adverise with khmeread 1

រថយន្ត​ដឹក​កម្មករ​បើក​ប្រជែង​គ្នា​បុក​គ្នា​ពីក្រោយ​របួស​កម្មការិនី​១២​នាក់​

    ស្វាយរៀង ៖ មានកម្ម​ការិនី​ប្រមាណ​១២​នាក់​រងរបួស​ធ្ងន់​ស្រាល​ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​មកកាន់​មន្ទី​ពេទ្យ គ្រា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​រវាង​រថយន្ត​ដឹក​កម្មករ​ដូចគ្នា​បុក​គូទ​ពីក្រោយ​ទិសដៅ​ស្របគ្នា​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន តុង ស្ថិតនៅ​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

    លោក ​អ៊ុច សារ៉ន នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក ​HYUNDAI ចំណុះ​២​តោន​កន្លះ​ពណ៌​ខៀវ ស្លាកលេខ​កំពង់ធំ​ 3A-0272 បើកបរ​ដោយ​ឈ្មោះ ​នួន ម៉ុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​កម្មករ រស់នៅ​ភូមិ​ក្រ​ញ៉ូ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច។​

    លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក ​HYUNDAI ចំណុះ៥​តោន ស្លាកលេខ​ស្វាយរៀង ​3A-1459 ពណ៌​ស  បើកបរ​ដោយ​ឈ្មោះ ​រស់ សំអាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​កម្មករ រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង  ទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច​តែម្ដង​។​

    លោក ​អ៊ុច សារ៉ន​ បន្តថា ពេលនោះ​បណ្ដាលឱ្យ​កម្មការិនី​នៅលើ​រថយន្ត​ពាក់​ស្លាក​លេខ​កំពង់ធំ​ 3A-0272 រងរបួស​ចំនួន​១២​នាក់ ក្នុងនោះ​របួសធ្ងន់​៤​នាក់  ស្រាល​៨​នាក់​។​

    ក្រោយពេល​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់​។ បច្ចុប្បន្ន​អ្នករបួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តស្វាយរៀង ។ ដោយឡែក​របួសស្រាល​កំ​ពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​។​

    វត្ថុតាង​រថយន្ត​មួយគ្រឿង​ខូច​ធ្ងន់ធ្ងរ​រក្សាទុក​នៅ​ភូមិ​ថ្នល់ជាតិ និង​មួយគ្រឿង​ទៀត ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្វាយទាប ដើម្បី​បំពេញ​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់។​

    ប៉ូលិស​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​រថយន្ត​ម៉ាក ​HYUNDAI ស្លាក​លេខ​កំពង់ធំ ​3A-0272​ បើកបរ ជែង​គ្មាន​សណ្តាប់ធ្នាប់​ក្នុងស្ថានភាព​មាន​គ្រោះថ្នាក់ មិន​គោរព​ច្បាប់​ចរាចរណ៍​៕

adverise with khmeread

មតិយោបល់