adverise with khmeread Unnamed %281%29

វាយ​ប្លន់​យកទូរស័ព្ទ​ពី​ព្រះសង្ឃ​ក្នុងវត្ត​ស្ទឹងមានជ័យ​...បាបកម្ម​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ សហការ​ជាមួយ និង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​ជនសង្ស័យ​រូបនេះ​បាន​ប្រើប្រាស់​ដំបង​ឈើ​ជ្រុង និង​ដុំថ្ម ទៅធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង ពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង៤ និង១០​នាទី​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    មន្ត្រីប៉ូលិស​បានឱ្យដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ព្រំ ឆៃ អាយុ១៨​ឆ្នាំ មានមុខ​របរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​បាន​ប្រើប្រាស់​ដំបង​ឈើ​ជ្រុង និង​ដុំថ្ម ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​នោះ​។​

    ចំ​ណែ​ក​ព្រះសង្ឃ​ដែល​រងគ្រោះ​មាន​ទី​១-​ព្រះនាម រស់ វិ​ឆុង ព្រះជន្ម១៦ព្រះវស្សា និង ទី​២-​ព្រះនាម ឈិន សីហា ព្រះជន្ម១៨​ព្រះវស្សា ទាំងពីរ​អង្គ​គ​ង់​នៅ​កុដិ៍​លេខ១៣ ក្នុង​វត្ត​ស្ទឹងមានជ័យ​ជាមួយគ្នា ហើយ​ទូរស័ព្ទដៃ​ទាំងពីរ​គ្រឿង​ដែល​ត្រូវបាន​ជនសង្ស័យ​វាយ​ប្លន់​យកទៅ​បាត់​នោះ​គឺ​ម៉ាក​សាំ​ស៊ុ​ង ពណ៌​ខ្មៅ មួយគ្រឿង និង​ម៉ាក​ណូគារ​អិន​ចុច​អិ​ល​មួយគ្រឿង​។​

    ប៉ូលិស​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង១១ និង១៥​នាទី​ព្រឹក ថ្ងៃទី០៩ សីហា ​ឆ្នាំ២០១៦  ខណៈពេល​ដដែល​ព្រះសង្ឃ​រងគ្រោះ​ទាំងពីរ​អង្គ​ត្រឡប់​មកពី​បិណ្ឌ​បាត្រ និង​នាំគ្នា​កំពុង​អង្គុយ​រាប់​ប​ច្ច័យ​ក្នុង​កុដិ៍​នោះ ក៏ត្រូវ​បាន​បុរស​ជា​ជនសង្ស័យ​ខាងលើ​បាន​យក​ដំបង​ឈើ​ជ្រុង​មក​វាយ​ពីក្រោយ​ចំ​ព្រះសង្ឃ​មួយអង្គ​ បណ្តាលឱ្យ​បាក់ដំបងជាពីរ និង យក​ដុំថ្ម​មក​គំរាម​ទារ​យក​ទូរស័ព្ទដៃ​ទាំងពីរ​គ្រឿង​យកទៅ​បាត់​តែម្តង​។​

    ក្រោយពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ​ទាំងពីរ​អង្គ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ និង​ធ្វើការ​ស្រាវជ្រាវ​ឈានទៅដល់​ការឃាត់ខ្លួន​បានតែ​ម្តង​។ ទូរស័ព្ទ​នោះ​ត្រូវបាន​ជនសង្ស័យ​យកទៅ​លក់បាន​ប្រាក់ ​ចំនួន១២​ម៉ឺន​រៀល​។​

    បន្ទាប់មក​ប៉ូលិស​បាន​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​ចា​ត​ការបន្ត​៕

adverise with khmeread

មតិយោបល់