adverise with khmeread 1

កីឡាករ​យានយន្ត​កម្ពុជា​៤​រូប​គ្រោង​ចេញទៅ​ប្រកួត Asia Cross Country Rally 2016 ចេញដំណើរ​ពី​ថៃ​និង​បញ្ចប់​នៅ​កម្ពុជា​

    ​កីឡាករ​យានយន្ត​កម្ពុជា​ចំនួន​៤​នាក់​នឹងត្រូវ​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ប្រណាំង​រថយន្ត Asia Cross Country Rally 2016 ដែល​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ មក​បញ្ចប់​ទី​នៅ​ខេត្ត សៀមរាប ប្រទេស​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​    ​អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​, លោក ហូ សិទ្ធិ​គន្ធ ថ្លែងថា ឆ្នាំនេះ​ជា​លើក​ទី​៤ ហើយ ដែល​ព្រឹត្តិការណ៍​ថ្នាក់​ទ្វីប​មួយ​នេះ ប្រកួត​ឆ្លងកាត់​ទឹកដី​ប្រទេស​កម្ពុជា​។ កីឡាករ​៤​នាក់ ដែល​នឹងត្រូវ​ចូលរួម​ប្រកួត​នោះ គឺ​ពីរ​នាក់​ប្រកួត​លើ​ប្រភេទ​កីឡា​ប្រណាំង​ម៉ូតូ និង​ពីរ​នាក់​ទៀត​ប្រណាំង​រថយន្ត​។​ ម្នាក់​ជា​អ្នក​បើកឡាន​ម្នាក់​ជំនួយ​ការមើល​ផែនទី​។ ក្រៅពី​កីឡាករ ក៏មាន​ឡាន​ផ្គត់ផ្គង់​ចល័ត និង​ក្រុមការងារ​ផ្សេងគ្នា​រវាង​ក្រុមការងារ​ប្រណាំង​ឡាន និង​ម៉ូតូ​ផងដែរ​។ 

​    ​លោក​បន្ថែមថា ការប្រកួត​កីឡា​ប្រណាំង​រថយន្ត​មាន​ចម្ងាយ ២៤០០​គីឡូម៉ែត្រ​ដែល​ចេញដំណើរ​ពី​ប៉ា​តា​យ៉ា​ឆ្ពោះទៅ​ឈុន​បូរី មាន​ចម្ងាយ​២២០​គីឡូម៉ែត្រ ហើយពី​ឈុន​បូរី​មក​កោះកុង មាន​ចម្ងាយ​៨៥​គីឡូម៉ែត្រ ហើយ​បន្ត​ពី​ខេត្តកោះកុង​ទៅ​ខេត្ត​ព្រះសីហនុ ១៥០​គីឡូម៉ែត្រ ហើយ​បន្ត​ពី​ព្រះសីហនុ​មក​ភ្នំពេញ ១៤០​គីឡូម៉ែត្រ​រួច​បន្តដំណើរ​ការប្រកួត​ពី​ភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប​។ ដោយឡែក​សម្រាប់​ផ្នែក​ប្រណាំង​ម៉ូតូ​មាន​ចម្ងាយ​៨៣០​គីឡូម៉ែត្រ​។ ការប្រកួត​កីឡា​ប្រណាំង​រថយន្ត​នេះ ផ្នែក​ម៉ូតូ​មិនមាន​ការកំណត់​ទេ​កម្លាំង​ម៉ាស៊ីន​ឡើយ ខណៈ​ផ្នែក​រថយន្ត​មាន​៤​ប្រភេទ​កម្លាំង​ម៉ាស៊ីន សម្រាប់​ឲ្យ​ជ្រើសរើស​។​

​    ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ខាងលើ​មាន​ឡាន​ប្រណាំង ២៤​គ្រឿង ម៉ូតូ​ប្រណាំង ៤៥​គ្រឿង​ឡាន​ផ្គត់ផ្គង់​ចល័ត​ចំនួន ៤៧​គ្រឿង​។ ចំនួន​អ្នកចូលរួម​សរុប​ប្រមាណ​ជិត​៣៥០​នាក់​៕​

adverise with khmeread

មតិយោបល់