យ​ផ្តល់​លុយ​ឱ្យ​អ្នកបម្រើ​រូបនោះ​ដើម្បី​រួមរក្ស​ទៀតផង​។ ស្ត្រី​អ្នកបម្រើ​នោះបាន​រាយការណ៍​ឧបទ្ទវ​ហេតុនេះ​ទៅ​ប៉ូលិស​។​

​    ​ក្រុម​អ្នករៀបចំ​កីឡា​អូឡាំពិក​បានបញ្ជាក់​អំពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​និយាយថា វា​កំពុង​ស្ថិតក្នុង​ដៃ​ប៉ូលិស​។ 

​    ​លោក Mario Andrada អ្នកនាំពាក្យ​ឱ្យ​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦ បាន​និយាយថា "​ច្បាប់​ប្រេ​ស៊ី​ល​ត្រូវតែ​គោរព​។ អ្វីដែល​យើង​ត្រូវ​ធានា​ឱ្យបាន​គឺថា រាល់​នីតិវិធី​ច្បាប់​កំពុង​ត្រូវបាន​អនុវត្ត ហើយ​យើង​ជឿជាក់ថា​នីតិវិធី​ទាំងនោះ​ពិតជា​កំពុង​អនុវត្ត​"​។ 

​    ​កាលពី​សប្តាហ៍​មុន អ្នក​ប្រដាល់​ម៉ា​រ៉ុ​ក Hassan Saada ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​បៀតបៀន​ផ្លូវ​ភេទស្ត្រី​អ្នកបម្រើ​ក្នុង​បន្ទប់​ពីរ​នាក់​នៅ​ភូមិ​អូឡាំពិក​៕

ប្រភព៖ Straitstimes

មតិយោបល់