adverise with khmeread 1

ប្រកាស​បើក​ការប្រកួត​ពានរង្វាន់ Futaba Futsal រដូវ​កាល 2016

    ​ការប្រកួត​កីឡាបាល់ទាត់​ហ្វូ​ត​សាល ដណ្តើមពាន​រង្វាន់​ក្រៅ​អាជីព ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា Futaba Futsal Cup 2016 ដែលមាន​១៦​ក្រុម​ចូលរួម​ប្រជែង​ម្ចាស់​ជើងឯក​នោះ បានប្រកាស​បើក​ជា​ផ្លូវការ​ហើយ កាលពី​ម្សិលមិញ នៅ​ទីលាន Futaba ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​កីឡាករ​ដ៏​ល្បីល្បាញ​២​រូប​របស់​កម្ពុជា គឺ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា គួច សុ​គុ​ម្ភៈ និង​ចាន់ វឌ្ឍនាកា ក៏បាន​បង្ហាញ​វត្តមាន និង​ចូលរួម​ចែក រំលែក​បទពិសោធន៍​ក្នុងឱកាស​បើក​ការប្រកួត​នេះ​ទៀតផង​។​

​    ​លោក ច្រឹ​ក ផល្លី អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​ដឹងថា គោលបំណង​ចម្បងៗ​នៃ​ឆន្ទៈ​ក្នុងការ​បង្កើត ពាន​មួយ​នេះ គឺ​ដើម្បី​បើកឱកាស​ដល់​យុវជន​នានា​ឲ្យ​ចូលរួម​ប្រជែង​សមត្ថភាព​លេង​បាល់ទាត់​ជា​ក្រុម និង រំលែក​ពេលទំនេរ មកលេង​កីឡា​ជៀសវាង​អំពើ​អបាយមុខ​ផ្សេងៗ ដែល​សង្គម​មិន​ត្រូវការ​។ ក្រៅពីនេះ​ក៏​ដើម្បី​ឲ្យ​យុវជន​លេង​កីឡា​ដើម្បី​សុខមាលភាព មិត្តភាព និង​សាមគ្គីភាព​ជាមួយ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​បន្ថែមទៀត ជាពិសេស​ក៏មាន​ទិសដៅ​រួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ហ្វូ​ត​សាល នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់​តែមាន​សកម្មភាព​ផុសផុល​ឡើង​គ្រប់ទិសទី​ផងដែរ​។​

​    ​លោក ច្រឹ​ក ផល្លី អះអាងថា ការប្រកួត​នេះ​ត្រូវបាន​ចែកចេញជា​២​ពូ​ល គឺ​ពូ​ល​អេ និង​ពូ​ល​ល​ប៊ី ដោយ​ក្នុង​១​ពូ​លៗ​មាន​៨​ក្រុម​ស្មើៗ​គ្នា​។ បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល​រួចរាល់​ហើយ គឺ​៤​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹងត្រូវ​កក់​កៅអី​សម្រាប់​វគ្គ​បន្តទៀត ហើយ​គេ​នឹង​ជ្រើសរើស​យកតែ​២​ក្រុម​សម្រាប់ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Futaba Futsal Cup រដូវ​កាល ២០១៦​នេះ មាន​ប្រាក់រង្វាន់​ដែល ត្រៀម​ទុក​នោះ គឺ​ក្រុម​ម្ចាស់​ដំណែង​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ និង​មេដាយមាស​១៨​គ្រឿង អមដោយ​ប្រាក់រង្វាន់ ចំនួន​២​លាន​រៀល ខណៈ​ជើងឯក​រង មេដាយប្រាក់​១៨ ១​លាន​រៀល អមដោយ​ប្រាក់រង្វាន់ ១​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ មេដាយសំរិទ្ធ អមដោយ​ទឹកប្រាក់ ៥០​ម៉ឺន​រៀល ចំណែកឯ​ក្រុម Fair Play ២០​ម៉ឺន​រៀល​, កីឡាករ​ស៊ុត​ចូល​ច្រើនជាងគេ ១២​ម៉ឺន​រៀល​, កីឡាករ​លេង​ល្អ ១២​ម៉ឺន​រៀល និង​អ្នកចាំទី​ល្អ ១២​ម៉ឺន​រៀល​ដូចគ្នា​ផងដែរ​៕​

adverise with khmeread

មតិយោបល់