adverise with khmeread Feature image

មេដៃ​រឹង​ឬ​ទន់​អាច​បង្ហាញ​ពី​ដំណើរ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​បាន​

    ​ភាព​ទន់​របស់​មេដៃ​អាច​ចង្អុលបង្ហាញ​ឲ្យ​ដឹងថា តើ​លោក​អ្នកនឹង​អាច​ផ្លាស់​ប្តូរជីវិត​បានល្អ​ប្រសើ​រ​បាន​កម្រិតណា​។ វា​បង្ហាញថា​លោកអ្នក​មាន​ភាព​រឹងទទឹង និង​មាន​ភាពបត់បែន​របៀប​ណា​ចំពោះ​គំនិត និង​ជំនឿ​ក្នុង​ការផ្លាស់​ប្តូរជីវិត​។​
​    ​
​    ​ខាងក្រោម​នេះ​គឺជា​របៀប​ពិនិត្យមើល​៖
​    ​បន្ធូរ​មេដៃ ហើយ​យកដៃ​មួយ​ម្ខាង​ចាប់​បង្វិល​ចុង​មេដៃ​នោះ​ដើម្បី​មើលថា​តើ​វា​ទន់​ឬក៏​រឹង ហើយ​កាច់​ចុង​មេដៃ​នោះ​ថយក្រោយ​មើលថា​តើ​វា​កោង​ឬក៏​ត្រង់​។

​    ​១. ប្រសិនបើ​មេដៃ​ទាំងមូល​ទន់​អាច​ពត់ពេន​បាន និង​មិន​រឹង​ពេល​បង្វិល នោះ​វា​នឹង​បង្ហាញថា​លោកអ្នក​មិនចេះ​ជំទាស់​នឹង​ការផ្លាស់​ប្តូរជីវិត​នោះឡើយ​។     ​លោកអ្នក​អាចធ្វើ​ការកែប្រែ​ជីវិត​បាន​យ៉ាង​ងាយស្រួល និង​ពុំ​សូវ​ចេះ​ខ្វល់ខ្វាយ និង​កើត​ស្ត្រេ​ស​អ្វី​ទាំងអស់​។ លោកអ្នក​អាច​សម្រេចបាន​លទ្ធផល​ល្អ​ក្នុង​ជីវិត​យ៉ាង​ស្រួល​តាមរយៈ​ការចេះ​បត់បែន​ក្នុងពេល​ជួបចរចា​ឬ​ប្រាស្រ័យ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​។ ឥរិយាបថ​មិនចេះ​ខ្វល់​ច្រើន​របស់លោក​អ្នក​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន ដែល​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​លោកអ្នក​ឱ្យ​ជោគជ័យ​។ រឿង​មួយ​រឹតតែ​ពិសេស​គឺថា លោកអ្នក​មិនចាំបាច់​ខំប្រឹង​ពេក​ក៏​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ជីវិត​ដែរ​។
​    ​ប្រសិនបើ​តំបន់​ចុង​មេដៃ​អាច​បត់​មក​ក្រោយ​កោង វា​បង្ហាញថា​លោកអ្នក "​អាច​បក​ត្រឡប់មក​ក្រោយ​វិញ​" ដើម្បី​បំពេញចិត្ត និង​ជួយ​យឺត​យោង​ដល់​អ្នកដទៃ​។ លោក​អ្នកជា​មនុស្ស​ពូកែ​សម្របសម្រួល​ឲ្យ​គេឯង​សុខសាន្ត ពូកែ​ចរចា និង ជា​អ្នកតំណាង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ដ៏​ប៉ិនប្រសព្វ​។ លោក​អ្នកមាន​សន្តាន​ចិត្តល្អ ហេតុនេះហើយ​វា​បានធ្វើឱ្យ​លោកអ្នក​ក្លាយជា​មនុស្ស​រាង​ខ្ជះខ្ជាយ​បន្តិច​ជាមួយ​លុយកាក់​។
​    ​ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ក្រុម​នេះ លោកអ្នក​ត្រូវតែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​រឿង​ខ្ជះខ្ជាយ​ជាមួយ​លុយកាក់ ពេលវេលា និង​ថាមពល​ផ្ទាល់ខ្លួន​សម្រាប់តែ​អ្នកដទៃ​។ លើសពីនេះ​ទៀត លោកអ្នក​គួរ​ធ្វើការ​ផង​និង​លេង​ផង​ឱ្យ​ស្មើ​ដៃ​គ្នា ព្រោះ​វា​ជា​វិធី​មួយ​ជួយ​ឱ្យ​លោកអ្នក​សម្រេចបាន​លទ្ធ​ផល​អស្ចារ្យ​ក្នុង​ជីវិត និង​ជួយ​ឱ្យ​រាងកាយ​មាន​សុខ​ភាពល្អ​ថែមទៀត​។

រូបទី១៖ បង្ហាញ​ពី​មេដៃ​អាច​បង្វិល​បាន​យ៉ាង​ងាយស្រួល​និង​មិន​រឹង ហើយ​ចុង​មេដៃ​អាច​បត់​កោង​មក​ក្រោយ​បាន

​    ​២. ប្រសិនបើ​មេដៃ​ទាំងមូល​មាន​សភាព​រឹង​ពេល​បង្វិល​ចុះឡើង វា​បង្ហាញថា​លោក​អ្នកជា​មនុស្ស​អភិរក្ស ពូកែ​ប្រយ័ត្នប្រយែង ពូកែ​ទំនុកបម្រុង និង​ពូកែ​ប្រឆាំងនឹង​របៀប​ថ្មី​ក្នុងការ​បញ្ចេញ​ឥរិយាបថ និង​បំពេញការងារ​រកស៊ី​។ លោកអ្នក​មិនចេះ​សម្រប​ខ្លួន​ទៅតាម​ការផ្លាស់ប្តូរ​ងាយៗ​នោះទេ​។
​     ប្រសិនបើ​តំបន់​ចុង​មេដៃ​មិនអាច​បត់​មក​ក្រោយ​ឱ្យ​កោង វា​មានន័យថា លោកអ្នក​ចង់​ជម្នះ​ធ្វើ​រឿង​អ្វីមួយ​តាមរបៀប​របស់លោក​អ្នក​។ លោកអ្នក​ក៏​ចូលចិត្ត​ជំទាស់​ទៅនឹង​គំនិត​លើកឡើង​របស់​អ្នកដទៃ​ផងដែរ សូម្បី​នៅពេលដែល​ដំបូន្មាន​ដ៏​មាន​អត្ថន័យ​នោះ​អាច​នឹង​តម្រែតម្រង់​លោកអ្នក​ឲ្យ​ឆ្ពោះទៅរក​ដំណោះស្រាយ​ល្អប្រសើរ​ក៏ដោយ​។ ប្រសិនបើ​ម្រាមដៃ​ទាំងអស់​រឹង​ព្រម​គ្នា​ជាមួយនឹង​ចុង​មេដៃ​ដ៏​រឹង​ដែរនោះ គេ​អាច​នឹង​ហៅ​លោកអ្នក​ថា​ជា "​មនុស្ស​ក្បាលរឹង​" ទៀតផង​។ មិន​ថា​មេដៃ​របស់​លោកអ្នក​រឹង​កម្រិតណា​ទេ គឺថា​ក្នុង​ចិត្ត​របស់​លោកអ្នក​តែងតែមាន​ហេតុផល​ល្អជា​និច្ច​ចំពោះ​របៀប​ជម្រើស​រើស​ដំណើរ​ជីវិត​របស់​លោកអ្នក ហើយ​វា​ជាហេតុ​ផល​ល្អ​មួយ​ជួយ​លោកអ្នក​ឱ្យទទួល​បាន​នូវ​អ្វីដែល​លោកអ្នក​ចង់បាន​នាពេល​បច្ចុប្បន្ន​។
​    ​ដំបូន្មាន​សម្រាប់​មនុស្ស​ដែលមាន​មេដៃ​រឹង​គឺ​ត្រូវ "​ចេះ​សម្រប​កាយ​សម្រប​ចិត្ត​", "​ចេះ​បំភ្លេច​និង​អធ្យាស្រ័យ​" និង​ត្រូវ​ចេះ​រីករាយ​នឹង​វិធី​ថ្មី​ដែល​ធ្វើឱ្យ​ជីវិត​បានល្អ​ប្រសើរឡើង​៕

រូបទី២៖ បង្ហាញ​ពី​មេដៃ​មិន​ងាយ​បង្វិល​ទៅវិញទៅមក​បាន និង​ចុង​មេដៃ​មិនអាច​ពត់​កោង​មក​ក្រោយ​បាន​

adverise with khmeread

មតិយោបល់