adverise with khmeread Unnamed %282%29

ពី​ជនរងគ្រោះ​...​ក្លាយជា​អ្នកទោស​!

    ភ្នំពេញ​ ៖ យុវជន​កំហូច​ម្នាក់​យក​ម៉ូតូ​ទៅ​លក់​សោះ​បានមក​ប្ដឹង​ប៉ូលិស​ថា​ចោរប្លន់​យក​ម៉ូតូ​ទីបំផុត​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ រួច​បង្ហាញ​មុខជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​១០ ​សីហា ​ឆ្នាំ​២០១៦​ នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​និយាយថា យុវជន​ម្នាក់​ដែល​បាន​ប្ដឹង​ប៉ូលិស​ព្រហ្មទណ្ឌ ប៉ុស្ដិ៍​ចោមចៅ ថា​ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ កាលពី​៣​ថ្ងៃមុន​នោះ ឥឡូវ​បាន​បែកធ្លាយ​ពី​គំនិតអាក្រក់​របស់ខ្លួន​ហើយ ដោយ​ការពិត​គ្មាន​សកម្មភាព​ប្លន់​ណាមួយ​កើតឡើង​នោះឡើយ​។​

    ប៉ូលិស​បន្តថា ជន​នោះ​ចាញ់ល្បែង និង​ខាតបង់​ក្នុង​ការរកស៊ី​នៅតាម​ប្រព័ន្ធ​អន​ឡាញ អស់​លុយ​ពី​ខ្លួន​ក៏បាន​យក​ម៉ូតូ​ទៅ​លក់​យកលុយ ហើយ​ដើម្បី​កុំ​ឱ្យមានការ​ស្ដី បន្ទោស​ពី​ម្ដាយ​របស់ខ្លួន ទើប​ប្រឌិត​រឿង​ចោរប្លន់​ម៉ូតូ​នេះ​ឡើង។ ប៉ុន្តែ​អ្វី​ដែលជា​ទង្វើ​អាក្រក់​មិនអាច​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច​បានឡើយ ទីបំផុត​ត្រូវ​រកឃើញ​ពី​ល្បិចកល​នោះ ហើយ​រូបគេ​ក៏បាន​ក្លាយខ្លួនជា​អ្នកទោស​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ខាងលើ ក្រោម​ការដឹក​នាំ ដោយ​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ និង​មានការ​ការអញ្ជើញ​ចូលរួម ដោយ​លោក សង ហ៊ាង ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ស​ន្និសិទ​សារព័ត៌មាន បង្ហាញមុខ​ជនកំហូច នៅក្នុង​ផ្នែក​ព្រហ្មទណ្ឌ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បីឱ្យ​សាធ​រណៈ​ជន​បានដឹង​។​

    លោក​អធិការ​បាន​ថ្លែងឱ្យដឹងថា ជនកំហូច​នោះ​ឈ្មោះ រីតា ព​ណ្ណា​រាយ អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រឌិត​រឿង​ថា ត្រូវ​ចោរ​ប្រដាប់អាវុធ​មាន​គ្នា​៤​នាក់​ជិះ ម៉ូតូ​២​គ្រឿង​និង​អាវុធខ្លី​២​ដើម ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AY-4444 ក្នុងខណៈ​ពេលដែល​រូបគេ​ជិះ​ម៉ូតូ ចេញពី​កន្លែងធ្វើការ​ឆ្ពោះទៅ​ផ្ទះ​វិញ កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ ដល់​ត្រង់ចំណុច​ជិត​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​។​

    លោក​អធិការ​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ថា​មាន​ចោរប្លន់​បែបនេះ កម្លាំង​របស់លោក បានចេញ​អន្តរា​គម​ន៏​ភ្លាមៗ ប៉ុន្តែ​រក​ចោរ​មិនឃើញ​នោះឡើយ។ លុះដល់​ថ្ងៃទី​៨ ខែសីហា ក៏បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ទាំង​២​នាក់ គឺ​១,​ឈ្មោះ​ ហុង វណ្ណា ​ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​មុខរបរ​ទិញ​លក់​ម៉ូតូ​នៅតាម​ផ្លូវ​ស្នាក់​នៅផ្ទះ​១១ ​ផ្លូវ​១០៧​ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​ និង​ទី​២​ឈ្មោះ ​សុង  សុជាតិ ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​មុខរបរ​ទិញ​លក់​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​៤៨៥ ​ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ​។​

    បន្ទាប់មក​បាន​ដកហូត​បាន​ម៉ូតូ​មកវិញ​ពី កុងស៊ីបញ្ចាំ​ម៉ូតូ ប្រាក់​ម៉ាលី ដែលមាន​ទីតាំង ស្ថិតនៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ក្រោយមក​បាន​នាំទៅ​សាកសួរ ទើប​ដឹងថា​អ្នក​ទាំង​២​ជា​ជនរងគ្រោះ​ដែរ ដោយ​ពួកគាត់​គឺ​បាន ទទួល​ទិញ​ម៉ូតូ​នោះ​មាន​ឯកសារ​និង​លេខ​ទូរស័ព្ទ ត្រឹមត្រូវ​ពី​ឈ្មោះ រីតា ព​ណ្ណា​រាយ ទើប​លោក​បញ្ជា​ឱ្យ។ ​ហើយកម្លាំងឃាត់ខ្លួន​ម្ចាស់​ម៉ូតូ​ដែល​ដាក់ពាក្យ​ប្ដឹង​នោះ​សាកសួរ ហើយ​ក៏បាន​ធ្លាយ​រឿង​ពិត ថា​ខ្លួន​យក​ម៉ូតូ​ទៅ​លក់ ព្រោះតែ​ចាញ់ល្បែង និង​ការរកស៊ី លក់​ផលិតផល​ថ្នាំដុសធ្មេញ តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​ខាតបង់ ហើយ​ខ្លាច​ម្ដាយ​ស្ដីបន្ទោស ទើប​ប្រឌិត​រឿង​ថា​ត្រូវ​ចោរប្លន់​បែបនេះ​៕

adverise with khmeread

មតិយោបល់