adverise with khmeread 1

​ស្នេហា​ភេទ​ដូចគ្នា​! សុំ​មិត្តស្រី​រៀបការ​លើ​ទីលានកីឡា​ដូច​ក្នុង​រឿងកុន​

    ​នាង​ប្រហែលជា​មិនអាច​ឈ្នះ​មេដាយ​កីឡា​អូឡាំពិក​មែន ប៉ុន្តែ​អត្ត​ព​លិ​ក​កីឡា​បាល់ឱប នាង Isadora Cerullo បានឈ្នះ​របស់​សំខាន់​មួយ​ជាស្រេច​គឺ​បេះដូង​របស់​មិត្តស្រី​ខ្លួន​នាង Marjorie Enya ពេលដែល​នាង​បាន​យល់ព្រម​សំណើសុំ​រៀបការ​ពី​មិត្តស្រី​របស់ខ្លួន​ក្នុង​ទីក្រុង​រី​យ៉ូ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​Cerullo វ័យ ២៥​ឆ្នាំ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​អត្ត​ព​លិ​ក​បាល់ឱប​នារី​តំណាងឱ្យ​ប្រទេស​ប្រេ​ស៊ី​ល ដែល​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​ប្រាំបួន​ក្នុង​ប្រភេទ​វិញ្ញាសា​ដែល​បាន​ចូលរួម​ថ្មី​ជាងគេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​

​    ​បន្ទាប់ពី​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ Enya ដែលជា​អ្នកគ្រប់គ្រង​ម្នាក់​ចាត់ចែង​ការប្រកួត​នេះ បាន​ចាប់យក​ទីលាន​ប្រកួត​ដើម្បី​ប្រកាស​ដំណឹង​ដ៏​រំភើប​មួយ​ក្នុង​ជីវិត​របស់​នាង​។​

​    ​ខណៈដែល​ក្បាល​មីក្រូហ្វូន​នៅក្នុង​ដៃ និង​ប៉ោងៗ​រូប​បេះដូង​ហោះ​ក្បែរ នាង Enya វ័យ ២៨​ឆ្នាំ បាន​សុំ​នាង Cerullo រៀបការ​ជាមួយ​នាង​។

​    ​Enya បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ BBC ថា "​ការប្រកួត​អូឡាំពិក​អាច​មើលទៅ​ដូចជា​ទំនង​នឹង​បញ្ចប់ ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​គឺជា​ការចាប់ផ្តើម​ជីវិត​ថ្មី​មួយ​ជាមួយនឹង​មនុស្ស​ម្នាក់​។ ខ្ញុំ​ចង់បង្ហាញ​មនុស្ស​ថា​ក្តី​ស្រឡាញ់​គឺជា​ជ័យជម្នះ​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់