ភ្នំពេញ ៖ មេការស្រីរកស៊ីផ្លូវភេទ នាំភ្ញៀវ និងអ្នកកូនចៅទៅវ៉ៃសិចសរុប១៤នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៩ សីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០១E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ បើកហាងម៉ាស្សាកាត់សក់យីហោរ ស្មីបាន់ធា ដែលបង្កប់លួចលាក់សេវារួមភេទ។
ប៉ូលិសនិយាយថា ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស្នងការប៉ូលិសរាជធានីភ្នំពេញ និងក្រោមការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ ឃាត់មនុស្ស១៤នាក់។
ប៉ូលិសបន្តថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងប៉ូលិសបានធ្វើការឃាត់ខ្លួនមនុស្ស១៤នាក់ រួមមាន ម្ចាស់ហាង ឈ្មោះ ចាន់ ធា ភេទ ស្រី អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទ ចំនួន២នាក់។
ប៉ូលិសបន្តថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា "តើបងចង់ម៉ាស្សាទេ" បើចង់ចូលទៅបន្ទប់ខាងក្រោយ។ ប៉ុន្តែមិនមែនជាការម៉ាស្សាឱ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង៕
