adverise with khmeread Unnamed %283%29

អាវុធហត្ថ​ប្រឆាំង​ការជួញដូរ អនុវត្ត​នីតិវិធី​បាន​៤​លើក​រយៈពេល​១​ខែ​

    ភ្នំពេញ ៖ បទល្មើស​ព្រហ្មទណ្ឌ​រួមមាន​ទាំង​បទល្មើស​ម​ជ្ឈឹ​ម និង​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ចំនួន​៧​លើក សម្រាប់​រាជធានី​ភ្នំពេញ គិត​ចាប់តាំងពី​ថ្ងៃទី​៥ ​ខែកក្កដា ​រហូតដល់​ថ្ងៃទី​៥ ​ខែសីហា ​ឆ្នាំ​២០១៦ ​ដែល​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​បានធ្វើការ​បង្ក្រាប​ និង​ចាប់​ជនសង្ស័យ​រួមទាំង​វត្ថុតាង បញ្ជូនទៅ​សាលាដំបូង​និង​សម្របសម្រួល​បាន​៤​ករណី​។​

    លោក​វរៈសេនីយ៍ សេន កូ​ម៉ុន នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស​​ និង​ការពារ​អនីតិជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១០ ​សីហា​នេះ​ថា សម្រាប់​នៅ​រាជធានី​គិត​រយៈពេល​១​ខែ​ពេញ​បទល្មើស​ព្រហ្មទណ្ឌ ​និង​បទល្មើស​ម​ជ្ឍឹ​ម​បទល្មើស​ឧក្រិដ្ឋ​បានកើត​ឡើង​៧​លើក  ក្នុងនោះ បទល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន​២​បណ្តឹង​,​ ប្រព្រឹត្ត​អំពើហិង្សា​និង​គំរាម​សម្លាប់​១​បណ្តឹង​,​ រំលោភ​លើ​កិច្ចសន្យាការងារ​និង​បង្ខាំង​ទីតាំង​អាជីវកម្ម​១​បណ្តឹង ​(​មិន​ជាក់ស្តែង​),​ ការនាំ​ទំនិញ​ចេញ​មិន​ស្របច្បាប់​១​បណ្តឹង​ (​មិន​ជាក់ស្តែង​), ​ធ្វើ​ទារុណកម្ម​១​បណ្តឹង និង ករណី​ប្រើ​ហិង្សា​បណ្តាលឱ្យ​រលូត​កូន​មួយ​បណ្តឹង ​(​ជាក់ស្តែង​)។​

    លោក​វរៈសេនីយ៍ សេន កូ​​ម៉ុ​ន បន្តថា ជា​លទ្ធផល​សមត្ថកិច្ច​ បាន​អនុវត្តបាន​៤​ករណី​និង​បន្ត​អនុវត្ត​៣​ករណី។ ពាក់ព័ន្ធ​ករណី​អំពើ​ធ្វើ​ទារុណកម្ម​លើ​កុមារ សមត្ថកិច្ច​បាន​ឃាត់​ស្ត្រី​ម្នាក់​បញ្ជូនទៅ​តុលាការ ដែល​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​កុមារី​ម្នាក់នោះ។ ករណី​ប្រើ​ហិង្សា​បណ្តាលឱ្យ​រលូត​កូន​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់ ​(​ប្រុស​ម្នាក់​-​ស្រី​ម្នាក់​)​ ទៅ​តុលាការ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​ស្ត្រី​ម្នាក់​រលូត​កូន​ និង​កុមារ​ម្នាក់​ជា​អនីតិជន។ ករណី​រំលោភ​សេព​សន្ធ​វៈ​ឃាត់​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ និង​មួយ​ករណី​ទៀត​សម្របសម្រួល​ដក​ពាក្យបណ្តឹង​មួយ​ករណី។​

    លោកនាយ​ការិយាល័យ​បន្តថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​បានចេញ​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ ​និង​អន្តរជាតិ ​និង​គណៈប្រតិភូ​នានា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជាពិសេស អនុវត្តន៍​បទបញ្ជា​ចំណុច​ខ្ពស់​ត្រៀម​ការពារ​បង្ការ​ទប់​ស្កាត់​បង្ក្រាប​បាតុកម្ម​ខុសច្បាប់​ដែល​បង្កឡើង​ដោយ​ក្រុមប្រឆាំង​និង​ក្រុម​ញុះញង់​ខុសច្បាប់​បង្កចលាចល​ដល់​សង្គម។​

    សម្រាប់​ទិសដៅ​អនុវត្ត​បន្ត​កម្លាំង​ជំនាញ ផ្អែក​តាម​ទិសដៅ​ណែនាំ​ដ៏ម៉ឺងម៉ាត់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់បំផុត៕

adverise with khmeread

មតិយោបល់